កង្កែប​ដែល​ចេះ​សម្រប​ខ្លួន​ក្នុង​ទឹកក្តៅ​ និង​អង្គប់​កណ្តុរ

Posted by: | Posted on: June 22, 2015

កង្កែប​ដែល​ចេះ​សម្រប​ខ្លួន​ក្នុង​ទឹកក្តៅ​ និង​អង្គប់​កណ្តុរ
Thu, 18 June 2015

Op-Ed: Khmer Post

យ៉ាង​ហោច​ណាស់​ក៏​មាន​ទស្សនៈ​ដូច​គ្នា​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅក្នុង​រឿង​អង្គប់​កណ្តុរ និង​កង្កែប​ដែល​ចេះ​សម្រប​ខ្លួន​ក្នុង​ឆ្នាំង​ទឹកក្តៅ។ បើ​គេ​ចាប់​កង្កែប​ដាក់​ក្នុង​ឆ្នាំង​ទឹកក្តៅ​កង្កែប​នឹង​ប្រឹង​លោត​ចេញ​ពី​ក្នុង​ឆ្នាំង​ទឹកក្តៅ​នោះ​ភ្លាម។ ប៉ុន្តែ​បើ​គេ​ដាក់​វា​នៅក្នុង​ឆ្នាំង​ទឹក​ត្រជាក់​ធម្មតា​ហើយ​ដំឡើង​សីតុណ្ហភាព​ទឹក​នោះ​ឲ្យ​ក្ដៅ​បន្តិច​ម្តងៗ​កង្កែប​នោះ​នឹង​មិន​លោត​ចេញ​ពី​ឆ្នាំង​នោះទេ។ កង្កែប​នឹង​បន្ត​រស់​នៅក្នុង​ទឹកក្តៅ​នោះ​រហូត​ដល់​ឆ្អិន​ស្លាប់​ដោយ​មិន​ដឹង​ថា​ខ្លួន​រស់នៅ​ក្នុង​ទឹកក្តៅ​ឡើយ។ ត្រឡប់​មក​រឿង​អង្គប់​កណ្តុរ​វិញ។ កណ្តុរ​មួយ​បាន​លួច​មើល​កសិករ​ពីរ​នាក់​ប្តី​ប្រពន្ធ​រើ​អីវ៉ាន់​ដែល​ទើប​តែ​ទិញ​ពី​ផ្សារ​ក្រែង​លោ​មាន​ចំណី​អ្វី​ដែល​ខ្លួន​អាច​លួច​ស៊ី​បាន។​កណ្តុរ​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​វា​បាន​ឃើញ​អង្គប់​សម្រាប់​ដាក់​​វា​ទៅ​វិញ។ កណ្តុរ​បាន​រត់​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ហើយ​បាន​ស្រែក​ប្រកាស​អាសន្ន​ថា «មាន​អង្គប់​កណ្តុរ​នៅក្នុង​ផ្ទះ!»។ មេមាន់​ដែល​ឮ​សម្រែក​របស់​កណ្តុរ​មុន​គេ​បាន​ងក់​ក្បាល​តិចៗ​ហើយ​និយាយ​ទៅ​កាន់​កណ្តុរ​ថា «សម្លាញ់!​ខ្ញុំ​យល់​ថា​សម្លាញ់​ពិតជា​មាន​ការ​តក់ស្លុត​យ៉ាងខ្លាំង​នៅពេល​បាន​ឃើញ​អង្គប់​សម្រាប់​ដាក់​ខ្លួនឯង​យ៉ាង​ដូច្នេះ តែ​អង្គប់​នោះ​មិនមែន​សម្រាប់​ដាក់​គ្នា​ទេ​ដូច្នេះ​គ្នា​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​។ សូម​សម្លាញ់​ប្រយ័ត្ន​ប្រយែង​ណា!»។ ដោយ​អារម្មណ៍​ភ័យខ្លាច​កណ្តុរ​ក៏​បាន​ទៅ​ជួប​ជ្រូក។ ជ្រូក​អាណិត​អាសូរ​កណ្តុរ​យ៉ាង​ខ្លាំង​ហើយ​បាន​​និយាយ​ថា «សម្លាញ់​គ្នា​មិន​អាច​ជួយ​អ្វី​ដល់​ឯង​បាន​ក្រៅ​តែ​ពី​ការ​បួងសួង​សូម​ឲ្យ​សម្លាញ់​បាន​សេចក្តី​សុខ​រួច​ពី​អង្គប់​នោះ»។

កណ្តុរ​បន្ត​ដំណើរ​របស់​ខ្លួន​ហើយ​ក៏​ទៅ​ប្រាប់​គោៗ​បាន​ឆ្លើយ​យ៉ាង​ព្រងើយ​ដាក់​កណ្តុរ​វិញ​ថា «អង្គប់​តូច​ណាស់​សម្រាប់​ដាក់​តែ​ឯង​តែ​ប៉ុណ្ណោះ​មិនមែន​សម្រាប់​ដាក់​គ្នា​ទេ ថែរក្សា​ខ្លួន​សម្លាញ់»។ កណ្តុរ​បាន​​ត្រឡប់​មក​រក​មើល​ថា​តើ​អង្គប់​នោះ​ដាក់​នៅ​កន្លែង​ណា​ទាំង​ការ​ភិតភ័យ​ និង​អស់​សង្ឃឹម​តែ​ម្នាក់​ឯង​ដេក​នៅក្នុង​រន្ធ​របស់​ខ្លួន​ចាំ​ស្តាប់​សភាពការណ៍។ នៅ​យប់​នោះ​មាន​សំឡេង​ឮ​ដូចជា​សំឡេង​អង្គប់​ដែល​​វាត់​ជាប់​សត្វ​អ្វី​មួយ។ ប្រពន្ធ​កសិករ​បាន​ប្រញាប់​ទៅ​ពិនិត្យ​ក្រែង​លោ​អង្គប់​​របស់​ខ្លួន​ចាប់​បាន​កណ្តុរ។​ដោយ​យប់​ងងឹត​គាត់​មិន​បាន​ឃើញ​ពស់​ជាប់​អង្គប់​នោះ​ទេ។ ពស់​ក៏​បាន​ចឹក​គាត់​​ហើយ​ពិស​ពស់​បាន​ធ្វើឲ្យ​គាត់​មាន​អាការ​ក្តៅ​ខ្លួន​យ៉ាង​ខ្លាំង​។​អ្នក​ភូមិ​​ប្រាប់​គាត់​ថា ស៊ុប​មាន់​ក្តៅៗ​អាច​ជួយ​​ឲ្យ​អ្នក​មាន​អាការ​ក្តៅ​ខ្លួន​ដោយសារ​ពស់​ចិក​ធូរស្រាល​បាន។

កសិករ​នោះ​ក៏​បាន​សម្លាប់​មាន់​ដើម្បី​​ធ្វើ​ស៊ុប​ឲ្យ​ប្រពន្ធ​គាត់​ហូប​ប៉ុន្តែ​ជំងឺ​មិន​បាន​ធូរស្រាល​នោះ​ទេ។ មិត្តភក្តិ​​ និង​អ្នក​ជិត​ខាង​របស់​គាត់​បាន​មក​សួរ​សុខទុក្ខ​ជា​ហូរហែ។ ដោយសារ​គាត់​គ្មាន​អ្វី​ទទួល​ភ្ញៀវ គាត់​ក៏​បាន​សម្លាប់​ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ទទួល​ទាន។​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​ទៀត​ប្រពន្ធ​របស់​គាត់​ក៏​ស្លាប់។ កសិករ​បាន​ឲ្យ​គេ​សម្លាប់​គោ​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ​នៅក្នុង​ពិធី​បុណ្យ​សព​នោះ​ទៅ។ ដោយសារ​ការ​ភ័យខ្លាច​កណ្តុរ​ដែល​មិន​អាច​ធ្វើអ្វី​បាន ក៏​បន្ត​សម្ងំ​នៅក្នុង​រន្ធ​រហូត​ដល់​ស្លាប់​តាម​មិត្តភក្តិ​របស់​ខ្លួន​អស់​ទៅ។

ហេតុ​អ្វី​ក៏​កង្កែប​ព្រម​ស្លាប់​ក្នុង​ឆ្នាំង​ទឹក​ដែល​ចេះ​តែ​បន្ដ​ឡើង​កម្ដៅ​ដោយ​មិន​លោត​ចេញ? ហេតុ​អ្វី​ទើប​សត្វ​ទាំង​បី​ដែល​ជា​មិត្តភក្តិ​របស់​កណ្តុរ​ក្នុង​រឿង​អង្គប់​កណ្ដុរ​ខាង​លើ មិន​ខ្វល់​ពី​សុខទុក្ខ​របស់​កណ្ដុរ​នោះ?សត្វ​ទាំងនេះ​ងាប់​អស់​ដោយសារ​បញ្ញា​គ្នា​ជា​សត្វ​មិន​ដឹង​ថា ទឹក​ចេះ​ឡើង​កម្ដៅ​ ឬ​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​គ្នា​កើតឡើង​ត្រឹម​តែ​ជា​សភាវគតិ​មិន​ដឹង​ថា​ត្រូវ​ជួយ​ដោះស្រាយ​គ្នា​យ៉ាង​ណា? ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​កំពុង​តែ​កើតឡើង​ក្នុង​សង្គម​យើង។
ប្រជាពលរដ្ឋ​ភាគច្រើន​អាច​សម្រប​ខ្លួន​រស់​នៅក្នុង​ស្ថានភាព​របស់​ពួកគាត់​រៀងៗ​ខ្លួន ហើយ​បន្ត​ទទួល​យក​បញ្ហា​ទាំង​នោះ​បន្តិច​ម្តងៗ​ដូចជា​បញ្ហា​ប្រព័ន្ធ​ចំណី​អាហារ​ដែល​​មិន​មាន​សុវត្ថិភាព ការ​ចំណាយ​លុយ​ក្រោម​តុ​បន្តិចបន្តួច​ដើម្បី​ទទួល​បាន​សេវា​សាធារណៈ សេវា​សុខភាព​ដែល​ខ្វះ​វិជ្ជាជីវៈ​ និង​ការ​ទទួល​ខុសត្រូវ ថ្នាំពេទ្យ​ខូច​គុណភាព​ដែល​ប៉ះពាល់​បញ្ហា​សុខភាព​រាល់​ថ្ងៃ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្ទះ​ចរាចរណ៍​ដែល​ប៉ះពាល់​ដល់​ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ​ដោយសារ​ការ​កកស្ទះ បញ្ហា​ការងារ​ដែល​បណ្តាល​មកពី​កង្វះ​ប្រព័ន្ធ​ការងារ​ដែល​ច្បាស់លាស់​តម្លាភាព និង​យុត្តិធម៌ បញ្ហា​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ដែល​បណ្តាល​មកពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បញ្ហា​បូរណភាព​ទឹកដី​ដែល​បណ្តាល​មកពី​ការ​ហូរចូល​ជន​អន្តោប្រវេស​ ឬ​ព្រំដែន​។​ល​និង​ល។ ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​​មិនមាន​ប្រតិកម្ម​ជាមួយ​នឹង​រឿង​កំប៉ិកកំប៉ុក​ដែល​កើតឡើង​ និង​ញាំញី​ចំពោះ​ពួកគេ​ដោយ​ផ្ទាល់​ ឬ​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត? ប្រហាក់ប្រហែល​នឹង​កង្កែប​ដែរ​ក៏​ព្រោះ​តែ​​ពួកគាត់​អាច​សម្របសម្រួល​ខ្លួន​បាន​ទៅ​នឹង​ស្ថានភាព​ ឬ​ប្រព័ន្ធ​សង្គម​ដែល​ស្មុគស្មាញ​ដូច​សព្វ​ថ្ងៃនេះ​បាន​។ ប្រហាក់​ប្រហែល​នឹង​ស្ថានភាព​ក្នុង​រឿង​អង្គប់​កណ្តុរ​ដែរ ពួកគាត់​គិតថា​បញ្ហា​ដែល​កើតឡើង​ទាំងឡាយ គឺជា​បញ្ហា​កំប៉ិកកំប៉ុក​ហើយ​មិន​ប៉ះពាល់​ដល់​ពួកគាត់​នោះ​ទេ។ ជាទូទៅ​ប្រជាពលរដ្ឋ​នឹង​មាន​ប្រតិកម្ម​តប​វិញ​តែ​ចំពោះ​​រឿង​ណា​ដែល​ប៉ះពាល់​ផលប្រយោជន៍​ពួកគាត់​ផ្ទាល់​តែ​ប៉ុណ្ណោះ​។

ភាព​អាត្មានិយម​​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ពូជសាសន៍​ល្បីល្បាញ​នៅ​អាស៊ី​មួយ​នេះ​ធ្លាក់​ចុះ​ដល់​កម្រិត​នេះ បើ​ទោះបី​ជា​កម្ពុជា​មាន​ការ​រីកចម្រើន​ខាង​​​លោក​សម្ភារ​ជាង​ពេល​ណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​ក៏ដោយ​។ ជំងឺ​អាត្មា​និយម​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពី​មុន​មក​ជា​មនុស្ស​ចិត្ត​ល្អ​ស្មោះត្រង់​ និង​ស្លូតបូត​ក្លាយ​ជា​មនុស្ស​ចិត្ត​អាក្រក់​លោភលន់​ និង​កាច​សាហាវ​គួរ​ឲ្យ​ភ័យខ្លាច។

ជីវិត​របស់​សត្វ​មនុស្ស​ត្រូវ​តែ​ចេះ​រួម​សុខ​រួមទុក្ខ​ជាមួយ​គ្នា​ឲ្យ​ហួស​ពី​កម្រិត​ដែល​សត្វ​អាច​ធ្វើ​បាន។ កាលណា​នរណា​ម្នាក់​បម្រុង​នឹង​មាន​គ្រោះថ្នាក់​អ្នក​ឯ​ទៀត​នឹង​ប្រាកដ​ថា​ពួកគេ​ក៏​នឹង​មិន​បាន​សេចក្តី​សុខ​នោះ​ដែរ។ លោក​ Martin Luther King Jr ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស​អាមេរិក​ស្បែក​ខ្មៅ​បាន​អះអាង​យ៉ាង​មាន​ប្រជាប្រិយភាព​ថា​ «អំពើ​អយុត្តិធម៌​នៅ​កន្លែង​ណា​មួយ​​ចំពោះ​មនុស្ស​ណា​ម្នាក់​គឺជា​ការ​គំរាមកំហែង​យ៉ាង​ពិតប្រាកដ​ទៅ​ដល់​អំពើ​យុត្តិធម៌​នៅ​គ្រប់​ទីកន្លែង​ចំពោះ​មនុស្ស​គ្រប់​រូប»។

ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​នានា​ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​បញ្ហា​កំប៉ិកកំប៉ុក​ ឬ​បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​ដល់​​ពួកគាត់​ដោយ​ការ​ទប់ស្កាត់​កុំ​ឲ្យ​វា​កើតឡើង​បាន​ ឬ​ដោយ​មិន​ប្រព្រឹត្ត​បញ្ហា​ទាំងនោះ​ដោយ​ខ្លួនឯង​តែ​ម្តង។​បញ្ហា​តូចៗ​ប៉ះពាល់​​មនុស្ស​ពីរ​បី​នាក់​នៅ​ថ្ងៃ​នេះ​អាច​ក្លាយ​ជា​បញ្ហា​ធំៗ​ប៉ះពាល់​មនុស្ស​រាប់រយ​នាក់​នៅ​ថ្ងៃ​ស្អែក​។​ គ្រោះថ្នាក់​ធំៗ​តែងតែ​កើត​ពី​ការ​ធ្វេសប្រហែស​បន្ដិចបន្ដួច​របស់​យើង​។

ភាព​ខ្ជីខ្ជា​ខ្ជះខ្ជាយ​របស់​យើង​ធំៗ​កើត​ចេញ​ពី​ការ​មិន​ចែករំលែក​របស់​យើង​បន្តិចបន្តួច​ដើម្បី​ផលប្រយោជន៍​រួម​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នៅពេល​ដែល​​វិធានការ​ច្បាប់​ធូររលុង​នៅ​ឡើយ​មាន​តែ​ការ​បណ្តុះ​មនសិការ​ការ​បង្កើត​មនោសញ្ចេតនា​ និង​ការ​រស់​នៅក្នុង​ឧត្តម​គតិ​ច្បាស់លាស់​របស់​ពលរដ្ឋ​យើង​ទេ​ទើប​សង្គម​យើង​អាច​រក​ភាព​សុខសាន្ត​​ និង​ភាព​ថ្លៃថ្នូរ​បាន​ដោយ​ការ​ចូលរួម​របស់​ពលរដ្ឋ​យើង​ម្នាក់ៗ។

លី គិមឡុង, ពលរដ្ឋ​នៅ​ភ្នំពេញ

Kimlong.ly2007@gmail.com





Comments are Closed