អបអរសាទរទិវាសិទ្ធិនារី៨មីនា២០១៥

Posted by: | Posted on: March 6, 2015

សូមចូលរួមអបអរសាទរទិវាសិទ្ធិនារី៨មីនា២០១៥
នារីគឺជាមាតាពិភពលោក
សូមអោយការអបអររបស់យេីងក្លាយជាការពិតដេីម្បីមេ មាតា និងមាតុភូមិរបស់យេីង
ខ្ញុំមានបីតិសោមនស្សពន់ពេកប្រមាណដោយឃេីញយុវនារីខ្មែរកំពុងនាំមុខនាំមុខដេីម្បីការផ្លាស់ប្តូរនៅកម្ពុជា។
សូមនារីខ្មែរទាំងអស់បាននូវពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណេៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡេីយ។
Happy Woman Day of 8 march 2015!
Women are the mother of the world
May our woman day congratulation become reality for Me(chief), Mother(mother) and Matuphumi(motherland) of us all.
I am very delightful and optimistic to see that more feminine youths have emerged in Cambodia front line for social change.
I wish them with five blessings of longevity, beauty, well-being, healthy, and intellectual.

សារ​ដ៏​មាន​សារៈសំខាន់​​ ពី​ស្ត្រី​ឆ្នើម​មកពី​វិស័យ​​នានា​ក្នុង​ប្រទេស​​កម្ពុជា​សម្រាប់​​ទិវា​សិទ្ធិនារី​អន្តរជាតិ

ពាក្យ ថា​ «ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ» នៅក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា ​ហាក់​សាបរលាប​បន្តិច​ម្តងៗ​ហើយ​​​ក្នុង​​ពេល​បច្ចុប្បន្ន​នេះ​។

«ស្ត្រី» ​​​បច្ចុប្បន្ន ជា​បុគ្គល​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ពី​​ការ​ចូលរួម​លើក​ស្ទួយ​​សេដ្ឋកិច្ច​របស់​កម្ពុជា​តាមរយៈ​ការ​បម្រើការ​នៅក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន។ ​ស្ត្រី​ដែល​បម្រើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ ដែល​​ជា​កម្លាំង​ជំរុញ ៨០ ភាគរយ​ នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​នេះ​ បាន​ចូលរួម​ធ្វើឲ្យ​មាន​កំណើន​ផលិតផល​​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​ ៣០ ​ភាគរយ។ ក្រៅពី​ការ​ចូលរួម​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វត្តមាន​របស់​ស្ត្រី​​​កាន់តែ​ច្រើន​ឡើងៗ ​​មាន​នៅ​​​គ្រប់​​ស្ថាប័ន​រដ្ឋ ឯកជន ជំនួញ នយោបាយ ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ចាប់​តាំងពី​បុគ្គលិក​ទូទៅ រហូត​ដល់​​ថ្នាក់ដឹកនាំ​កំពូល។

ក្នុង​ឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ​ខាង​មុខ​នេះ​ទស្សនាវដ្តី LIFT បាន​នាំយក​នូវ​សារ​ដ៏​មាន​សារៈសំខាន់​ពី​សំណាក់​អ្នកដឹកនាំ​ជា​ស្ត្រី​នៅ​តាម​វិស័យ​នានា​ ទាំង​រដ្ឋ ឯកជន ជំនួញ អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏ដូចជា​ស្ត្រី​វ័យ​ក្មេង​ដែល​មាន​ស្នាដៃ ​​សមត្ថភាព និង​មាន​ភាពលេចធ្លោ​ខ្លាំង​តាមរយៈ​សកម្មភាព​​​របស់​ខ្លួន​នាពេល​បច្ចុប្បន្ន​នេះ។

Content image - Phnom Penh Post

លោកស្រី វេជ្ជ. អ៊ឹង កន្ថាផាវី (រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី)

លោកស្រី វេជ្ជ. អ៊ឹង កន្ថាផាវី បាន​បម្រើ​​ការងារ​​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី ចាប់​តាំងពី​ឆ្នាំ ២០០៤ ដោយ​ការ​តែងតាំង​​លោកស្រី​​ចុងក្រោយ​នៅក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០១៣។ ចាប់​តាំងពី​ឆ្នាំ ១៩៩៩ រហូត​មក​ដល់ ​ឆ្នាំ ២០០៤​ លោកស្រី វេជ្ជ.អ៊ឹង កន្ថាផាវី ​​​បាន​បម្រើ​ការងារ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការ​នារី និង​អតីត​យុទ្ធជន។ លោកស្រី រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បាន​​បំពេញ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​បញ្ជ្រាប​យេនឌ័រ​នៅ​ថ្នាក់ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​អន្តរជាតិ។

លោកស្រី​ទទួល​សញ្ញាបត្រ Doctor of Medicine (M.D.) ពី​សាកលវិទ្យាល័យ Saint Antoine សាកលវិទ្យាល័យ Paris VI ដែល​មាន​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ និង​ជំងឺ​ត្រូពិក រួមទាំង​សញ្ញាបត្រ​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាលា Ecole Nationaled Administration នៅក្នុង​ទីក្រុង Paris (ENA)។

លោកស្រី​ក៏​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ធំៗ​ជាច្រើន​មាន​ដូចជា​កម្មវិធី​ស្តីពី “អ្នក​ដឹកនាំ​នៅក្នុង​ការ​អភិវឌ្ឍ៖ ការ​គ្រប់គ្រង​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច” នៅឯ​សាលា John F. Kennedy នៃ​សាកលវិទ្យាល័យ Harvard នៅ​សហរដ្ឋអាមេរិក (ក្នុង​ឆ្នាំ ២០០៤) ។ ក្នុង​ឆ្នាំ ២០១៤ លោកស្រី​រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី គឺជា​ស្ត្រី​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មេដឹកនាំ​ ៩ នាក់​ដែល​បាន​ទទួល​ពាន​រង្វាន់ “ស្ត្រី​ឆ្នើម​បំផុត” ពី​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក។

នា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ លោកស្រី​រដ្ឋមន្រ្តី​ បាន​ផ្ញើសារ​ដល់​ស្រ្តី​ទាំងអស់​ទូទាំង​ប្រទេស​ថា៖ «សមភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព។ ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី មិន​មាន​ន័យ​ត្រឹម​តែ​ជួយ​ឲ្យ​ស្ត្រី​មាន​ឋានៈ​ខ្ពស់​ក្នុង​សហគ្រាស ឬ​ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​​ស្ថាប័នរដ្ឋ ឬ​ការ​បង្ហាញ​ចំនួន​ស្ត្រី​ច្រើន​ក្នុង​ជីវិត​សាធារណៈ​ប៉ុណ្ណោះ​ទេ។ ជា​ការពិត​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​គឺ​មាន​ន័យ​ថា ​ការ​ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​ដែល​នាំ​ទៅ​រក​ការ​កែប្រែ​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ទស្សនៈ​របស់​សង្គម​​ចំពោះ​តួនាទី​យេនឌ័រ។ ដូច្នេះ​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ជា​បុរេលក្ខខណ្ឌ​មួយ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​និង​យុត្តិធម៌។ ក្រសួង ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​សហការ​ជាមួយ​យុវជន​យុវនារី ដើម្បី​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​សមភាព​យេនឌ័រ​ក្នុង​សង្គម​ដោយ​យល់​ឃើញ​ថា យុវជន​ យុវនារី​ជា​ភ្នាក់ងារ​ដែល​នាំមក​នូវ​ការ​ផ្លាស់ប្តូរ។ ពួកយើង​កំពុង​កៀរគរ​អ្នក​ដឹកនាំ​វ័យក្មេង និស្សិត​សាកលវិទ្យាល័យ និង​យុវជន​យុវនារី​ដើម្បី​បំផុស​នូវ​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា និង​លុប​បំបាត់​នូវ​ផ្នត់គំនិត​សង្គម​លើ​តួនាទី​យេនឌ័​រដែល​បង្ក​ឲ្យ​មាន​ការ​រើសអើង​ដល់​ស្ត្រី និង​ក្មេងស្រី»។

Content image - Phnom Penh Post

អ្នកស្រី​នាង ផល្លា (បេក្ខជន ១០ នាក់​ចុងក្រោយ​របស់​ពាន​រង្វាន់​គ្រូបង្រៀន​អន្តរជាតិ)

អ្នកគ្រូ​ នាង ផល្លា ជា​គ្រូបង្រៀន​ដ៏ឆ្នើម​ម្នាក់​ដែល​បង្រៀន​នៅ​សាលា​កុមារ​ពិការភ្នែក និង​គថ្លង់​ភ្នំពេញ​ថ្មី​នៃ​អង្គការ​គ្រួសារ​ថ្មី ហើយ​អ្នកគ្រូ​ក៏​ជា​បេក្ខជន​ម្នាក់​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ចុងក្រោយ​ចំនួន ១០ រូប​ដែល​ត្រូវ​ប្រឡង​ផ្តាច់ព្រ័ត្រ​ដើម្បី​ទទួល​បាន​ពាន​រង្វាន់​គ្រូបង្រៀន​អន្ដរជាតិ (Global Teacher Prize) ដែល​ជា​ទឹកប្រាក់ ១ លាន​ដុល្លា​នៅក្នុង​ទីក្រុង​ឌូបៃ​នា​ថ្ងៃទី​១៦​ ខែ​មិនា ​ខាង​មុខ​នេះ។

សារ​របស់​អ្នកគ្រូ នាងផល្លា៖ «បំភ្លេច​ផ្នត់​គំនិត​ចាស់​ចោល​ដែល​និយាយ​ថា កូនស្រី​បង្វិល​ចង្ក្រាន​មិន​ជុំ សូម​បញ្ជូន​កូនស្រី​ទៅ​សាលារៀន កូនស្រី​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ! សូម​ផ្តល់​ការ​លើក​កម្ពស់ និង​គាំទ្រ​រាល់​សកម្មភាព​ស្ត្រី​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ទទួល​បាន​ការងារ​កាន់តែ​ច្រើន! សូម​ឲ្យ​ស្ត្រី​គ្រប់​រូប​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​សង្គម!»។

Content image - Phnom Penh Post

លោកស្រី ជា សិរី (អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារ​​ជាតិ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​)

លោកស្រី ជា សិរី បច្ចុប្បន្ន​គឺជា​អគ្គនាយិកា​បច្ចេកទេស​នៃ​​ធនាគារ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា។

លោកស្រី បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​​​ផ្នែក​ធនាគារ​ពី​សាកលវិទ្យាល័យ​នៃ​ទីក្រុង​ឡុង នៃ​ចក្រភព​អង់គ្លេស និង​បរិញ្ញាបត្រ​​ផ្នែក​គណនេយ្យ​ពី​សាកលវិទ្យាល័យ​វិចតូរៀ​ក្នុង​ទីក្រុង Wellington ប្រទេស​នូវែសេឡង់។ លោកស្រី​ បាន​បម្រើការ​នៅក្នុង​ធនាគារ​ជាតិ​​នៃ​​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៩ ហើយ​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយិកា​បច្ចេកទេស​​នៃ​ធនាគារ​ជាតិ​កម្ពុជា​តាំងពី​​ឆ្នាំ​ ២០១៣ ។

លោកស្រី បាន​ផ្តល់​ជា​សារ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថា៖ «សម្រាប់​ស្ត្រី​ដែល​កំពុង​តែ​បម្រើ​ការងារ​ទាំងឡាយ សូម​ចាប់​យក​ការងារ​របស់​អ្នក​ប្រកប​ដោយ​មោទនភាព។ វា​ប្រៀប​បាន​ដូច​នៅក្នុង​ផ្ទះ​អ៊ីចឹង​ដែល​​ម្តាយ និង​ឪពុក​មាន​សារៈសំខាន់​ដូចគ្នា​ដើម្បី​ធ្វើឲ្យ​គ្រួសារ​មាន​តុល្យភាព ដូច្នេះ​ហើយ​អង្គការ​សាធារណៈ និង​ឯកជន​ក៏​ត្រូវការ​ការ​ចូលរួម​របស់​ស្ត្រី​ដើម្បី​ឲ្យ​មាន​តុល្យភាព និង​ដំណើរការ​ការងារ​ដោយ​រលូន។ ប្រសិន​បើ​នៅក្នុង​គ្រួសារ​មួយ​មាន​ឪពុក​ជា​អ្នក​ចាំ​រក​ប្រាក់​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ​អ៊ីចឹង​ម្តាយ​គឺជា​អ្នក​ដែល​ចាំ​រឹត​ចំណង​គ្រួសារ​ដោយ​ក្តីស្រឡាញ់ ភាព​អំណត់ និង​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​នាម​ជា​ម្តាយ​ម្នាក់។ សម្រាប់​ស្ត្រី​វ័យក្មេង និង​សិស្សានុសិស្ស​ទាំងឡាយ ​ទ្រព្យសម្បត្តិ​គឺ​គេ​អាច​​ចំណាយ​ពេលវេលា​ដើម្បី​រក​វា​បាន​ តែ​វា​អាច​ហិនហោច​​ទៅក្នុង​មួយ​ប៉ព្រិច​ភ្នែក។ ដូចគ្នា​នេះ​ដែរ ចំណេះដឹង​ក៏​ត្រូវការ​​​ពេលវេលា​ដើម្បី​កសាង​វា​ឡើង​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​​លួច​វា ឬ​លុបចោល​អ្វី​ដែល​អ្នក​ធ្លាប់​បាន​រៀន​នោះ​ឡើយ»។

Content image - Phnom Penh Post

លោកស្រី ចក់ សុភាព (នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា)

លោកស្រី ​ចក់ សុភាព ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​ក៏​ជា​នារី​ម្នាក់​ដែល​បាន​ទទួល​ការ​សរសើរ​ពី​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា កាលពី​ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៤ កន្លង​ទៅ នៅពេល​ដែល​លោកស្រី​ចូលរួម​ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​សម្រាប់​កម្មវិធី​ផ្ដួចផ្ដើម​គំនិត​ពិភពលោក គ្លីនតុន (Clinton Global Initiative) នៅក្នុង​ទីក្រុង​ញូវយ៉ក​ចំពោះ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោកស្រី។

សារ​របស់​លោកស្រី ចក់ សុភាព៖ «សិទ្ធិ​របស់​ស្ត្រី​ត្រូវការ​ការពារ​ពី​យើង​ទាំងអស់​គ្នា​ជា​រៀងរាល់​ថ្ងៃ។ ខណៈពេល​ដែល​រដ្ឋ​ជា​អ្នក​ទទួល​ខុសត្រូវ​ដំបូង​ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទិ្ធ​របស់​ស្ត្រី និង​ការ​ធានា​ឱ្យ​បាន​នូវ​សមភាព​យេនឌ័រ។ វា​គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​ក្នុង​ការ​លុប​បំបាត់​ការ​រើសអើង​ភេទ ឬ​ឋានៈ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកយើង។ សង្គម​ស៊ីវិល និង​សមាជិក​ទាំងអស់​នៅក្នុង​សង្គម​ក៏​មាន​តួនាទី​សំខាន់​ផង​ដែរ»។

Content image - Phnom Penh Post

កញ្ញា មាស សុខសោភា (តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា)

កញ្ញា មាស សុខសោភា បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​ចម្រៀង​ដំបូង​បំផុត​ក្នុង​ឆ្នាំ ២០០៤ ហើយ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ជា​បន្តបន្ទាប់​រហូត​ដល់​ក្លាយ​ជា​តារាចម្រៀង​លេចធ្លោ​ម្នាក់​ក្នុង​ចំណោម​កំពូល​តារាចម្រៀង​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា។ ក្នង​ឆ្នាំ ២០១៥ នេះ អ្វី​ដែល​ធ្វើឲ្យ​កញ្ញា មាស សុខសោភា រឹតតែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ដោយសារ​តែ​កញ្ញា​ជា​សិល្បការិនី​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​មក​តវ៉ា ​ការពារ​ព្រៃឈើ​របស់​កម្ពុជា ដោយ កញ្ញា បាន​ប្តេជ្ញា​ផង​ដែរ​ថា​នឹង​ដាំ​កូនឈើ​ឲ្យ​បាន​ចំនួន ១ ម៉ឺន​ដើម។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា​​ក៏​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​គាំទ្រ​លោក​អាឡិច ដែល​ជា​ប្រធាន​ចលនា​មាតា​ធម្មជាតិ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍ​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។

សារ​ពី​កញ្ញា ​មាស សុខសោភា៖ «នាង​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​មាន​ការ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ហើយ​ទទួល​យក​អ្វី​ដែល​ជា​ជម្រើស​របស់​ស្ត្រី ជាពិសេស​ថ្ងៃ ៨ មីនា​នេះ​សូម​ឲ្យ​ស្ត្រី​ទាំងអស់​បញ្ចេញ​សកម្មភាព និង​ចលនា​នៅក្នុង​ការងារ​សង្គម និង​នយោបាយ តស៊ូ រឹងមាំ ក្លាហាន​ឡើង។ ស្ត្រី​ជា​មាតា​ពិភពលោក»។

Content image - Phnom Penh Post

កញ្ញា ឃៀង សត្ថាបូរ៉ាម៉ាណា (អតីត​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជា​បុគ្គលិក​សិទ្ធិមនុស្ស​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា)

កញ្ញា ​ឃាង សត្ថាបូរ៉ាម៉ាណា​ វ័យ ២២ ឆ្នាំ ជា​អតីត​អ្នកស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ និង​ជា​និស្សិត​អាហារូបករណ៍​កំពុង​សិក្សា​ថ្នាក់ អនុបណ្ឌិត​ នៅ​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក។ កញ្ញា ​ក៏​ជា​អតីត​សិស្ស​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ភាសា​អង់គ្លេស​(បញ្ចប់​ឆ្នាំ ២០១២ ​និង​សាកលវិទ្យាល័យ​កម្ពុជា (UC) ផ្នែក​ទំនាក់ទំនង​អន្តរជាតិ (បញ្ចប់​ឆ្នាំ​ ២០១៣ )​។

សារ​របស់​សត្ថាបូរ៉ាម៉ាណា៖ «សូម​កុំ​មាន​ការ​ភ័យខ្លាច​ ដោយ​ពាក្យ​គេ​និយាយ​ថា ស្ត្រី​ដែល​នៅ​ជាមួយ​សៀវភៅ​ គឺជា​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត។ ត្រង់​នេះ​ខ្ញុំ​ចង់​និយាយ​ថា ស្ត្រី​ទាំងឡាយ​កុំ​មាន​ការ​ភ័យខ្លាច​ក្នុង​ការសិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់​ពីព្រោះ​ការសិក្សា​ផ្តល់​អ្វីៗ​គ្រប់​យ៉ាង​ដល់​អ្នក គ្រួសារ​អ្នក សហគមន៍​របស់​អ្នក និង​ប្រទេស​ជាតិ​របស់​អ្នក។ ដើម្បី​ពង្រឹង​ពិភពលោក​ដំបូង​អ្នក​ត្រូវ​ពង្រឹង​ខ្លួន​អ្នក​ជា​មុន​សិន។ ស្ត្រី​ទាំងអស់​សូម​បន្ត​ការសិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់ មុជ​ចូល​ឲ្យ​ជ្រៅ​ទៅ​ក្នុង​សហគ្រាស​សង្គម ចូលរួម​ក្នុង​វិស័យ​សង្គម​នយោបាយ ហើយ​ធ្វើឲ្យ​សំឡេង​របស់​អ្នក​ត្រូវ​បាន​គេ​ឮ។ សម្រាប់​សង្គម​មួយ​ដើម្បី​ឈាន​ដល់​សក្តានុពល​របស់​ខ្លួន​ឥឡូវ​នេះ​វា​ត្រូវការ​វត្តមាន​របស់​ស្ត្រី​ឲ្យ​ស្មើ​នឹង​បុរស​អ៊ីចឹង​ដែរ»។

Content image - Phnom Penh Post

កញ្ញា ស៊ន សៀវម៉ី (កីឡាការិនី​តេក្វាន់ដូ ម្ចាស់​មេដាយ​មាស​អាស៊ីហ្គេម ២០១៤)

យុវតីស៊ន សៀវម៉ី ត្រូវ​បាន​ប្រជាជន​ខ្មែរ​ជាច្រើន​ស្គាល់​រូប​នាង​ដោយសារ​តែ​នាង​បាន​នាំ​យក​នូវ​កិត្តិយស​មួយ​យ៉ាងធំ​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​ជ័យជម្នះ​ប្រដាល់​ក្បាច់​តេក្វាន់ដូ​ក្រោម​ទម្ងន់ ៧៣ គីឡូក្រាម​របស់​ខ្លួន​ដោយ​បាន​នាំ​មក​នូវ​មេដាយ​មាស​មក​ឲ្យ​ប្រទេស​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games លើក​ទី ១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ខែ​តុលា ឆ្នាំ ២០១៤ កន្លង​ទៅ ខណៈ​ដែល​ប្រទេស​កម្ពុជា​មិន​ដែល​ទទួល​បាន​មេដាយ​មាស​ម្តង​ណា​ឡើយ​ក្នុង​រយៈពេល ៦០ ឆ្នាំ​ចុងក្រោយ​នេះ។

សារ​របស់​សៀវម៉ី៖ «ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​កីឡា​គឺជា​កម្លាំង​ចលករ​មួយ​ដ៏ធំ​ក្នុង​ការ​អភិវឌ្ឍ​កីឡា​ជាតិ។ តាម​លទ្ធផល​កន្លងមក​យើង​ឃើញ​ថា ស្ត្រី​ខ្មែរ​ជា​អ្នក​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​យ៉ាងច្រើន លើ​ឆាក​អន្តរជាតិ ជាក់ស្តែង​កីឡាការិនី​ប៉េតង់​ដណ្ដើម​បាន​មេដាយ​ពិភពលោក នាង​ខ្ញុំ​ផ្ទាល់ ​បាន​មេដាយ​អាស៊ី​លើក​ដំបូង ហើយ​ក៏​មាន​កីឡាការិនី​ចំបាប់​ ក៏​ទទួល​បាន​មេដាយ​​អាស៊ី​ឆ្នេរខ្សាច់​លើក​ដំបូង​ផង​ដែរ»។

Content image - Phnom Penh Post

កញ្ញា ធី សុវណ្ណថា (សកម្មជន​របស់​គណបក្ស​នយោបាយ​)

ធី សុវណ្ណថា ជា​យុវតី​ម្នាក់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រឿង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​​ពិសេស​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត និង​ក្នុង​មហាបាតុកម្ម​តវ៉ា​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ កន្លង​ទៅ។ កញ្ញា​ក៏​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ចែករំលែក​ព័ត៌មាន​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​សង្គម​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ក្រៅពី​នេះ​កញ្ញា​ក៏​បាន​ធ្វើ​ការងារ​មនុស្សធម៌​យ៉ាង​សកម្ម​ផង​ដែរ។

សារ​របស់​ ធី សុវណ្ណថា៖ «បើ​ចង់​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស​គឺ​ត្រូវ​ឲ្យ​ស្ត្រី​មាន​អំណាច​ស្មើ​បុរស។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ចេញ​គោលនយោបាយ​ និង​ផ្សព្វផ្សាយ​ជាច្រើន​ពី​នារី តែ​ចំពោះ​ខ្ញុំ​ជា​នារី និង​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​នារី ខ្ញុំ​យល់​ថា សិទ្ធិ​នារី​មាន​នៅ​តែ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ ដោយសារ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា ​ស្ត្រី​ធ្វើការ​ជា​មន្ត្រីរាជការ​នៅ​មាន​ចំនួន​តិច​ ពិសេស​នៅក្នុង​ស្ថាប័ន​ប៉ូលិស​ដែល​ជា​ស្ថាប័ន​ដោះស្រាយ​ទំនាស់​តាម​មូលដ្ឋាន​ភាគច្រើន​ទំនាស់​ក្នុង​គ្រួសារ និង​ការ​រំលោភបំពាន​លើ​សិទ្ធិ​ស្ត្រី​ច្រើន​កើត​ចេញ​ពី​បុរស។ បុរស​តាម​មូលដ្ឋាន​ភាគច្រើន​ស្គាល់​គ្នា និង​ដើរ​ស៊ីផឹក​ជាមួយ​គ្នា​ពេល​ដែល​មាន​ទំនាស់​ តែងតែ​ការពារ​ខាង​បុរស និង​រាល់​ការ​ប្រើ​អំពើ​ហិង្សា និង​រំលោភបំពាន​ផ្សេងៗ ស្ត្រី​ពិបាក​បកស្រាយ​ជាមួយ​ប៉ូលិស​ប្រុស និង​ភាគច្រើន​តែងតែ​ទៅ​ប្តឹង​អង្គការ​សង្គមស៊ីវិល​ដែល​មាន​បុគ្គលិក​ស្រី​ច្រើន។ រាជរដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​រៀនសូត្រ​ឲ្យ​បាន​ច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល។ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស គឺ​ត្រូវ​ឲ្យ​ស្ត្រី​មាន​អំណាច​ស្មើ​បុរស​(មន្ត្រីរាជការ​ត្រូវ​មាន​បុរស ៥០ ភាគរយ​ ស្ត្រី ៥០ ភាគរយ​)»។

Content image - Phnom Penh Post

កញ្ញា អ៊ុយ ស្រីនិច (អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ Citizen journalist)

Dany Koun Khmer គឺជា​ទំព័រ​ហ្វេសប៊ុក​ដែល​បាន​ផ្សាយ​នូវ​ព័ត៌មាន​នានា​ដែល​ជា​ភាព​អវិជ្ជមាន​នៅក្នុង​សង្គម។ ម្ចាស់​គេហទំព័រ​នេះ​គឺ​កញ្ញា អ៊ុយ ស្រីនិច ដែល​ជា​អ្នក​សារព័ត៌មាន​សហគមន៍។ ដូច​គ្នា​នឹង​កញ្ញា ​ធី សុវណ្ណថា​ដែរ ស្រីនិច ​ក៏​បាន​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​សង្គម​ជាច្រើន​ផង​ដែរ។

សារ​របស់​ស្រីនិច៖ «ថ្ងៃ ៨ មីនា​ជា​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​គ្មាន​ការ​បៀតបៀន​លើ​សិទ្ធិ​ស្ត្រី ស្ត្រី​ជា​មាតា​ពិភពលោក ស្ត្រី​ និង​បុរស​មាន​សិទ្ធិ​ស្មើរ​គ្នា មាន​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បញ្ចេញមតិ ស្ត្រី​គឺជា​កម្លាំង​មួយ​នៃ​ការ​ចូលរួម​ផ្លាស់ប្តូរ​​សង្គមជាតិ​ សូម​ចូលរួម​ឲ្យ​​តម្លៃ និង​គោរព​សិទ្ធិ​ស្ត្រី​ទាំងអស់​គ្នា»។

Content image - Phnom Penh Post

កញ្ញា ដែក ដារី (សហគ្រិន​)

កញ្ញា ​ដែក ដារី ជា​អតីត​និស្សិត​អាហារូបករណ៍ Full Bright និង​ជា​គ្រូ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា​ហើយ​ក៏​ជា​ស្ត្រី​ខ្មែរ​វ័យក្មេង​ដែល​មាន​សកម្មភាព​សង្គម​ដ៏​សកម្ម​ម្នាក់​ផង​ដែរ។ បច្ចុប្បន្ន​កញ្ញា​គឺជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន 360 ads & events ។

សារ​របស់​កញ្ញា​ដែក ដារី៖ «ការ​ស្វែងរក​បុរស​ល្អ​ម្នាក់​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​ហើយ​ធ្វើឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង​គឺ​ហាក់បី​ដូចជា​សុបិន​ក្លាយ​ជា​ការពិត​អ៊ីចឹង​សម្រាប់​ស្ត្រី​ជា​ច្រើន ក៏​ប៉ុន្តែ​វា​នឹង​រឹត​តែ​ប្រសើរ​ឡើង​​​ទៅ​​ទៀត​ ​ប្រសិន​បើ​អ្នក​អាច​ចេញ​ទៅ​ខាងក្រៅ​ហើយ​ធ្វើអ្វី​ដែល​អ្នក​ចង់​ធ្វើ​ដោយ​ខ្លួនឯង​ជា​ជាង​ការ​ដែល​រង់ចាំ​ស្វាមី​របស់​អ្នក​មក​ញុំាបាយ​នៅ​ផ្ទះ​ជា​រៀងរាល់​ថ្ងៃ។ ដំបូន្មាន​របស់​ខ្ញុំ​សម្រាប់​ស្ត្រី​វ័យក្មេង​ទាំងឡាយ​ គឺ​ថា​អ្នក​គួរតែ​ចេញ​ទៅ​ក្រៅ​ហើយ​កសាង​សុបិន​របស់​អ្នក​ដោយ​ខ្លួនឯង។ អ្នក​មិន​គួរ​ផ្ញើរ ឬ​ពឹងផ្អែក​សុភមង្គល​របស់​អ្នក​ទៅលើ​អ្នក​ដទៃ​ឡើយ។ នេះ​គឺជា​ជីវិត​របស់​អ្នក ជា​សុបិន​របស់​អ្នក​ ហើយ​ក៏​ជា​​ទំនួល​ខុសត្រូវ​របស់​អ្នក​ដោយ​ផ្ទាល់»៕

សុង គីមសួរ និង ស៊ុន សុឃេន





Comments are Closed