Cambodia court is very dependent

Posted by: | Posted on: February 24, 2015

ជាង​នេះ​ទៅ​ទៀត សូម្បី​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​ហាក់​បី​ដូចជា​ទទួល​ស្គាល់​តុលាការ​មាន​ភាព​ពុក​រលួយ​ដែរ ដូច​ករណី​ដោះលែង​ឪពុក-ម្តាយ ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​ជាដើម។ រឿងរ៉ាវ​តុលាការ​នៅ​ស្រុក​ខ្មែរ​ប្រៀប​ដូចជា​រឿង​ភេ និង​ឆ្កែ​ចចក នៅ​ក្នុង​សៀវភៅ​រៀន​អាន​ថ្នាក់ ទី១ នៅ​ពេល​ដែល​សត្វ​ភេ ២ ក្បាល​បាន​ចាប់​បាន​ត្រី​តែ ១ ហើយ​ចែក​គ្នា​មិន​ដាច់​យក​ទៅ​ប្តឹង​សត្វ​ឆ្កែ​ចចក ពេល​នោះ​ឆ្កែ​ចចក​កាត់​សេចក្តី​មិន​ស្មើ ហើយ​ឆ្កែ​ចចក​ឆ្លៀត​កាត់​សាច់​ត្រី​យក​ខ្លួន​ឯង​មួយ​ផ្នែក​ធំ តែ​សត្វ​ភេ​ទាំង ២ ក្បាល​នៅ​តែ​មិន​សុខ​ចិត្ត​នឹង​គ្នា ទី​បំផុត​បាន​តែ​ម្នាក់​មួយ​ចំណិត​តូច​នៃ​សត្វ​ត្រី​ដែល​ខ្លួន​រក​បាន​នោះ។ ហើយ​ពេល​ខ្លះ​មន្ត្រី​នៅ​តុលាការ​ក៏​មាន​ការ​ប្រជែង​គ្នា​រឿង​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​នឹង លោក មាលតី នេះ​ដែរ គឺថា​នៅ​ពេល​ណា​មាន​ករណី​កាត់​ក្តី​រឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​ក៏​ការ​ប្រទូស្ត​កេរ្តិ៍​ខ្មាស ឬ​ក៏​ការ​លែង​លះ​ប្តី​ប្រពន្ធ​គឺ​ឲ្យ​ទៅ​គេ រីឯ​ករណី​កាត់​ក្តី​ធំៗ​ដែល​ពាក់ព័ន្ធ​លុយ​កាក់​ច្រើន ដូច​ជា​ទំនាស់​ដីធ្លី ឬ​បទ​ឧក្រិដ្ឋ​ធំៗ ដូច​ករណី​ដី​យាយ​ក្រពើ និង​ជន​សង្ស័យ ថោង សារ៉ាត់ ជាដើម​នោះ​គឺ​អញ​ជា​អ្នក​កាត់​ក្តី។ នេះ​ក៏​ជា​សិល្បៈ​មួយ​ដែរ។

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ពេល​ដូរ​តំណែង​កន្លង​មក។

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​ពេល​ដូរ​តំណែង​កន្លង​មក។ ហុង មិនា
Tong Soprach

Courtesy: Facebook

ស្រុក​ខ្មែរ​សម្បូរ​ទៅ​ដោយ​សិល្បៈ​នៃ​ការ​សម្តែង​ឈុត​ឆាក​ប្លែកៗ

នៅ​ស្រុក​ខ្មែរ ក្រៅ​តែ​ពី​ការ​សម្តែង​ការ​ប្រគំ​តន្ត្រី កំប្លែង អាយ៉ៃ ល្ខោន និង​សៀក​រហស្សកម្ម ក៏​មាន​សម្បូរ​សិល្បៈ​នៃ​ការ​សម្តែង​ផ្សេង​ទៀត​ដូច​ជា ការ​រៀបចំ​ឈុត​ឆាក​នយោបាយ ការ​កាត់​សេចក្តី​នៅ​ក្នុង​តុលាការ ការ​ដោះ​លែង​ជន​ជាប់​ចោទ ការ​កៀប​ស៊ី​ទាំង​ភាគី​ចុង​ចោទ និង​ដើម​ចោទ ការ​ពុក​រលួយ ការ​ធ្វើ​ជា​ស្វែង​រក​ចាប់​ជន​ជាប់​ចោទ​មិន​ឃើញ ឬ​ក៏​ចាប់​បាន ដោះ​សារ​ថា​ដោយ​សារ​គ្រោះ​ធម្មជាតិ ឬ​គ្រោះថ្នាក់​ចរាចរណ៍ ជា​ពិសេស​ការ​ទម្លាក់​កំហុស​ទៅ​លើ​នរណា​ម្នាក់ ប្រសិន​បើ​គេ​ចង់​ធ្វើ​ក. ដោយ​យក​ច្បាប់​មក​ប្រើ​គឺ​មិន​ចេះ​ខ្វះ​ទេ​បទ​ចោទ​នោះ ដូច​សម័យ​ខ្មែរ​ក្រហម​ចង់​អ្នក​ណា​សម្លាប់​មនុស្ស​ក៏ ប៉ុល ពត ដែរ។ ហេតុ​អ្វី​បាន​ជា​របប​នេះ គេ​ចូល​ចិត្ត​លេង​ការ​សម្តែង​បែប​អ៊ីចឹង? បើ​ម្តង​កើត​ឡើង​ចំពោះ​គេ ម្តង​ខ្លួន​ឯង​ហ្នឹង​នេះ? ឬ​មួយ​ក៏​តួអង្គ​រឿង សាម កុក ចូល​ខ្លួន​គ្រប់ៗ​គ្នា​នោះ?

ជាក់​ស្តែង​កាលពី​សប្តាហ៍មុន​នេះ មាន​ការ​សម្តែង​ចេញ​ឲ្យ​ឃើញ​លើ​គោកៗ​មួយ​ចំនួន​គ្រាន់​តែ​ករណី​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​មក​ចាប់​យក​មក​ដាក់​គុក​ព្រៃស​វិញ បន្ទាប់​មក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​យុត្តិធម៌ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ធ្វើ​ការ​ស៊ើប​អង្កេត​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ថា ប្រហែល​ជា​បាន​សំណូក​ក្រាស់​ក្រែល​ហើយ​បាន​ជា​ដោះ​លែង​នោះ និង​ដោយ​សារ​លេស​នេះ លោក​ក៏​បាន​យក​ឱកាស​ធ្វើការ​វាយ​ប្រហារ​បក​ទៅ​លើ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដែល​តែងតែ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​មិន​ឯករាជ្យ ឥឡូវ​គេ​ឲ្យ​ឯករាជ្យ​ពេក​វា​អ៊ីចឹង? មិន​យូរ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ភ្លាមៗ​នោះ​ដែរ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​អធិការ​កិច្ច​របស់​ក្រសួង​យុត្តិធម៌​ទៀត​ផង រីឯ​ឧត្តម​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជា​ជំនួយការ​ផ្ទាល់​របស់​លោក​ផង និង​ជា​គ្រូមន្ត​អាគម​អូមអាម​របស់​លោក​រឿង​រក​ស៊ី​មាន​បាន ក៏​ត្រូវ​គេ​ចាប់​ខ្លួន និង​សួរ​ចម្លើយ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង​នៅ​តុលាការ​ចោទ​ពី​បទ​ម៉ាកំភ្លូស​តាម​ច្បាប់​នេះ​ច្បាប់​នោះ រួច​ហើយ​បញ្ជូន​ទៅ​គុក​ព្រៃ​ស​វិញ។

តើ​ការ​ដក​តំណែងនេះ​គឺបង្ហាញ​ពី​ការអនុវត្ត​កំណែ​ទម្រង់​ស៊ី​ជម្រៅ ឬ​ក៏​ជា​រឿង​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​សមាជិក​គណបក្ស​ប្រជាជន​គ្នា​ឯង? ហើយ​ក៏​មាន​សំណួរ​ថា រឿង​អី​បាន​ជា​មាន​មុខ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដុត​ដៃ​ដុត​ជើង​ទៅ​ចូល​រួម​ជួប​សួរ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ផ្ទាល់​នៅ​គុក​ព្រៃស ហ្នឹង​គេ​ដែរ? តើ​មាន​ពាក្យ​ប្តឹង​ពី​បទ​ពុក​រលួយ​ហើយ​ឬ​នៅ មុន​នឹង​ទៅ​សាក​សួរ​អ្នក​ទាំង​នោះ? តើ​គាត់​ទៅ​ស៊ើប​អង្កេត ឬ​ក៏​ទៅ​អន្តរាគមន៍​អ្នក​ទាំង​ពីរ​នាក់​នោះ? តើ​វា​មាន​ទំនាក់​ទំនង​អ្វី​ដែរ​រវាង​លោក ឱម យ៉ិនទៀង និង​លោក អាំង មាលតី? ឬ​ក៏​លោក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់​ទំនង​គ្នា​ល្អ​កាល​ពី​នៅ​តុលាការ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​បើក​យុទ្ធនាការ​កម្ចាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ ដែល​ចាប់​បាន​មេខ្លោង ម៉ឹក តារា និង​ស្នងការ ខេត្ត​បន្ទាយមានជ័យ ទៀត​ផង​នោះ? នេះ​គឺ​ជា​ការ​សម្តែង​មួយ​ឈុត​ផ្សេង​ទៀត។

តាម​ពិត​ទៅ​វា​សឹង​តែ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ដែល​តុលាការ​ស្រុក​ខ្មែរ​ទទួល​រង​សម្ពាធ​ពី​រដ្ឋាភិបាល​នោះ​ក្នុង​ករណី​ឃុំ​ខ្លួន ឬ​ក៏​ដោះលែង​ជន​ជាប់​ចោទ​ដែល​យោង​ទៅ​តាម​របត់​នយោបាយ​នោះ ដូច​ករណី​ចាប់​ឃុំ​ខ្លួន ឬ​ក៏​ដោះ​លែង​អ្នក​តវ៉ា​ដីធ្លី​ជា​ពិសេស​អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា​ ក៏​ដូច​គ្នា​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ផង​ដែរ។ រដ្ឋាភិបាល​ចង់​ឃុំ​ខ្លួន​ក៏​ឃុំ​ខ្លួន​ទៅ នៅ​ពេល​ដែល​នយោបាយ​បក្ស​ទាំង ២ ត្រូវ​គ្នា​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ដោះ​លែង​ចេញ​មក​វិញ​ទាំង​អស់ តែ​ទុក​មន្ត្រី ២ ទៅ ៣ នាក់​នៅ​តែ​ជាប់​គុក​គ្រាន់​ធ្វើ​ជា​នុយ​របស់​បក្ស​កាន់​អំណាច​លេង​សិល្បៈ។

បើ​គ្រាន់​តែ​មើល​ស្ថានការណ៍​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដូចជា​រាង​មាន​ភាព​តានតឹង​ដូច​កាល​ពី​ខែ​មុន​ភ្លាម​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ផ្តើម​សើរើ​រឿង​ចាស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​តុលាការ​ឡើង​វិញ​ភ្លាម តែ​នៅ​ពេល​លោក សម រង្ស៊ី មេ​បក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ឥរិយាបថ​សភាពការណ៍​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​ភ្លាម​ដូច​ទឹក​ជោរ​ទឹក​នាច​អ៊ីចឹង។

មាន​ន័យ​ថា តុលាការ​ស្រុក​ខ្មែរ​ចាំ​តែ​ដើរ​ខ្សែ​ញាក់​របស់​រាជ​រដ្ឋាភិបាល​ទេ ដោយ​សារ​តែ​តុលាការ​ស្រួល​ញាក់ ប៉ះដៃ​យក​ដៃ​ប៉ះជើង​យក​ជើង​អ៊ីចឹង ម៉្លោះ​ហើយ​ដើម្បី​ស្រួល​ប្រើ​ការ​ថ្ងៃ​ក្រោយ​គឺ​រដ្ឋាភិបាល​ពេល​ខ្លះ ចេះ​តែ​បិទ​ភ្នែក​ខ្លះ​ទៅ​ឲ្យ​តុលាការ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដូច​ការ​បណ្តែត​បណ្តោយ មេទ័ព មេ​ប៉េអឹម មេ​ព្រៃ កាប់​ឈើ​កាង​ឈើ​ពេញ​ផ្ទៃ​ប្រទេស​ព្រោះ​រដ្ឋាភិបាល​ខ្វះ​លុយ​ចិញ្ចឹម​ទ័ព​ខ្លះ​ផង អ៊ីចឹង​ចេះ​តែ​ធ្វើ​គ​ធ្វើ​ថ្លង់​ទៅ​ដើម្បី​រក្សា​អំណាច បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​ធ្លាប់​ប្រកាស​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​បើ​លោក​ដោះស្រាយ​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​មិន​បាន​នោះ។

ជាង​នេះ​ទៅ​ទៀត សូម្បី​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​ហាក់​បី​ដូចជា​ទទួល​ស្គាល់​តុលាការ​មាន​ភាព​ពុក​រលួយ​ដែរ ដូច​ករណី​ដោះលែង​ឪពុក-ម្តាយ ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ​ជាដើម។ រឿងរ៉ាវ​តុលាការ​នៅ​ស្រុក​ខ្មែរ​ប្រៀប​ដូចជា​រឿង​ភេ និង​ឆ្កែ​ចចក នៅ​ក្នុង​សៀវភៅ​រៀន​អាន​ថ្នាក់ ទី១ នៅ​ពេល​ដែល​សត្វ​ភេ ២ ក្បាល​បាន​ចាប់​បាន​ត្រី​តែ ១ ហើយ​ចែក​គ្នា​មិន​ដាច់​យក​ទៅ​ប្តឹង​សត្វ​ឆ្កែ​ចចក ពេល​នោះ​ឆ្កែ​ចចក​កាត់​សេចក្តី​មិន​ស្មើ ហើយ​ឆ្កែ​ចចក​ឆ្លៀត​កាត់​សាច់​ត្រី​យក​ខ្លួន​ឯង​មួយ​ផ្នែក​ធំ តែ​សត្វ​ភេ​ទាំង ២ ក្បាល​នៅ​តែ​មិន​សុខ​ចិត្ត​នឹង​គ្នា ទី​បំផុត​បាន​តែ​ម្នាក់​មួយ​ចំណិត​តូច​នៃ​សត្វ​ត្រី​ដែល​ខ្លួន​រក​បាន​នោះ។ ហើយ​ពេល​ខ្លះ​មន្ត្រី​នៅ​តុលាការ​ក៏​មាន​ការ​ប្រជែង​គ្នា​រឿង​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​នឹង លោក មាលតី នេះ​ដែរ គឺថា​នៅ​ពេល​ណា​មាន​ករណី​កាត់​ក្តី​រឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឬ​ក៏​ការ​ប្រទូស្ត​កេរ្តិ៍​ខ្មាស ឬ​ក៏​ការ​លែង​លះ​ប្តី​ប្រពន្ធ​គឺ​ឲ្យ​ទៅ​គេ រីឯ​ករណី​កាត់​ក្តី​ធំៗ​ដែល​ពាក់ព័ន្ធ​លុយ​កាក់​ច្រើន ដូច​ជា​ទំនាស់​ដីធ្លី ឬ​បទ​ឧក្រិដ្ឋ​ធំៗ ដូច​ករណី​ដី​យាយ​ក្រពើ និង​ជន​សង្ស័យ ថោង សារ៉ាត់ ជាដើម​នោះ​គឺ​អញ​ជា​អ្នក​កាត់​ក្តី។ នេះ​ក៏​ជា​សិល្បៈ​មួយ​ដែរ។

ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ជា​រឿង​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​របស់​មន្ត្រី​ប៉ូលិស​នោះ​គឺ នៅ​ពេល​ដែល​ខ្លួន​ខំ​ប្រឹង​ស៊ើប​អង្កេត​ហើយ តាម​ចាប់​បាន​ករណី​បទ​ឧក្រិដ្ឋ​ធំៗ​យក​មក​តុលាការ​តែ​បែរ​ជា​ចៅក្រម​ដោះលែង​ដោយ​ទទួល​សំណូក​ទៅ​វិញ តើ​ការ​ចាប់​ឧក្រិដ្ឋ​ជន និង​អ្នក​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​នោះ​ដើម្បី​អ្វី មាន​ន័យ​អ្វី? អ៊ីចឹង​មាន​តែ​ពេល​ខ្លះ​ដោយ​សារ​តែ​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​ដោយ​ទទួល​សំណូក ហេតុ​ដូច​នេះ​សមត្ថកិច្ច​អាច​ធ្វើ​ឲ្យ​មាន​ការ​កើត​ឡើង​ករណី​មិន​ចាត់​ការ ឬ​ក៏​ធ្វើ​ជា​រក​មិន​ឃើញ​ដោយ​សារ​ទទួល​សំណូក ឬ​ក៏​សម្ពាធ​នយោបាយ​ដែរ យ៉ាង​ម៉េច​ទៅ​វិញ? ដូច​ករណី​រឿង​សំខាន់​ចាប់​លោក ថោង សារ៉ាត់ មិន​បាន? បើ​ទោះ​បី​ជា​លោក​ខំ​បញ្ចេញ​ខ្សែ​អាត់​លើក ទី៣ នៅ​តាម​ហ្វេសប៊ុក​កាល​ពី​សប្តាហ៍​មុន​នេះ​ថា គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក អ៊ឹង ម៉េងជឺ ទេ។

តែ​សំណួរ​ជា​សាមញ្ញ​សួរ​ថា បើ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​នេះ ហេតុ​អ្វី​បាន​ជា​លោក មិន​ចូល​ខ្លួន​មក​តុលាការ​ដើម្បី​ជម្រះ​បញ្ជី​ដើម្បី​ឲ្យ​ដាច់​ស្រេច​ទៅ? ហើយ​ក៏​អាច​បង្ហាញ​ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ឪពុក​ម្តាយ​របស់​លោក​ដែរ? សិល្បៈ​នៃ​ការ​សម្តែង​ធំៗ​របស់​សមត្ថកិច្ច​នេះ​គឺ​អាច​មាន​ចេញ​នូវ​លក្ខខណ្ឌ​ស៊ី​រែក​គឺ​ស៊ី​ទាំង​ដើម​ចោទ ស៊ី​ទាំង​ចុង​ចោទ ប្រាប់​ថា មិន​អី​ទេ​សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត​តាម​ចាប់​ជិត​បាន​ហើយ​គឺ​បាន​ត្រឹម​តែ​ដឹង​តម្រុយ​រហូត អ្នក​ដើម​ចោទ​បាន​ត្រឹម​តែ​សង្ឃឹម​រហូត។ ដូច​គ្នា​នេះ​ដែរ ករណី ឈូក បណ្ឌិត មក​ទល់​ពេល​នេះ​នៅ​តែ​ចាប់​មិន​បាន​ដដែល បើ​ទោះ​បី​ជា​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ផង​ក៏​ធ្លាប់​ប្រកាស​តាម​ចាប់​ជន​ជាប់​ចោទ ឈូក បណ្ឌិត នេះ​ដែរ។

តែ​ផ្ទុយ​ទៅ​វិញ ករណី​ឧក្រិដ្ឋ​ជន ហេង ពៅ វិញ​កុំ​ថា ឡើយ​ឆ្លង​ប្រទេស​ទៅ​ដល់​ម៉ាឡេស៊ី ក៏​ដោយ​កុំ​ថា​រួច​ខ្លួន​ឲ្យ​សោះ​គឺ​រដ្ឋាភិបាល​ថ្ពក់​យក​មក​វិញ​ឲ្យ​ទាល់​តែ​បាន ហើយ​ចោទ​ពី​បទ​សឹង​តែ​គ្រប់​រឿង ជាប់​គុក​ជាង ១០០ ឆ្នាំ​ឯណោះ​សរុប​ទៅ។ ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាប់​ព្រមាន​រួច​ថា កុំ​ថា​ឡើយ​យន្តហោះ​ឡើង​ផុត​ពី​ដី​ថា រួច​ខ្លួន​ឲ្យ​សោះ លោក​ក៏​បញ្ជា​ឲ្យ​យន្តហោះ​នោះ​ត្រឡប់​មក​ក្រោយ​វិញ​បាន​ដែរ នេះ​បើ​រដ្ឋាភិបាល​ចង់​ចាប់​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ​នោះ​។

នេះ​គឺ​សិល្បៈ​ការ​សម្តែង​ឲ្យ​ឃើញ​លើ​គោកៗ​ពេក​ហើយ ថា​តើ​នៅ​ស្រុក​ខ្មែរ​រឿង​តុលាការ សមត្ថកិច្ច និង​ឆាក​ល្ខោន​នយោបាយ​នោះ ឲ្យ​តែ​មនុស្ស​ដែល​គេ​ប្រើ​លែង​កើត​ហើយ​ប៉ះពាល់​ផល​ប្រយោជន៍​ធំៗ គឺ​គេ​ត្រូវ​លត់​ហើយ​យក​ច្បាប់​មក​ចោទ​ជុំ​ទិស សូម្បី​តែ​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ខុស​ច្បាប់​នៅ ឃុំ​រកា ខេត្ត​បាត់ដំបង ក៏​ត្រូវ​រដ្ឋាភិបាល​ចោទ​ឡើង​ងងឹត​មុខ​ដែរ​គឺ​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ តាម​ពិត​គឺជា​រឿង​ធ្វេស​ប្រហែស​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​សោះ​ដែល​បណ្តោយ​ឲ្យ​មាន​ផ្ទុះ​នូវ​ការ​ឆ្លង​មេរោគ​អេដស៍​ទៅ​មនុស្ស​ជាង ២០០ នាក់​កន្លង​ទៅ។

សរុប​មក​វិញ បើ​ម្នាក់ៗ​ចេះ​តែ​ដេក​គិត​សម្តែង​ឆាក​បំភាន់​ភ្នែក​ស្រស់ៗ​បែប​ហ្នឹង តើ​ស្រុក​ទេស​ពេល​ណា​បាន​និទ្ទណ្ឌភាព​ត្រូវ​បាន​គេ​បញ្ចប់​នោះ? ហើយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​នេះ គ្រាន់​តែ​ជា​ការ​វាយ​ស្មៅ​បង្អើល​ពស់ ដូច​ករណី​លោក អាំង មាលតី នេះ​ទេ គឺ​មិន​មែន​ជា​កំណែ​ទម្រង់​ឲ្យ​មាន​និរន្តរភាព​ពិត​ប្រាកដ​នោះ​ទេ។

ហេតុ​ដូច​នេះ រាជ​រដ្ឋាភិបាល គួរ​តែ​មើល​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ឲ្យ​មាន​តម្លាភាព រវាង​សមត្ថកិច្ច និង​តុលាការ និង​ដើម្បី​ឲ្យ​មាន​គណនេយ្យភាព​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ បើ​ពុំ​ដូច​នោះ​អាណត្តិ​ក្រោយ​ប្រហែល​បាត់​លើស ២២ កៅអី​ទៀត។

យ៉ាង​ណា​មិញ​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​គួរ​តែ​ចេះ​ភ្ញាក់​រឭក​ស៊ើប​អង្កេត​ករណី​រំលោភ​ច្បាប់​នៅ​ប្រព័ន្ធ​តុលាការ​ដោយ​ខ្លួន​ឯង កុំ​ចាំ​តែ​រដ្ឋាភិបាល​មាន​ប្រតិកម្ម​បាន​ខ្លួន​ខំ​ប្រឹង​ធ្វើ​តាម​នោះ៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com