១០ជំនាញអ្នក​ត្រូវ​មាន​​ ដើម្បី​ជោគជ័យ​​​​នៅ​​​សតវត្ស​ទី​២១​​នេះ​

Posted by: | Posted on: August 3, 2014

១០ជំនាញអ្នក​ត្រូវ​មាន​​ ដើម្បី​ជោគជ័យ​​​​នៅ​​​សតវត្ស​ទី​២១​​នេះ​


១០ ជំនាញ​​អ្នក​ត្រូវ​មាន​​​នៅ​ក្នុង​សតវត្ស​ទី​២១​នេះប្រភព៖​ rothstaffing

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ពង្រីក និង​ពង្រឹង​ជំនាញ​របស់​​អ្នក​? នេះ​​គឺ​ជា​សំនួរ​មួយ​ដែល​ចោទ​សួរ​ទៅ​លើ​​លោក​អ្នក​ឲ្យ​ស្គាល់​សមត្ថភាព​ខ្លួន​ឯង​កាន់តែ​ច្បាស់ សម្រាប់​បង្កើន​គុណភាព​ជីវិត​តាម​រយៈ​អាជីព​​។ មិន​ចំពោះ​ថា អ្នក​បាន​រៀន​នៅ​ទី​ណា ពេលណា ពិន្ទុ​ខ្ពស់​ក្តី ឬ ទាប​ក្តី​នោះ​ទេ​ ដរាប​ណា​លោក​អ្នក​អាច​ឆក់​​យក​បាន​សមត្ថភាព​ទាំង​១០ ជំនាញ​ខាងក្រោម​នេះ នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ជោគជ័យ​លើ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ដែល​ចាំបាច់​ត្រូវ​មាន​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។​​

​​​​១) សម្រប​ខ្លួន​ទាន់​សភាពការណ៍​​
ចរន្ត​សកលភាវូបនីយកម្ម​​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​​ពេល​ដ៏​ខ្លី​មួយ​ដែល​ពេល​ខ្លះ​អ្នក​ស្ទើរ​ត្រៀម​ខ្លួន​មិនទាន់។ ស្ថានភាព​នេះ​ទាមទារ​ឲ្យ​អ្នក​ចេះ​សម្រប​ខ្លួន​ទាន់​សភាពការណ៍​ភ្លាមៗ​ស្រប​តាម​ការ​​វិវឌ្ឍ​នានា​នៅ​​ជុំវិញ​ខ្លួន​ដោយ​ត្រូវ​ចងចាំ​ថា អ្នក​មិន​មែន​ចំណាយ​ពេល​ច្រើន​​ស្វែង​រក​អ្វី​ដែល​​អ្នក​គ្មាន​នោះ​ឡើយ តែ​ជា​​​ការ​ចំណាយ​ពេល​​​ស្វែង​រក​គន្លឹះ​ដើរ​ឲ្យ​ទាន់​តាម​​​ការ​ផ្លាស់ប្ដូរ​នោះ។​​​

២) ការ​បង្កើត​ថ្មី ឬ ការ​ច្នៃ​ប្រឌិត​
ការ​បង្កើត​ថ្មី​សំដៅ​លើ​គោលគំនិត​ប្រាជ្ញា​ស្មារតី និង​​ការ​ច្នៃ​ប្រឌិត​​របស់​អ្នក​ខុស​ប្លែក​ពី​​របកគំហើញ​មុនៗ​ ដែល​មនុស្ស​មួយ​ចំនួន​ធ្លាប់​ធ្វើ​នៅ​ពេល​កន្លងមក។ ការ​ច្នៃ​ប្រឌិត​​​នឹង​ធ្វើ​​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​មាន​សក្ដានុពល​​​ម្នាក់ អាច​ចូលរួម​ប្រកួតប្រជែង​​ក្នុង​កិច្ចការ​សង្គម​បាន​យ៉ាង​ជោគជ័យ​​លើស​ពី​អ្វី​ដែល​ខ្លួន​រំពឹង​ទុក។ ការ​បង្កើត​ថ្មី​អាច​កំណត់​បាន​ថា វា​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច​សម្រាប់​អ្នក​ដទៃ តែ​វា​​អាច​ទៅ​រួច​សម្រាប់​អ្នក​​​ ដរាប​ណា​​​អ្នក​មិន​បោះបង់​ការ​ព្យាយាម។

៣) ជំនាញ​តស៊ូ​មតិ

ជំនាញ​តស៊ូ​មតិ មិន​ទាមទារ​លក្ខខណ្ឌ​​ថា អ្នក​ត្រូវ​តែ​ពូកែ មាន​សមត្ថភាព​​ខ្ពស់​នោះ​ឡើយ។​ ទាំង​នេះ​​ជា​អ្វី​ដែល​អ្នក​ត្រូវ​ទុក​មួយ​ឡែក ហើយ​ចាប់​ផ្តើម​បញ្ចេញ​គំនិត ឬ ទស្សនៈ​​ផ្ទាល់​ខ្លួន​របស់​​អ្នក​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​ម្នា​ទាំងឡាយ។ លក្ខណៈ​ពិសេស​មួយ​ទៀត អ្នក​ត្រូវ​មាន​​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​​ជឿជាក់​លើ​អំណះអំណាង​របស់​អ្នក​​ដោយ​ធ្វើ​ការសិក្សា​លើ​ប្រតិកម្ម​របស់​ពួកគេ​ ទន្ទឹម​នឹង​ការ​ថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​​ពី​ទស្សនៈ​របស់​អ្នក​ដទៃ។ ​​​​
៤) ជំនាញ​​ពង្រីក​​កិត្តិសព្ទ​របស់​ខ្លួន​​ចូល​ក្នុង​សង្គម​
​​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​អ្នក​អាច​កសាង​ប្រជាប្រិយភាព​របស់​អ្នក​បាន​ឲ្យ​មនុស្ស​ទូទៅ​ទទួល​ស្គាល់​ដូច​ក្រុម​ហ៊ុន​​Google ឬ Apple ជា​ដើម។ នេះ​មិន​ទាមទារ​ឲ្យ​អ្នក​ដើរ​​​​ផ្សព្វផ្សាយ​ពី​សមត្ថភាព​របស់​ខ្លួន​នោះ​​ឡើយ តែ​អ្នក​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដូច​ជា Facebook, LinkedIn ឬ Twitter ដើម្បី​ប្រមូល​ផ្តុំ និង​​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ដែល​មាន​គុណប្រយោជន៍​ទូទៅ​សម្រាប់​សាធារណជន​​​បាន​។
​​
៥) ជំនាញ​កុំព្យូទ័រ​
ជំនាញ​កុំព្យូទ័រ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។ សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ទោះបី​ជា​​មាន​​ទំនាក់ទំនង​តិច​ក្តី ច្រើន​ក្តី មិន​អាច​គេច​ផុត​​ពី​ជំនាញ​មួយ​នេះ​បាន​ឡើយ។ MS-Office, PowerPoint ឬ Excel គឺ​ជា​ជំនាញ​គ្រឹះ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា មាន​លក្ខណៈ​ចាំបាច់​សម្រាប់​​​កិច្ចការ​ប្រចាំ​ថ្ងៃ​​​នៅ​​គ្រប់​ស្ថាប័ន​នានា​ ហើយ​​​អ្នក​ត្រូវ​ដើរ​ឲ្យ​ទាន់​កម្មវិធី​ថ្មីៗ​ដែល​បំពាក់​លើ​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​។

៦) ជំនាញ​លើ​សមត្ថភាព​​ដំណោះស្រាយ​​​
ដំណោះស្រាយ​បញ្ហា គឺ​ជា​ជំនាញ​មួយ​យ៉ាង​ពិសេស​ដែល​អាច​បង្កើត​ភាព​អស្ចារ្យ​នៅ​ក្នុង​បរិស្ថាន​ការងារ​ និង​ជីវភាព​​របស់​អ្នក។ ទោះបី​ជា​​បញ្ហា​ទាំង​នោះ ធំ ឬ តូច​ ការ​​ផ្ដោត​លើ​គន្លឹះ​ជា​​ដំណោះស្រាយ​​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ ជួយ​ជំរុញ​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​​ម្នាក់។ ទាំង​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត ក្លាហាន​ ហ៊ាន​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​​ធ្វើ​យ៉ាង​ណា​​​ប្រែ​ក្លាយ​រឿង​ធំ​ឲ្យ​ទៅ​ជា​រឿង​តូច​បាន។​​​

៧) ជំនាញ​លើ​ការ​​សម្រេច​ចិត្ត

​មនុស្ស​ដែល​​មាន​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ទោះបី​ជា​​​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ នឹង​មិន​សាង​ប្រវត្តិសាស្ត្រ​​ឈឺចាប់ និង ​និយាយ​ពាក្យ​ថា​ ស្តាយក្រោយ​​សម្រាប់​ខ្លួនឯង ឬ អ្នក​ដទៃ​នោះ​ឡើយ។ ​អ្នក​អាច​​ស្វែង​យល់​ពី​ស្ថានភាព​នោះ​ឲ្យ​ច្បាស់ និង​លើក​គន្លឹះ​ជា​ច្រើន​​​​មុន​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ភាព​ជឿជាក់​ព្រមទាំង​​ព្យាយាម​ធ្វើ​វា​ឲ្យ​​​សាមញ្ញ​ និង​ងាយ​ស្រួល​តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន។​​​​

៨) ជំនាញ​​វិភាគ​វែកញែក

ជីវិត​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ និង​បញ្ហា​ជា​ច្រើន​​ដែល​​កើត​មាន​ជា​បន្តបន្ទាប់ ដែល​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​ជំនាញ​យ៉ាង​ពិសេស​មួយ​ទៀត​​ដើម្បី​​ជីកឫសគល់​​បញ្ហា​ទាំង​នោះ គឺ​​ជំនាញ​​វិភាគ​វែកញែក។ ដំណោះស្រាយ​ជា​​ច្រក​ផ្លូវ​ ឬ អំណះអំណាង​ដ៏​ត្រឹមត្រូវ​​​របស់​អ្នក​កើត​ចេញ​ពី​ការ​វិភាគ​បញ្ហា​ទាំងនោះ​​​ នឹង​ពាំនាំ​មក​នូវ​ទំនុក​ចិត្ត និង ភាព​ជឿជាក់​ អាច​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​​​របស់​អ្នក​ឲ្យ​ដើរ​រលូត​ឆ្ពោះ​ទៅ​មុខ​ជានិច្ច។​​​​

៩) ជំនាញ​​គ្រប់គ្រង​ពេលវេលា
ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​​មាន​ប្រសិទ្ធភាព ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​​ខ្ពស់ ដើម្បី​ការ​ផ្លាស់ប្ដូរ​ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​មាន​ឥទ្ធិពល​គ្រប់​ស្ថានភាព​ទាំងអស់​នៅ​ក្នុង​ជីវិត។ វា​ហាក់បីដូច​ជា រឿង​ងាយ​ស្រួល​ដើម្បី​បំប៉ន​ខ្លួន​​អ្នក​​ឲ្យ​មាន​ជំនាញ​នេះ ប៉ុន្តែ​​វា​មិន​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ។ វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​អនុវត្ត​ចំណុច​នេះ គឺ​ត្រូវ​រៀប​ចំ​គម្រោង​បែងចែក​កិច្ចការ​របស់​អ្នក​ឲ្យ​បាន​​​​​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​ចាប់​​ផ្តើម​ធ្វើ​វា​ភ្លាមៗ​ដោយ​មិន​​រារែក​អ្វី​ទាំងអស់។

១០) ជំនាញ​ទំនាក់ទំនង​​​​
ការ​ទំនាក់ទំនង​គឺ​ជា​ជំនាញ​ពិសេស​មួយ​ទៀត​ដែល​​អ្នក​ត្រូវ​មាន​ ហើយ​ការងារ​ដែល​មាន​ប្រសិទ្ធភាព ​យ៉ាង​​ពិត​ប្រាកដ​ពិត​ជា​មិន​អាច​កើត​មាន​នោះ​ឡើយ ដរាបណា​អ្នក​គ្មាន​វា​កាន់​នៅ​ក្នុង​ដៃ​ទេ​នោះ។

​ការ​ប្រាស្រ័យ​ទាក់ទង​តាម​​រយៈ​ការ​សរសេរ ស្តាប់ និង ការ​សន្ទនា​​​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន នឹង​ជំរុញ​ឲ្យ​​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​មាន​សក្ដានុពល​កាន់តែ​​ខ្លាំង​​ឡើង។ ក្រៅ​ពី​នោះ​អ្នក​នឹង​អាច​កសាង​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា ជំនាញ​​ឧទ្ទេសនាម​ (Presentation) ភាព​ជឿជាក់ និង​ទំនុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​​​​​៕

ប្រែសម្រួល៖ ខេវិន

ប្រភព៖​ listdose