ហ៊ុន សែន ប្រើត្រីបកទប់ទល់សេះទឹមសម រង្ស៊ី និងកឹម សុខា

Posted by: | Posted on: January 28, 2015

ហ៊ុន សែន ប្រើត្រីបកទប់ទល់សេះទឹមសម រង្ស៊ី និងកឹម សុខា
Mon, 26 January 2015
Phnom Penh Post (Post Staff)
—————————-
ដោយសារមួយរយៈចុងក្រោយនេះ ពុំសូវមានអ្នកវិភាគនយោបាយតាមក្រឡាអុក ដូចមុននោះ ក្នុងនាមខ្ញុំជាអ្នកចេះលេងអុកខ្លះដែរ សូមចូលខ្លួនបន្តវិភាគពីរៀមច្បងមុនៗ ដើម្បីចែករំលែក គ្រាន់ទុកជាពុទ្ធិ ហើយដើម្បីឆ្លើយតបទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី បានប្រតិកម្មកាលពីថ្ងៃទី ១៩ មករា នៅខេត្តស្វាយរៀង «វាមិនដែលមានត្រីបក ៥»។

វាជារឿងត្រឹមត្រូវព្រោះអ្នករាយការណ៍ជូនសម្តេច ខុសការពិត។ បើខ្ញុំចាំមិនច្រឡំទេ នោះគឺមិនដែលគេវិភាគអំពីត្រីបក៥នោះទេ គឺធ្លាប់មាន «ត្រីបកទឹម ៣» និង «ត្រីបកទី ៤ អាចនឹងបក» តែប៉ុណ្ណោះ។

ការវិវត្តនៃស្ថានការណ៍នយោបាយ នៅកម្ពុជាពីមួយសម័យកាល ទៅមួយសម័យកាល សុទ្ធតែបានបង្កើនភាពស្មុគស្មាញឡើងៗ ជាពិសេសនៅសម័យកាលចុងក្រោយនេះ ដែលគេដឹងឮគ្រប់ៗគ្នាថា «សម័យឃ្លោកលិច អំបែងអណ្តែត» គឺមានភាពស្មុគស្មាញដូចទៅនឹងក្រឡាអុក សម្រាប់អ្នកមិនចេះលេងអុក ហើយមើលមិនយល់យ៉ាងដូច្នេះដែរ។

ប៉ុន្តែសម្រាប់ទស្សនៈខ្ញុំផ្ទាល់ យើងអាចចាត់ទុកល្បែងនយោបាយ ដែលតួអង្គនយោបាយ សំខាន់ៗកំពុងតែលេង នាពេលបច្ចុប្បន្ននេះ ទៅនឹងក្រឡាអុក «ប្រើត្រីបកទប់ទល់សេះទឹម»។ សម្រាប់មជ្ឈដ្ឋានអ្នកចេះលេងអុក មិនពិបាកយល់ទេ អ្វីទៅជាត្រីបក? អ្វីទៅជាសេះទឹម? ហើយកូនអុកទាំងពីរប្រភេទនេះ មានសារប្រយោជន៍បែបណា និងត្រូវដើរក្រឡារបៀបម៉េចនោះ។ ត្រីជាប្រភេទកូនអុក ដែលអ្នកលេងអុកទាំងពីរត្រូវមាន គឺចំនួន៨ស្មើគ្នា។

ដំបូងគ្រាន់តែជាកូនត្រីធម្មតា នៅពេលអ្នកលេងម្ខាងបានដើរកូនត្រី ពីក្រឡាទី ៣ របស់ខ្លួន ទៅដល់ក្រឡាទី៣សម្រាប់ដាក់កូនត្រី របស់អ្នកលេងម្ខាងទៀតនោះ កូនត្រីធម្មតា នឹងត្រូវក្លាយទៅជាកូនត្រីបក។ លក្ខណៈពិសេស របស់ត្រីបក គឺអាចប្រែពីដើរទៅមុខត្រង់ មកដើរខ្វែងក្រឡា ៤ ទិសទៅវិញ។ គេតែងតែប្រើវាដើម្បីដូរ ឬដេញ និងទប់ ឬបិទ ជាដើម។

ចំណែក កូនសេះវិញ ជាកូនអុកមួយប្រភេទ ដែលអាចដើរដោយលោតឆ្វេង ឬស្តាំ និងលោត មុខ ឬក្រោយ៣ក្រឡា ហើយកាលណាសេះនៅក្បែរគ្នា ២ គេហៅថាសេះទឹម។ ប្រសិទ្ធភាពរបស់វា គឺអាចការពារមិនឲ្យកូនអុកគូប្រកួតចូលក្បែរបានឡើយនៅខាងមុខ ៨ ក្រឡា និងខាងក្រោយ៨ក្រឡា ហើយភាគច្រើនគេប្រើដើម្បីបំបែក បំភ័យដល់ក្រឡាអុកភាគីម្ខាងទៀត និងជួនកាល គេក៏ប្រើសម្រាប់ ដូរ ឬដេញផងដែរ។

ក្នុងនយោបាយជាក់ស្តែងវិញ គឺថា ពីដើមរៀងមក ក្រឡាអុកលោក ហ៊ុន សែន ជាក្រឡាចាញ់ ប៉ុន្តែគាត់ប្រឹងប្រែងទប់ តាមរយៈវាយបកផង ដោះដូរផង ឬ ចំណាយកូនអុកដែលខ្លួនអាចលះបង់ទៅតាមកាលៈទេសៈពីមួយក្រឡាទៅមួយក្រឡា។

ជាចុងក្រោយនេះ លោក ហ៊ុន សែន បានដឹងថា យុទ្ធសាស្រ្ត ឌីហ្វីត មិនអាចស្តារក្រឡាអុកបានទេ គាត់ក៏ចាប់ផ្តើមប្រើ ទី១-យុទ្ធសាស្ត្របន្លាជោះបន្លា ដោយការវាយបង្ក្រាបមកលើការតវ៉ានានា ទោះរៀបចំដោយសង្គមស៊ីវិលក្តី ឬប្រជាពលរដ្ឋរងគ្រោះក្តី ឬគណបក្សសង្គ្រោះជាតិក្តី ព្រោះខ្លាចស្ថានការណ៍រីកធំ ហើយមិនអាចគ្រប់គ្រងបាន ដែលនាំឲ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់ខ្លួន។

ទី២-យុទ្ធសាស្រ្ត ដែលឆាវឆាវធ្លាប់ប្រើ គឺ «កាប់សេះឲ្យសត្រូវស៊ីក្នុងសមរភូមិ»វាជាយុទ្ធសាស្ត្រត្រូវលះបង់ធំធេងក៏ដោយ ក៏ត្រូវលះបង់ដែរ មានន័យថា ទោះដឹងថា សេះជាយានជំនិះ ឬជាមធ្យោបាយសំខាន់មិនអាចខ្វះបាននៅសមរភូមិក៏ដោយ ក៏ត្រូវលះបង់ដែរ ដូចជា កកែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីចែករំលែកអំណាចនៃក្បាលម៉ាស៊ីនដឹកនាំសភា ដែលមានអនុប្រធានរដ្ឋសភា ១ គណៈកម្មការជំនាញ ៥ អាជ្ញាប័ណ្ណវិទ្យុទូរទស្សន៍ និងចុងក្រោយនេះ គឺការទទួលស្គាល់ប្រមុខសំឡេងភាគតិច ឋានៈស្មើនាយករដ្ឋមន្ត្រី ខ-កែរដ្ឋធម្មនុញ្ញដើម្បីកំណត់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងកំណត់សមាសភាព គ.ជ.ប ចំនួន៤ស្នើគ្នា ព្រមទាំងរៀបចំបង្កើតឲ្យមានច្បាប់ផ្សេងៗបម្រើឲ្យការបោះឆ្នោតនិងការរៀបចំ គ.ជ.ប ជាដើម។

ទោះជាការលះបង់ខាងលើ ខាតបង់ធំធេងដូចជាការកាប់សេះឲ្យសត្រូវស៊ីនៅសមរភូមិក៏ដោយ លោក ហ៊ុន សែន ក៏ចំណេញមិនតិចដែរ ទី១-ប្រែក្លាយសភាឯកបក្ស ទៅជាសភាពហុបក្សជាថ្នូរនឹងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ទី២-បញ្ចប់ការភ័យខ្លាច ពីសំណាក់ការតវ៉ារបស់បក្សប្រឆាំងដែលអ្នកគាំទ្រចេញមករាប់សែននាក់។

ទី៣-មានឱកាសស្តារស្ថានភាព និងប្រជាប្រិយភាពឡើងវិញ និងបានធ្វើឲ្យគណបក្សសង្គ្រោះជាតិធ្លាក់ប្រជាប្រិយភាពមិនតិចផងដែរ ដោយទទួលរងនូវ «ការបាចអង្កាមបញ្រ្ចាស់ខ្យល់» ក្នុងនោះអ្នកគាំទ្រត្រូវចែកជា៣ ក្រុមទី១: ជាសកម្មជន ហើយស្ម័គ្រស្មោះនៅបន្តគាំទ្រដោយជឿលើមេដឹកនាំរបស់ខ្លួន ក្រុមទី២: ជាអ្នកគាំទ្រ ដែលបាត់ជំនឿ៥០ភាគរយ ប៉ុន្តែនៅរង់ចាំមើលថាតើមេដឹកនាំធ្វើអ្វីទៀត និងក្រុមទី៣: ជាអ្នកអស់ជំនឿ និងខកចិត្តលែងគាំទ្រ ជាពិសេសប៉ះពាល់ដល់អារម្មណ៍សប្បុរសជន ដែលជាប្រភពហិរញ្ញវត្ថុដ៏ធំ សម្រាប់គណបក្សសង្គ្រោះជាតិទៀតផង។

ទោះជាយ៉ាងនេះក៏ដោយ សម្រាប់គណបក្សសង្គ្រោះជាតិ បើប្រៀបធៀបទៅ គឺទទួលបានផលច្រើនជាងការខាតបង់ ដូចជាបាត់បង់ប្រាក់បៀវត្សរ៍អ្នកតំណាងរាស្រ្ត ១ ឆ្នាំ ដោយសារពហិការ ការធ្វើឲ្យមានការទទួលស្គាល់រដ្ឋសភាឡើងវិញជាសភាពហុបក្ស ប៉ុន្តែប្រការដែលល្អនោះ រាជរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃនៅតែជា រាជរដ្ឋាភិបាលដែលទទួលការអនុម័តផ្តល់សេចក្តីទុកចិត្តពីសភាឯកបក្ស ដដែល បើយោងតាមរដ្ឋធម្មនុញ្ញ ត្រូវនាំគណៈរដ្ឋមន្ត្រី ទាំងមូលមកទទួលការអនុម័តផ្តល់សេចក្តីទុកចិត្តពីសភាពេញអង្គ ដែលយ៉ាងតិច១២០រូប។

រហូតមកដល់ពេលនេះ ក្រឡាអុកលោក ហ៊ុន សែន ទាល់លែងមានក្រឡាថ្មីត្រូវដើរ ហើយក៏គ្មានអ្វីសម្រាប់ដោះដូរទៀតដែរ ដូចនេះមួយក្បាច់ចុងក្រោយ ត្រូវបង្ខំចិត្តប្រើត្រីបកមួយ ដែលគាត់បានប្រឹងប្រែងបកតាំងពីដំបូងទីមកម្ល៉េះ គឺប្រព័ន្ធតុលាការ តាមរយៈការពង្រឹងក្រុមខ្លួន និងបក្ខពួកខ្លួន ដើម្បីក្តោបក្តាប់ប្រព័ន្ធនេះយ៉ាងណែន ដែលត្រូវបានគេមើលឃើញថា គាត់បានប្រឹងប្រែងភ្លាមៗ បន្ទាប់ពីឡើងកាន់អំណាចទាំងបំពានរដ្ឋធម្មនុញ្ញកាលពីខែកញ្ញា ២០១៣ ហើយចាប់ផ្តើមបង្កើតច្បាប់ ចំនួន ៣ ពាក់ព័ន្ធនឹងវិស័យតុលាការ រួមមាន ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ច្បាប់ទាំង ៣ ក្នុងវិស័យតុលាការនេះ បានក្លាយជាកូនត្រីបកនៃក្រឡាអុករបស់លោក ហ៊ុន សែន ហើយបានធ្វើឲ្យគាត់ចាប់ផ្តើមប្រើយុទ្ធសាស្ត្រថ្មី គឺយុទ្ធសាស្ត្រនីតិរដ្ឋ ដើម្បីទប់ទល់នឹងក្រឡាអុកលោក សម រង្ស៊ី និងលោក កឹម សុខា ដែលមានក្រឡាសេះទឹម។ ដោយសារលោក ហ៊ុន សែន អស់ល្បិច ហើយក៏មិនចង់ចាញ់ផងដែរ ប៉ុន្តែគ្មានជម្រើស។

បើយើងសម្លឹងមើលឲ្យវែងឆ្ងាយ នេះជាយុទ្ធសាស្ត្រចុងក្រោយ និងមានប្រសិទ្ធភាពបំផុត ព្រោះកូនត្រីបកមួយនេះ គឺប្រើសម្រាប់ការពារផង វាយបកផង និងទប់ស្កាត់ការបោះឆ្នោតផង មានន័យថា លោក ហ៊ុន សែន ត្រូវប្រើប្រាស់តុលាការនេះដើម្បី ទី១- ការពារខ្លួននៅពេលអស់អំណាច ព្រោះបើតាមច្បាប់ទាំង ៣ នេះ គឺលោក ឌិត មុន្ទី គឺជាប្រធានតុលាការកំពូលអស់មួយជីវិត និងមាន អំណាចត្រួតលើចៅក្រមនៅតុលាការគ្រប់ជាន់ថ្នាក់ និងទូទាំងប្រទេស ហើយសព្វថ្ងៃគាត់ជាអ្វីនៅក្នុង CPP និងមានលោកស្រី ជា លាង ក៏ជាអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលអស់មួយជីវិតដែរ និងមាន អំណាចត្រួតលើព្រះរាជអាជ្ញានៃស្ថាប័នអយ្យការអមតុលាការគ្រប់ជាន់ថ្នាក់ និងទូទាំងប្រទេស ហើយ សព្វថ្ងៃគាត់ត្រូវជាអ្វីនៅក្នុង CPP ។

ទី២- វាយបកកម្លាំងនយោបាយគណបក្សប្រឆាំង ដែលស្តារឡើងវិញបានយ៉ាងល្អ ក្រោយពីព្រមចូលសភា ដូចកន្លងមកនេះ បានចាប់តំណាងរាស្រ្ត និងសកម្មជន CNRP ដាក់ពន្ធនាគារ និងថ្មីៗនេះបានគំរាមចាប់វិញ ទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ហើយទាំងប្រកាស ការធ្វើពហិការ ដោយមិនគាំទ្រឲ្យសភាអនុម័តសំឡេង ៣ ភាគ ៤ ដើម្បីរំលត់បណ្តឹងអាជ្ញា សម្រាប់អ្នកតំណាងរាស្ត្រជាប់ពិរុទ្ធ។

ទី៣- ទប់ស្កាត់ការបោះឆ្នោតខាងមុខ ដើម្បីកុំឲ្យ CNRP កើនសំឡេង គឺត្រូវធ្វើបាបសកម្មជន ឬថ្នាក់ដឹកនាំមូលដ្ឋាន បើកន្លែងណា CNRP ខ្លាំង ត្រូវប្រឌិតរឿងសប្បនិម្មិត ដើម្បីចាប់ឃុំខ្លួនតែម្តង។ អាចធ្វើបានដោយងាយ ព្រោះព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត-រាជធានីទូទាំងប្រទេសស្ថិតក្រោមក្រសួងយុត្តិធម៌ នេះបើតាមអំណាចច្បាប់ថ្មី ហើយព្រះរាជអាជ្ញាសុទ្ធតែជាមនុស្សរបស់បក្ស ដូច្នេះបក្សឲ្យចោទអី គឺត្រូវចោទហ្នឹង ហើយចាប់ខ្លួនឃុំបណ្តោះអាសន្នតែម្តង។

ជាការទប់ទល់នឹងការប្រើកូនត្រីបករបស់លោក ហ៊ុន សែន ដែលជាក្រឡាអុកចុងក្រោយ លោក សម រង្ស៊ី និងលោក កឹម សុខា ចាំបាច់ត្រូវប្រើកូនសេះទឹមរបស់ខ្លួនឲ្យមានប្រសិទ្ធភាពថែមទៀត។ កូនសេះទី១-យន្តការសភា ទោះក្នុងអចិន្រៃ្តយ៍ ក្នុងគណៈកម្មការនានា ឬសិទ្ធិជាតំណាងរាស្ត្រទាំង៥៥ រុញគ្រប់រឿងគ្រប់វិស័យដែលអាចបាន។

ជាពិសេស និងបន្ទាន់នេះ ត្រូវស្នើឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មច្បាប់ទាំង ៣ ដើម្បី ខ ១-លើកស្ទួយយុត្តិធម៌ជូនប្រជាពលរដ្ឋ និង ខ ២-បំបែកអង្គការចៅក្រម ដោយកំណត់ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញា អមតុលាការកំពូល ត្រូវមានអាណត្តិ បើកាន់មួយជីវិត CNRP នឹងស្លាប់មួយជីវិត និងក៏ត្រូវជ្រើសរើស ពីចៅក្រមទូទាំងប្រទេស ការធ្វើបែបនេះកុំឲ្យមានសិទ្ធិរៀបចំចាត់តាំងអង្គការតុលាការ ដូច្នេះចៅក្រម និងព្រះរាជអាជ្ញាទាំងលែងស្ម័គ្រស្មោះ និងពលីកម្មដើម្បីបក្សដូចមុនទៀតហើយ និងមិនចង់ធ្វើជាសមាជិកបក្សដូចមុនទៀតដែរ។

កូនសេះ ទី២- យន្តការមូលដ្ឋាន ដោយប្រើប្រាស់ឲ្យអស់ធនធាន និងមធ្យោបាយ ដែលទទួលបានពីស្ថាប័នជាតិរដ្ឋសភា ដូចនេះមេទ័ពទាំង ២ និងមេទ័ពរងទាំង ៥៣ សម្រុកចុះមូលដ្ឋាន ដែលជាកម្លាំងពិតឲ្យ CNRP ឈ្នះគឺនៅមូលដ្ឋាន ដោយពន្យល់អ្នកគាំទ្រដែលខកចិត្តឲ្យយល់ ហើយគាំទ្រវិញ អ្នករង់ចាំមើលឲ្យជឿហើយចូលគាំទ្រវិញ។

បើទោះប្រើក្រឡាកូនសេះទឹមនេះ បានល្អហើយឈានទៅរកការជោគជ័យក៏ដោយ ក៏មិនត្រូវភ្លេចកិច្ចទាំងឡាយដែលចាំបាច់មួយចំនួនត្រូវធ្វើ ដើម្បីត្រៀមខ្លួនដើម្បីឈ្នះ និងត្រៀមខ្លួនដឹកនាំនៅពេលឈ្នះ ដូចជាកំណែទម្រង់ផ្ទៃក្នុង ពង្រឹងសមត្ថភាពមន្រ្តីដែលត្រៀមទៅដឹកនាំ និងបណ្តុះអ្នកបន្តវេនឲ្យបានច្រើន និងផ្តល់ឱកាសតាមអាចធ្វើទៅបាន ដែលកិច្ចការទាំងនេះ គឺអាចធានាការជោគជ័យដែលមាននិរន្តរភាព។

ដូចនេះ អុកមួយក្តារ ដែលប្រើត្រីបក ទប់ទល់នឹងសេះទឹម នឹងបង្ហាញលទ្ធផលក្នុងឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ។ ខ្ញុំសូមទទួលយកដោយរីករាយចំពោះការទិតៀន ដើម្បីស្ថាបនាពីសំណាក់អស់លោក លោកស្រី និងមិត្តអ្នកអានទាំងអស់តាមរយៈអ៊ីមែលៈ visal.udom@yahoo.com៕

ដោយ វិសាល ឧត្តម
http://www.postkhmer.com/វិភាគសង្គម/ហ៊ុន-សែន-ប្រើត្រីបកទប់ទល់សេះទឹមសម-រង្ស៊ី-និងកឹម-សុខា