កុមារភាពរបស់ខ្ញុំនិងក្តីនឹករលឹក

Posted by: | Posted on: July 20, 2013
Photo courtesy: Facebook

Photo courtesy: Facebook

អាវក្មួយប្រុសរហែកត្រង់ក្លែកដូចអាវខ្ញុំកាលពី២០ឆ្នាំមុនដែរ កាលណោះខ្ញុំក្រណាស់ ខ្ញុំមានអាវមួយឈុតគត់សំរាប់ប្រើទាំងទៅសាលារៀន ទាំងទៅធ្វើពលកម្មនៅសាលារៀន  ទាំងទៅចូលរួមបុណ្យទាន ទាំងទៅទទួលឥស្សរជនធំៗតាមបញ្ជារបស់សាលា និងទាំងការត្រៀមខ្លួនពេលណាដឹងថាអ្នកពីឆ្ងាយមកលែងផ្ទះ។ តែពេលខ្ញុំនៅផ្ទុះជាធម្មតា ធ្វើការនៅផ្ទះ ទៅស្រែ និងទៅឃ្វាលគោ ខ្ញុំប្រើខោខ្លីដោយព្រលែងខ្លួនទទេ។ តែពេលខ្ញុំមុជទឹក ខ្ញុំគ្រវែងខោខ្លីនៅលើគោក រួចលោតចូលទៅក្នុងបឹង ត្រពាំង និងស្ទឹង។

តែកុមារក្លាហានម្នាក់នេះ អាចមានសំណាងជាងខ្ញុំ ព្រោះគេមានស្បែកជើងពាក់ ទោះបីពូកែឡើងដើមឈើដូចខ្ញុំដែរ តែខ្ញុំមិនដែលស្គាល់ថាភ្នំពេញបែរមុខទៅណាទេ។ ខ្ញុំជាក្មេងកំព្រា រស់នៅតំបន់ស្រុកស្រែដាច់ស្រយាល លឺសូរតែសំលេងទីទុយខ្លែងស្រាក ហើយជានិច្ចជាកាលរំខានដោយសំលេងគ្រាប់កាំភ្លើងឆ្មាំងគ្នាឥតស្រាកស្រាន្ត។

អតីតកាលកន្លងទៅលឿនដូចផ្លេកបន្ទរ តែក្តីចងចាំនិងបទពិសោធន៍មិនដែលជ្រុះបាត់ម្តង ណាឡើយ។ ទោះបីទៅដល់ទីណា រស់នៅទីណា ឃើញការរីកចំរើនរបស់ប្រទេសគេយ៉ាង មហិមាដ៏ដោយ ក៏ក្តីនឹករលឹកភូមិកំណើត ជាពិសេសបទពិសោធន៍វ័យកុមារភាព នៅតែដិតដាមជាប់ដូចជាស្រមោលអន្ទោលតាមប្រាណអញ្ចឹង។

ខ្ញុំសូមបួងសួងអោយកុមារម្នាក់នេះ បានសំរេចគ្រប់បំណងនៃឆន្ទៈរបស់គេ ជាពិសេសការ ខិតខំរៀនសូត្រនិងការចូលរួមដឹងលឺបញ្ហាប្រទេសជាតិ-មាតុភូមិ។





Comments are Closed