ខ្មែរ​ពីរ​រូប​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស

Posted by: | Posted on: September 13, 2011

ថ្ងៃអង្គារ, 13 ខែកញ្ញា 2011
ខ្មែរ​ពីរ​រូប​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស

ដោយ គង់ ​សុឋានរិទ្ធ​ វីអូអេ ​ខ្មែរ​ | ភ្នំពេញ

រូបថត៖ AP
លោក​ ព្រែត អាដាមស៍​ (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Rights Watch) ប្រចាំ​អាស៊ី​​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​​ឆ្នាំ​២០០៦។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​នេះ​ថា ខ្លួន​នឹង​ផ្តល់​ពានរង្វាន់​ដល់​ពលរដ្ឋ​កម្ពុជា​​​ពីរ​រូប​ ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​បង្ហាញ​ទស្សនៈ​របស់​​ខ្លួន​សម្រាប់​បម្រើ​ឲ្យ​សិទ្ធិ​មនុស្ស។

«រង្វាន់​នេះ ​ជា​ការ​លើក​ទឹក​ចិត្ត​ធំធេង​បំផុត​សម្រាប់​ខ្ញុំ​ សម្រាប់​ការ​រួម​ចំណែក​ក្នុង​ការ​តស៊ូ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ របស់​ខ្ញុំ»។​

ប្រជាពលរដ្ឋ​កម្ពុជា​ពីរ​រូប​នឹង​ទទួល​ពានរង្វាន់​សម្រាប់​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ថ្ងៃពុធ​ស្អែក​នេះ​នៅ​​ទីក្រុង​បាងកក​ ប្រទេស​ថៃ។​ នេះ​ជា​ពានរង្វាន់​ ហេល្លមែន ហាមេ្មត្ត (Hellman Hammett) ដែល​នឹងត្រូវ​ប្រគល់​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។

លោក​ ហង្ស ចក្រា​ និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់ស្រុក​ ដែល​ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ក្នុង​រដ្ឋាភិបាល​ និង​ព្រះ​តេជគុណ លួន សាវ៉ាត​ ត្រូវ​បណ្ដេញ​ចេញ​ពី​ វត្ត​លង្កា​ ក្រុង​ភ្នំពេញ​ ដោយសារ​តែ​ព្រះ​តេជគុណ​បាន​និមន្ដ​ចូល​រួម​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​ប្រឆាំង​នឹង​ការ​បំពាន​យក​ដីធ្លី។ បុគ្គល​ទាំង​ពីរ​រូប​គឺ​ជា​ជ័យលាភី​ពានរង្វាន់​នេះ។

លោក​ ហ្វ៊ីល រ៉ប៊តសិន (Phil Robertson) នាយក​រង​នៃ​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​ប្រាប់​ វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​ថា​ ពលរដ្ឋ​កម្ពុជា​ទាំង​ពីរ​រូប​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​បង្ហាញ​ទស្សនៈ​របស់​ ខ្លួន​សម្រាប់​បម្រើ​ឲ្យ​សិទ្ធិ​មនុស្ស។

«ពិត​ហើយ​ករណី​ព្រះ​តេជគុណ​ លួន សាវ៉ាត​ ទាក់ទង​នឹង​ការ​រឹបអូស​យក​ដីធ្លី​ ហើយ​ដែល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ស្ថិត​នៅ​ក្នុង​រឿង​នោះ។​ រីឯ​លោក​ ហង្ស ចក្រា​ ទាក់ទង​នឹង​រឿង​អំពើ​ពុករលួយ​ ហើយ​ជា​ការ​ពិត​គាត់​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ដោយសារ​ការ​និយាយ​អំពី​ទស្សនៈ​របស់​គាត់​ និង​ដោយ​មិន​ព្រម​បង្ហាញ​ប្រភព​ក្នុង​អត្ថបទ​របស់​គាត់។​ ដូច្នេះ​នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​ប្រឈម​ចំពោះ​ការ​កាត់ទោស​សម្រាប់​ទស្សនៈ​របស់​ពួក​គេ»។

លោក​ ហង្ស ចក្រា​ អាយុ​៥៧ឆ្នាំ​ ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០០៩​ ឲ្យ​ជាប់​ពន្ធធានាគារ​ រយៈពេល​មួយឆ្នាំ​ បន្ទាប់​ពី​លោក​បាន​ផ្សាយ​នូវ​អត្ថបទ​ស្តីពី​ការ​ចោទប្រកាន់​ទៅ​នឹង​អំពើ​ពុករលួយ​ ដែលពាក់​ព័ន្ធ​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ សុខ ​អាន។​ រី​ឯ​ព្រះតេជគុណ ​លួន​ សាវ៉ាត​ ព្រះជន្ម​ ៣៣​ព្រះ​វស្សា ​ត្រូវ​សម្តេច​ព្រះ​សុមេធាធិបតី ​នន្ទ​ ង៉ែត ​ព្រះ​សង្ឃ​នាយក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដាក់​ពិន័យ​មិន​ឲ្យ​គង់​នៅ​ក្នុង​វត្ត​លង្កា ​ហើយ​សម្តេច​ព្រះសុមាធាធិបតី​ ក៏​បាន​ដាក់​បម្រាម​ដល់ទី​អារាម​វត្ត​ផ្សេង​ទៀត​ មិន​ឲ្យ​ទទួល​ព្រះតេជគុណ​ លួន​ សាវ៉ាត​ គង់​នៅ។

ជ័យលាភី​កម្ពុជា​ ទាំង​ពីរ​រូប​ឋិត​នៅ​ក្នុង​ចំណោម​ជ័យ​លាភី​ចំនួន​ ៤៨​រូប​ របស់​អង្កការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ​២០១១។​ ជ័យ​លាភី​ចំនួន​៣៣​រូប​ឋិត​នៅ​ក្នុង​អាស៊ី​ភាគ​បូព៌ា​ ដែល​ក្នុង​នោះ ​១២​រូប​ មក​ពី​ឥណ្ឌូនេស៊ី ​១០​រូប​មក​ពី​ចិន​ ៨​រូប​មក​ពី​វៀតណាម​ ២​រូប​មក​ពី​​ថៃ ​និង​ជ័យលាភី​ ១​រូប​មក​ពី​ម៉ាឡេស៊ី។

លោក​ ហង្ស ចក្រា ​បាន​សម្តែង​សេចក្តី​រីករាយ​ ចំពោះ​ការ​ទទួល​ពានរង្វាន់​នេះ​ ដោយ​លោក​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ជ័យជម្នះ​ក្នុង​អាជីព​របស់​លោក។

«រង្វាន់​នេះ ​ជា​ការ​លើក​ទឹក​ចិត្ត​ធំធេង​បំផុត​សម្រាប់​ខ្ញុំ​ សម្រាប់​ការ​រួម​ចំណែក​ក្នុង​ការ​តស៊ូ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​សារព័ត៌មាន​របស់​ខ្ញុំ។​ គេ​បាន​សម្លឹង​ឃើញ​ថា​ ការ​តស៊ូ​បញ្ចេញ​មតិ​របស់​ខ្ញុំ​នេះ​ គឺ​ដើម្បី​សមធម៌​ និង​សង្គមធម៌ ​នៅ​ក្នុង​សង្គម​កម្ពុជា​តែ​ប៉ុណ្ណោះ ​បាទ!​ ហើយ​ ខ្ញុំ​គិត​ថា​នេះ​ ជា​ជោគជ័យ​មួយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ក្នុង​អាជីព​សារព័ត៌មាន»។

ការ​ប្រគល់​ពានរង្វាន់​ ការ​ប្រគល់​ពានរង្វាន់​ ហេល្លមែន ហាមេ្មត្ត ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩​ បន្ទាប់​ពី​អ្នក​និពន្ធ​អាមេរិក​ ដ៏​ល្បីល្បាញ​មួយ​រូប​ ដែល​ធ្លាប់​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​គឺ​លោក​ស្រី ​លីល្លាន ហាមេ្មត្ត (Lillian Hammett) បាន​សម្រេច​ចិត្ត​ចែក​មរតក​ ដែល​ជា​អចលនទ្រព្យ​របស់​លោក​ស្រី​សម្រាប់​ជា​ជំនួយ​ហិរញ្ញវត្ថុ​ ទៅ​ដល់​អ្នក​និពន្ធ​នា​នា​នៅ​ក្នុង​ពិភព​លោក​សម្រាប់​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ​ ហើយ​ពានរង្វាន់​ ដែល​រៀប​ចំ​ដោយ​អង្កការ​ឃ្លាំមើល​សិទ្ធិមនុស្ស នេះ​ មាន​ទឹក​ប្រាក់​ចាប់​ពីប្រាំរយ​ដុល្លារ​អាមេរិក​ រហូត​ទៅ​ដល់​មួយ​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ ហង្ស ​ចក្រា ​និពន្ធ​នាយក​ខ្មែរ​ម្ចាស់​ស្រុក​ មាន​ប្រសាសន៍​ថា​ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន​​នៅ​កម្ពុជា​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​នៅ​ឡើយ។​ ព្រះតេជគុណ ​លួន​ សាវ៉ាត ​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយសារ​ព្រះតេជគុណ ​បាននិមន្ត​ទៅ​ក្រៅ​ប្រទេស។​ ក៏ប៉ុន្តែ​ ហ្វ៊ីល រ៉ប៊តសិន មាន​ប្រសាសន៍​ថា ​ព្រះតេជគុណ ​លួន​ សាវ៉ាត​ នឹង​អវត្តមាន​នៅ​ថ្ងៃ​ទទួល​ពានរង្វាន់​ នៅ​ថ្ងៃ​ស្អៃក​នេះ៕





Comments are Closed