ថ្នាំ​កែរោគ​ប្រជា​ធិបតេយ្យ

Posted by: | Posted on: March 10, 2015

Reading this article is to enrich your critical thinking. The theory author articulated here is not generally relevant but it is a foundation of strategic framework for Cambodia.

Op-Ed: Phnom Penh Post in Khmer

សន្ដិសុខ ក្រុង​ហុងកុង ប្រើ​ដំបង​បង្ក្រាប​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ កាលពី ខែ​មករា ឆ្នាំ​២០១៤។

សន្ដិសុខ ក្រុង​ហុងកុង ប្រើ​ដំបង​បង្ក្រាប​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ កាលពី ខែ​មករា ឆ្នាំ​២០១៤។ AFP

ថ្នាំ​កែរោគ​ប្រជា​ធិបតេយ្យ

Mon, 9 March 2015

ជាទូទៅ​ក្រុម​និស្សិត​បញ្ញវន្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា «ក្រុម​ស្អី​ក៏​ប្រឆាំង»។ គេ​ប្រឆាំង​គ្រប់​របប​ទាំង​អស់​នៅ​ក្នុង​សង្គម។ ក៏ប៉ុន្តែ​កម្លាំង​យុវជន​តែ​មួយ​មុខ​មិន​អាច​ធ្វើ​ឲ្យ​របប​នយោបាយ​ផ្លាស់​ប្តូរ​ឬ​ដួល​រលំ​បាន​ទេ។ វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​មាន​ការ​ជួយ​ពី​ចលនា​មហាជន គណបក្ស និង​ក្រុម​យោធា។

ជាក់​ស្តែង​ដូច​ជា​ចលនា​បាតុកម្ម​និស្សិត​នៅ មីយ៉ាន់ម៉ា (Generation 88) ឆ្នាំ​១៩៨៨, ចលនា​បាតុកម្ម​យុវជន​ចិន​នៅ​ទីលាន​ក្រហម (Tiananmen Square) ឆ្នាំ​១៩៨៩ ចលនា​បាតុកម្ម​និស្សិត​ខ្មែរ (Youth For Democracy Movement) នៅ ឆ្នាំ​១៩៩៨, បាតុកម្ម​ចលនា​ឆត្រ​និស្សិត (Umbrella Movement) នៅ​ហុងកុង ឆ្នាំ​២០១៤ និង​ចលនា​ផ្កា​ព្រះ​អាទិត្យ​និស្សិត (Sunflower Movement) នៅ​តៃវ៉ាន់ ឆ្នាំ​២០១៤ ជាដើម។

កំហុស​ឆ្គង​ដ៏​ធំ​មួយ​របស់​ជន​ប្រជា​ធិបតេយ្យ​ជ្រុល​និយម​គឺជា​ការ​យល់​ច្រឡំ​ថា ការ​កាត់​ក្បាល​ម៉ាស៊ីន​របប​ចាស់​ចោល​ហើយ​ដាក់​ក្បាល​ម៉ាស៊ីន​របប​ថ្មី​ជំនួស​គឺជា​ការ​ស្រេច។ តែ​ប្រវត្តិសាស្ត្រ​ជាក់​ស្តែង​បាន​បង្ហាញ​ថា រឿង​មិន​សាមញ្ញ​យ៉ាង​នេះ​ពេក​នោះ​ទេ។

ឧទាហរណ៍ អាមេរិក​ទម្លាក់​សម្តេច​សីហនុ ដាក់​សេនា​ប្រមុខ លន់ នល់ ទីបំផុត​អូស​កម្ពុជា​ចូល​ក្នុង​សង្គ្រាម​តស៊ូ​អំណាច​ឡើង​ម៉ដ្ឋ​ប្រទេស​មួយ រីឯ​មជ្ឈិម​បូព៌ា​វិញ​ក្នុង​បដិវត្តន៍​អារ៉ាប់​នា​រដូវ​ផ្តា​រីក (Arab Spring) ខែ​ធ្នូ ឆ្នាំ​២០១០ រហូត​មក​ទល់​ពេល​នេះ ឆ្នាំ​២០១៥ យ៉ាង​ហោច​មាន​ប្រទេស​ចំនួន ២១ ដូច​ជា ទុយនីស៊ី អេហ្ស៊ីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត ម៉ារ៉ុក អ៊ីស្រាអែល ស៊ូដង់ ម៉ូរីស អូម៉ង់ អារ៉ាប់​ខាង​ត្បូង ឌីបូទី​សាហារ៉ា​ខាង​លិច ប៉ាឡេស្ទីន ម៉ាលី និង​អាហ្វ្រិក​ខាង​ជើង​ជា​ដើម ក្នុង​នោះ​មាន ៦ ប្រទេស​ខាង​ដើម​បាន​ផ្ទុះ​ដែល​ទី​បំផុត​បាន​ក្លាយ​ជា​បដិវត្តន៍​អារ៉ាប់​នា​រដូវ​រងា (Arab Winter) ទី១ ដោយ​សារ​តែ​ឆ្លង​ចូល​រដូវ​រងា តែ ទី២ គឺ​ប្រទេស​ត្រូវ​ខ្ទេច​ខ្ទី​ថ្វី​ដ្បិត​តែ​មេ​ដឹក​នាំ​ផ្តាច់​ការ​ធ្លាក់​ពី​អំណាច​តែ​មិន​ព្រម​ចាញ់ ហើយ​បង្ក​ជា​សង្គ្រាម​ស៊ីវិល​អូស​ប្រទេស​ថយ​ក្រោយ ១៥ ទៅ ២០​ឆ្នាំ។ ឧទាហរណ៍​ថ្មីៗ ដូចជា​អាមេរិក​កាត់​ក្បាល សាដាម ហ៊ូសេន នៅ​អ៊ីរ៉ាក់ ឆ្នាំ​២០០៣ ទី​បំផុត ១០ ឆ្នាំ​ក្រោយ នៅ ឆ្នាំ​២០១៣ ទីក្រុង​បាកដាដ នៅ​តែ​ជា​ទីក្រុង​ខ្មោច​ដូច​គ្នា​នឹង​ទីក្រុង​ដាម៉ាស នៃ​ប្រទេស​ស៊ីរី បច្ចុប្បន្ន​នេះ​ដែរ។

ក្រោយ​ពី​ការ​ដួល​រលំ​អង្គរ​សង្គ្រាម​ផ្ទៃ​ក្នុង​នៃ​នគរ​ខ្មែរ និង​ការ​បែក​បាក់​ក្នុង​រយៈ​ពេល​ជាង ៦០០ ឆ្នាំ​កន្លង​មក ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​កម្ពុជា​សល់​ដី​ប៉ុន​សម្បក​ក្តាម​ជាតិ​សាសន៍​ខ្មែរ​ស្ទើរ​ផុត​ពូជ។ អ្នក​ណា​ក៏​ចង់​បាន​ល្អ​ដែរ តែ​អ្វីៗ​វាជា​ច្បាប់​នយោបាយ​ដែល​ត្រូវ​ការ​ពេល​វេលា​និង​មាគ៌ា​ត្រឹម​ត្រូវ​ដោយ «ធ្វើ​ម្តង​មួយ​ជំហានៗ»។ ដូច​ពាក្យ​ថា «គេ​មិន​អាច​សង់​ទីក្រុង​អង្គរ ទី​ក្រុង​ប៉ារីស ដ៏​ស្អាត​អស្ចារ្យ​ក្នុង​រយៈ​ពេល​មួយ​យប់​បាន​ទេ»។ ឲ្យ​តែ​មាគ៌ា​ត្រឹម​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​បន្តិច​ក៏​មិន​ជា​បញ្ហា​ដែរ។ «គ្រប់​ផ្លូវ​សុទ្ធ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​រ៉ូម​ទាំង​អស់»។

ដូច​នេះ​បើ​ផ្អែក​តាម​បទ​ពិសោធ​នៃ​ប្រជាធិបតេយ្យ​នីយកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​មនុស្ស​ជាតិ​ក្នុង​រយៈ​ពេល​កន្លះ​សតវត្សរ៍​ក្រោយ​សង្គ្រាម​លោក​លើក ទី២ នេះ តើ​អ្វី​ទៅ​ជា​មាគ៌ា​ដើម្បី​សាង​ប្រជា​ធិបតេយ្យ​ឬ​ជា​ថ្នាំ​សម្រាប់​កែ​រោគ​ប្រជា​ធិបតេយ្យ​សម្រាប់​កម្ពុជា? ជា​ទូទៅ​មាន​មាគ៌ា​ធំ​បី​សម្រាប់​ធ្វើ​ប្រជា​ធិបតេយ្យ​នីយកម្ម​ដោយ​ការ​បោះ​ឆ្នោត​នៅ​តែ​ជា​បេះដូង​នៃ​មាគ៌ា​ទាំង​បី​នេះ។

មាគ៌ា ទី១. គឺ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អំណាច​ផ្តាច់​ការ ក.ដាក់​មនុស្ស​ក្នុង​តួនាទី ដែល​មាន​អំណាច​ផ្លាស់​ប្តូរ​និង​អំណាច​សម្រេច​ចិត្ត​ដូច​ជា​ក្នុង​រដ្ឋាភិបាល​បក្ស​និង​យោធា​ជាដើម ខ.រក្សា​ចលនា​ពីរ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ថយ​ក្រោយ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​អនីត្យា​នុកូលភាព​នៃ​រដ្ឋាភិបាល​មាន​ន័យ​ថា ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់ គ.ធ្វើ​ការ​ផ្លាស់​ប្តូរ​មណ្ឌល​ឆ្នោត​ដើម្បី​បំបែក​ការ​វាយ​ប្រហារ​ពី​គណបក្ស​កាន់​រដ្ឋាភិបាល ឃ.ជួយ​ជំរុញ​ក្រុម​កំណែ​ទម្រង់​ខាង​ក្នុង​រដ្ឋាភិបាល​តាម​របៀប​ខ្ចី​កាំបិត​សម្លាប់​មនុស្ស​ឬ​យក​ដៃ​ខ្មោច​ក្នុង ង.រក្សា​សាមគ្គី​ផ្ទៃ​ក្នុង​ប្រឆាំង​ក្រុម​ដែល​ចង់​បំបែក​ផ្ទៃ​ក្នុង​អ្នក​ប្រជា​ធិបតេយ្យ ច.រក្សា​ការ​អត់ធ្មត់ ឆ.បង្ហាញ​ចរន្ត​ដែល​អ្នក​ប្រជា​ធិបតេយ្យ​ឡើង​កាន់​អំណាច​ដោយ​សន្តិភាព​និរន្តរភាព​និង​គ្មាន​ការ​គំរាម​កំហែង​ឬប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ក្រុម​កាន់​អំណាច ជ.ធ្វើ​ឲ្យ​ការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺជា​រឿង​ដែល​មាន​សារៈ​សំខាន់​ចាំ​បាច់​ខ្លាំង​ក្លា​មែន​ទែន​ក្នុង​គំនិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បំផុត។

មាគ៌ា ទី២. គឺ​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការ​តាម​រយៈ ក.ដូច​យើង​ដឹង​ហើយ​ថា​ចំណុច​ខ្សោយ​ជាង​គេ​បំផុត​របស់​របប​ផ្តាច់​ការ​គឺ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ឬ​របប​ដូច​នេះ​បើ​របប​លែង​មាន​ភាព​ស្រប​ច្បាប់ ពលរដ្ឋ​ចាប់​ផ្តើម​សួរ​រក​ចម្លើយ​ថ្មី​ថា អ្នក​ណា​គួរ​មក​កាន់​អំណាច​ដោយ​ស្រប​ច្បាប់? ខ.ដូច​គ្នា​នឹង​អ្នក​ប្រជា​ធិបតេយ្យ​ដែរ​គឺ​ជន​ផ្តាច់​ការ​តែង​តែ​ផ្តាច់​ខ្លួន​ឯង​ចេញ​ពី​សម្ពាធ​អ្នក​គាំទ្រ​លើស​ពី​នេះ​គេ​ចង​ក្រង​ពួក​មេ​ឈ្មួញ​មនុស្ស​ឋានៈ​កណ្តាល​មេ​សាសនា មេ​គណបក្ស​នយោបាយ​តូចៗ ក្រុម​ពួក​អាជីព​វិជ្ជាជីវៈ ដូច​ជា​ពេទ្យ វិស្វករ​អ្នក​វិទ្យាសាស្ត្រ​ជា​ដើម​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ធម្មតា​ចំណុច​នេះ​ត្រូវ​មើល​ថា តើ​អ្នក​ណា​ឆ្លាត​ជាង​អាច​យក​ចិត្ត​ក្រុម​ពួក​បញ្ញវន្ត​បាន? គ.ជា​ទូទៅ​របប​មួយ​ចុង​ក្រោយ​អាច​ដួល​រលំ​ឬ​អត់ គឺ​វា​អាស្រ័យ​លើ​ពួក​ឧត្តម​សេនីយ៍ ដូច​នេះ​ត្រូវ​ប្រើ​ប្រាស់​នូវ​ទំនាក់​ទំនង​តាម​ស្ថាប័ន​ដែល​មាន​ស្រាប់ ដើម្បី​ស្ទាប​ចិត្ត​ឧត្តម​សេនីយ៍​និង​យក​បេះដូង​កងទ័ព​ឲ្យ​បាន។

ចំណុច​នេះ​ហើយ​ដែល​គណបក្ស​កាន់​អំណាច​តែង​តែ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្តិ​ផ្តាយ​ឲ្យ​ពួក​ឧត្តម​សេនីយ៍ ដើម្បី​ទិញ​ទឹក​ចិត្ត​ភក្តី​ភាព​តែ​មិន​មែន​ឧត្តម​សេនីយ៍​ទាំង​អស់​សុទ្ធ​តែ​អាច​ទិញ​បាន​ឯណា​ហើយ​ម្យ៉ាង​វិញ​ទៀត​ចង់​យក​ចិត្ត​ទាហាន​ត្រូវ​យក​ចិត្ត​គ្រួសារ​គេ។ ឃ.ធ្វើ​ការ​បង្រៀន​និង​អនុវត្ត​នូវ​ការ​ប្រឆាំង​បែប​អហិង្សា​ឲ្យ​បាន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ។ ជា​ទូទៅ​កងទ័ព​មិន​ស៊ី​ខ្សែ​នឹង​ក្រុម​ហិង្សា​ទេ​ដូច​នេះ​ត្រូវ​យក​ឈ្នះ​លើ​ភាព​ហិង្សា​ដោយ​អហិង្សា​នៅ​ពេល​ពលរដ្ឋ​អ្នក​គាំទ្រ​ហ៊ាន​ដើរ​ចូល​ដោយ​សន្តិវិធី​ឲ្យ​ទាហាន​បាញ់​ហើយ​គឺ​របប​នោះ​ច្បាស់​ជា​រលំ​មិន​ខាន។ ង.ចាប់​យក​ឱកាស​គ្រប់​ទីកន្លែង បើ​គ្មាន​ឱកាស​បង្កើត​ឱកាស​ដើម្បី​បង្ហាញ​ផ្សព្វ​ផ្សាយ​ពី​គំនិត​ប្រឆាំង​ការ​ផ្លាស់​ប្តូរ និង​ជម្រើស​ថ្មី​ពេល​ខ្លះ​បើ​ទោះ​ត្រូវ​ចូល​ក្នុង​រូង​ខ្លា​ក៏​ត្រូវ​ចូល​ដែរ។ ចំណាយ​ពេល​ច្រើន​ជាមួយ​អ្នក​ដែល​មិន​គាំទ្រ​យើង។ ច. បង្កើត​ទំនាក់​ទំនង​ជាមួយ​សារ​ព័ត៌មាន​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ដើម្បី​វាយ​យក​សមរភូមិ​ការទូត​តំបន់ និង​កម្រិត​អន្តរជាតិ។ វាយ​ជិត​មិន​បាន​វាយ​ឆ្ងាយ។ យក​សមរភូមិ​ឆ្ងាយ​មក​បង្ក្រាប​ជិត។ ឆ.លើក​កម្ពស់​ការ​ឯកភាព​គ្នា​នៅ​ក្នុង​ចំណោម​ក្រុម​ប្រឆាំង។ វាជា​រឿង​ដែល​លំបាក​តែ​ត្រូវ​យក​ឈ្នះ​ឲ្យ​បាន។ បើ​មិន​ឈ្នះ​ខ្លួន​ឯង​ម៉េច​អាច​នឹង​ឈ្នះ​ចិត្ត​រាស្ត្រ​បាន។ មេ​ដឹក​នាំ​ដែល​អស្ចារ្យ​គឺ​មេ​ដឹក​នាំ​ដែល​អាច​ចងក្រង​និង​គ្រប់​គ្រង​មនុស្ស​គ្រប់​ប្រភេទ។ ជ.នៅ​ពេល​របប​ផ្តាច់​ការ​ដួល​រលំ​ត្រូវ​ត្រៀម​ខ្លួន​រៀបចំ​ឲ្យ​ហើយ​ដើម្បី​បំពេញ​នៅ​ចន្លោះ​ប្រហោង​នៃ​អំណាច​ដែល​បាន​បាត់បង់។ អាច​ធ្វើ​តាម​រយៈ​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​មហាជន, ប្រជាប្រិយ​ភាព​មេ​ដឹក​នាំ, បណ្តាញ​អ្នក​ប្រជា​ធិបតេយ្យ, កំណត់​ការ​បោះ​ឆ្នោត​ជាក់​លាក់​ដើម្បី​បង្កើត​ភាព​ស្រប​ច្បាប់​ឲ្យ​រដ្ឋាភិបាល​ថ្មី, កសាង​នូវ​ភាព​ស្រប​ច្បាប់​ក្នុង​ចំណោម​សហគមន៍​អន្តរជាតិ​ជាដើម។

រីឯ​មាគ៌ា ទី៣. គឺ​ការ​ចរចា​ដើម្បី​ប្តូរ​ប្រព័ន្ធ​នយោបាយ​ផ្តាច់​ការ ពី​អ្នក​ធ្វើ​កំណែ​ទម្រង់​ប្រជា​ធិបតេយ្យ​ក្នុង​រដ្ឋាភិបាល។ នៅ​ពេល​ក្រុម​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន ពួក​កំណែ​ទម្រង់​ក្នុង​រដ្ឋាភិបាល​ក៏​មាន​វិធី​របស់​គេ​ដែរ។ ក.គេ​នឹង​ធ្វើ​ការ​ផ្តាច់​ចេញ​ឲ្យ​នៅ​តែ​ឯង​និង​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ក្រុម​សើរើ​និយម​ក្នុង​រដ្ឋាភិបាល​ហើយ​ប្រមូល​ផ្តុំ​កម្លាំង​យក​ទៅ​បុក​ពួក​ប្រឆាំង​សិន។ ខ.គេ​នឹង​រឹត​ឲ្យ​ណែន​លែង​ឲ្យ​ធូរ​គឺ​តឹងៗ​ណាស់ តែ​ធូរ​ក៏​ធូរ​ណាស់​ដែរ របស់​ដែល​ឲ្យ​ងាយ​បែរ​ជា​ធ្វើ​ឲ្យ​តឹង​ដល់​ពេល​ត្រូវ​ក៏​ឲ្យ​លែង​យ៉ាង​ធូរ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​សើរើ​និយម​ក្នុង​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​ភ្ញាក់​ផ្អើល​និង​មាន​ការ​សង្ស័យ​គ្នា តែ​គេ​ដាច់​ខាត​មិន​ធ្វើ​សម្បទាន​ក្រោម​សម្ពាធ​គណបក្ស​ប្រឆាំង​ជា​ដាច់​ខាត។ គ.គេ​នឹង​គាំទ្រ​នូវ​គោល​គំនិត​ចរចា​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​ឧត្តម​សេនីយ៍ ឬ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ដើម្បី​បាន​ជា​លេស​ថា មិន​មែន​មិន​ចង់​ឲ្យ​ទេ​តែ​មន្ត្រី​ខ្ញុំ​គេ​មិន​ព្រម។ ឃ.គេ​នឹង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​រក្សា​លំនឹង​រដ្ឋ​អំណាច​និង​រាជការ​ដើម្បី​ជា​កម្លាំង​ក្នុង​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង។ ង.គេ​នឹង​បង្កើត​ផ្លូវ​ក្រោយ​ដើម្បី​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​ចំពោះ​រឿង​សំខាន់ៗ​បង្កើត​ការ​សង្ស័យ​គ្នា​ក្នុង​ក្រុម​ប្រឆាំង​និង​ការ​និន្ទា​ពី​រាស្ត្រ​គាំទ្រ។ ច.នៅ​ពេល​ការ​ចរចា​បាន​ជោគជ័យ​គឺ​បក្ស​កាន់​អំណាច​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​វិញ​ម្តង។ ត្រូវ​ការពារ​អំណាច​បក្ខពួក​របស់​ខ្លួន​បើ​ត្រូវ​លះបង់ សុខ​ចិត្ត​ឲ្យ​បាត់​តិច។

ចំណែក​ឯ​ក្រុម​ប្រឆាំង​វិញ​គ្រប់​ពេល​ក្នុង​ពេល​ចរចា​គ្នា​បក្ស​ប្រឆាំង​វិញ​ត្រូវ៖

ក. ត្រៀម​ខ្លួន​ដើម្បី​បញ្ចេញ​កម្លាំង​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​ដើម្បី​រក្សា​ជំនឿ​របស់​អ្នក​គាំទ្រ​ផង​ដើម្បី​ធ្វើ​ឲ្យ​ដៃ​គូ​ចរចា​ទន់​ខ្សោយ​ផង ហើយ​ក៏​ឆ្កឹះ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​ពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម​ពី​ច្បាប់ និង​សណ្តាប់​ធ្នាប់​សង្គម​ដើម្បី​បាន​ការ​ចូល​រួម​ពី​មហាជន​កាន់​តែ​ច្រើន។ ខ.ត្រូវ​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ដល់​ដៃ​គូ​ចរចា​និង​ពលរដ្ឋ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​និង​ក្រុម​ដែល​ត្រូវ​ទៅ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​អនាគត។ គ.ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​រួច​រាល់​បន្ទាប់​ពីធ្វើ​បាតុកម្ម​ហើយ​នឹង​មាន​ការ​ហៅ​គ្នា​ចរចា​តើ​ចរចា​រឿង​អ្វី? ចង់​បាន​អ្វី? អ្វី​ជា​វត្ថុ​ចរចា? អ្វី​ដែល​ត្រូវ​លះបង់ អ្វី​ដែល​មិន​អាច​លះបង់​បាន? ក្នុង​ករណី​ចាំបាច់ អាច​លះ​បង់​អ្វី​ក៏​បាន​តែ​លើក​លែង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌។ ជន​ផ្តាច់ការ​ខ្លាច​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ។ ឃ.ចាំ​ថា​មុន​នឹង​ក្រោយ​អ្នក​ប្រឆាំង​នឹង​ឈ្នះ​ដូច​នេះ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​ដឹក​នាំ​ប្រទេស​មាន​ភាព​ស្មុគ​ស្មាញ​ចំពោះ​ខ្លួន​ឯង​ឬ​ចង​ជើង​ខ្លួន​ឯង​នោះ​ទេ។

ទាំង​អ្នក​ប្រជា​ធិបតេយ្យ​ក្នុង​បក្ស​ប្រឆាំង​និង​ក្នុង​រដ្ឋាភិបាល​ត្រូវ​ដឹង​ថា៖

ក. ចាំ​ថា​លក្ខខណ្ឌ​នយោបាយ​ដែល​អំណោយ​ផល​សម្រាប់​ការ​ចរចា​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គឺ​មិន​ស្ថិត​ស្ថេរ​ទេ​ឬ​មិន​មាន​គ្រប់​ពេល​នោះ​ទេ។ ដូច​នេះ​ត្រូវ​ចេះ​ចាប់​យក​ឱកាស​ឲ្យ​បាន​ល្អ​ទៅ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​ជា​ចំណុច​ស្លាប់​រស់​ដល់​ប្រជា​ធិបតេយ្យ​ដូច​ជា ការ​បោះឆ្នោត​ជាដើម។ ខ.ចាំ​ថា​ជីវិត​នយោបាយ​របស់​អ្នក​និង​ដៃគូ​អ្នក គឺ​ពឹង​ផ្អែក​លើ​ជោគជ័យ​ក្នុង​ការ​ចរចា​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រជា​ធិបតេយ្យ។ គ. រក្សា​ការ​ទាម​ទារ​ដាច់​ខាត​ហើយ​ពេល​ខ្លះ​អាច​ពន្យារ​ពេល​ចរចា​ឬ​គំរាម​កំហែង​ដល់​ចំណុច​ខ្សោយ​ដែល​ជា​ប្រយោជន៍​សំខាន់​របស់​ដៃគូ​ចរចា។ ឃ. ចាំ​ថា​លទ្ធផល​ចរចា គឺជា​លទ្ធផល​ជា​ជម្រើស​តែ​មួយ​គត់។ អ្នក​ជ្រុល​និយម​និង​អ្នក​សើរើ​និយម​ប្រាកដ​ជា​ប្រកាស​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​ចរចា ប៉ុន្តែ​ពួក​គេ​នឹង​មិន​អាច​សម្រេច​លទ្ធផល​អ្វី​ឲ្យ​ល្អ​ជាង​នេះ​បាន​ទេ។ ចំណុច​នេះ​ត្រូវ​មើល​ថា តើ​ក្រុម​ណា​ចេះ​ពន្យល់​ផ្សព្វ​ផ្សាយ​បាន​ល្អ​ជាង​ដើម្បី​រក្សា​ការ​គាំទ្រ​របស់​ខ្លួន។ ពេល​ចរចា​ព័ត៌មាន​គឺជា​ចំណុច​ស្លាប់​រស់។ ច. ចំពោះ​រឿង​ណា​ដែល​មិន​ច្បាស់​ស្រពេច​ស្រពិល​គឺ​សម្រប​សម្រួល​គ្នា​យក​ផ្លូវ​កណ្តាល។

មាគ៌ា ទី២ គឺ​គ្រោះ​ថ្នាក់​បំផុត។ លទ្ធផល​អាក្រក់ ច្រើន​ជាង​លទ្ធផល​ល្អ។ ពោល​គឺជា​ជម្រើស​ចាញ់-​ចាញ់ (Zero-Sum Game) ព្រោះ​អ្នក​ណា​ឈ្នះ​ក៏​ដោយ​ក៏​ជាតិ​រលាយ​ពលរដ្ឋ​ជា​អ្នក​ចាញ់។ មាគ៌ា ទី១ អាច​អនុវត្ត​ទៅ​បាន​វា​ទាល់​តែ​ចូល​ធ្វើ​រដ្ឋាភិបាល​ជា​ដៃគូ​ចម្រុះ ដូច​កាល ១៩៩៣ រវាង​ក្រុម ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជន។ តែ​បញ្ហា​ពេល​នោះ​គឺ​មេ​ដឹក​នាំ​ហ៊្វុន​ស៊ិន​ប៉ិច អន់​ខ្លាំង​ពេក។ មាគ៌ា ទី៣ គឺ​តែង​តែ​កើត​ឡើង​បន្ទាប់​ពីការ​បោះ​ឆ្នោត​មាន​ការ​ជាប់​គាំង​បង្កើត​ជា​ការ​ចរចា​គ្នា​លទ្ធផល​គឺ ឈ្នះ-​ឈ្នះ ទាំង​អស់​គ្នា (Positive-Sum Game)។ បក្ស​កាន់​អំណាច​ក៏​ឈ្នះ​បក្ស​ប្រឆាំង​ក៏​ឈ្នះ​រាស្ត្រ​ក៏​ឈ្នះ។

បក្ស​កាន់​អំណាច​ឈ្នះ​ព្រោះ​បាន​ដឹក​នាំ​រដ្ឋ​បន្ត។ បក្ស​ប្រឆាំង​ឈ្នះ ព្រោះ​បាន​កែ​ប្រែ គ.ជ.ប និង​ស្ថាប័ន​ជាតិ​ធំៗ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ។ រាស្ត្រ​ទាំង​អស់​គ្នា​ឈ្នះ​ព្រោះ​ប្រទេស​ជាតិ​នៅ​តែ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព។ សន្តិភាព​ជា​ស្តេច​នៃ​ការ​អភិវឌ្ឍ។ ថ្វី​ដ្បិត​តែ​មួយ​ជំហាន​ថយ​ក្រោយ​តែ​ពីរ​ជំហាន​បាន​បោះ​ទៅ​មុខ។

មួយ​ជំហាន​ដែល​សល់​នេះ​ហើយ​ជា​ដំណើរ​ការ​កសាង​ប្រជា​ធិបតេយ្យ​ឬ​ការ​ធ្វើ​ប្រជាធិប​តេយ្យនីយកម្ម​ដែល​សមស្រប​បំផុត​នៅ​កម្ពុជា។ ដាក់​ថ្នាំ​ខ្សោយ​ពេក​វា​មិន​ជា។ ដាក់​ថ្នាំ​ខ្លាំង​ពេក​វា​ប្រតិកម្ម​ងាប់​ប្រទេស​មួយ​ទាំង​មូល៕

និស្សិត​ក្មេង​វត្ត​កូន​អ្នក​ស្រែ សូរ សមយុទ្ធ sosamyuth@gmail.com