សតិអារម្មណ៍ចាញ់បាក់ស្បាតឬជម្ងឺបាក់ស្បាត? in respond to previous article

Posted by: | Posted on: April 17, 2013
In responding to previous article on ប្រជាជនខ្មែរគឺមានជំងឺបាក់ស្បាតផ្លូវចិត្តទាំងអស់ដូចគ្នា Mr.James Sok described following:
សតិអារម្មណ៍ចាញ់បាក់ស្បាតឬជម្ងឺបាក់ស្បាត? 
មុននឹងចាប់ផ្ដើមនិយាយ ជាដំបូងសូមខន្ដីអភ័យទោស ពីសំណាក់លោកអ្នកអានសិន ព្រោះថាអ្វីនឹង​បរិយាយតទៅនេះ ច្បាស់ជាអាចប៉ះពាល់ដល់ចិត្តគំនិតរបស់លោកអ្នកអានមិនខានឡើយ ដោយសារអ្វីនឹង​បរិ-យាយតទៅនេះ គឺជារឿងរ៉ាវខ្មែរយើងខ្លះមិនអាចទទួលបានឡើយ ដោយសារយើងយល់ផ្សេង ឬមិនធ្លាប់ទទួល​ស្វ័យតិទៀនលើករណីយ៍ទាក់ទងនិងខ្លួនយើង ។
តាមដែលធ្លាប់បានដឹង មានការសិក្សាបន្ដិចបន្ដួចទេបានធ្វើឡើងអំពី «សតិអារម្មណ៍ចាញ់បាក់ស្បាត» ក្នុងចំណោមបណ្ដាជនខ្មែរ ។ ដោយសារ ខ្ញុំបាទមិនមែនជាជនមានជំនាញខាងវិជ្ជានេះ អ្វីដែលនឹងបរិយាយគឺ​ជា​ទស្សនៈធម្មតាប៉ុណ្ណោះ ។
សតិអារម្មណ៍ចាញ់បាក់ស្បាតប្រហែលជាកើតមានយូរមកហើយ
ប្រសិនពិចារណាតាមប្រវត្តិសាស្រ្ដ បណ្ដាជនខ្មែរបានទទួលរងគ្រោះចាញ់បាក់ស្បាតតាំងពី​យូរ​ណាស់​​​​មក​​ហើយ ។ គឺចាញ់បាក់ស្បាតក្នុងសម័យកាលលើកទីមួយ នៅសម័យចាញ់សង្គ្រាមរួចចាកចោលទីក្រុងអង្គរ (ឆ្នាំ ១៣៥០-១៣៩៨) ។ បណ្ដាជនខ្មែរបានធ្លាក់ខ្លួនយ៉ាងខ្លាំង ទាំងផ្លូវកាយនិងចិត្ត ចំនួនមនុស្សក៏បាន​វិនាស​អស់​យ៉ាងច្រើន ដោយសារសឹកសង្គ្រាម ជម្ងឺតំកាត់ រត់លូន និង ទុរភិក្ស ជាដើម ។
ចាប់តាំងពីចាកចោលទីក្រុងអង្គរមក បណ្ដាជនខ្មែរមិនសូវបានសុខទេ រហូតដល់សម័យរៀបចំ​ទី​ក្រុង​លង្វែក ទើបបណ្ដាជនខ្មែរទទួលបាននូវស្ថិរភាពខាងផ្លូវសង្គមសេដ្ឋកិច្ចបានមួយកំរិត ជាហេតុបណ្ដុះបណ្ដាល​បាននូវមនុស្សមានសុខភាពផ្លូវចិត្តមួយភាគ ។ សម័យកាលចំរើននេះបានកើតឡើងមិនយូរប៉ុន្មានទេ ក៏ទីក្រុង​លង្វែកជួបប្រទះនឹងការវាយប្រហារធំៗញឹកញយ ។ នៅឆ្នាំ ១៥៩៤ ទីក្រុងលង្វែកក៏ត្រូវបច្ចាមិត្រវាយបំបែក ប្លន់​កាប់សម្លាប់ និង កៀរយកប្រជាជនខ្មែរជាច្រើនម៉ឺននាក់យកទៅប្រទេសសៀម ។
 
ក្រោយបរាជ័យធ្ងន់ធ្ងរនៅទីក្រុងលង្វែកមក សម័យកាលបន្ដបន្ទាប់នៅប្រទេសកម្ពុជា ត្រូវគេចាត់ទុកថា​ជា​សម័យកាលខ្មៅងងឹត រហូតមកដល់សម័យអាណានិគមនិយមបារាំងឆ្នាំ ១៨៦៤-១៩៥៣ ។  បណ្ដាជន​ខ្មែរ​បាន​រស់​ក្នុង​ដំណើរជីវិតដ៏យឺតៗជាទីបំផុតរហូតមកដល់សម័យឯករាជ្យឆ្នាំ ១៩៥៣-១៩៧០ ក៏ធ្លាក់ខ្លួនចូល​ក្នុង​សឹក​​សង្រ្គាម​រាំរ៉ៃកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃសឹងរលាយផុតពូជ (ឆ្នាំ ១៩៧០-១៩៩១)។
ពិចារណាលើគ្រប់កាលសម័យកន្លងមក ឃើញថាបណ្ដាជនខ្មែរបានទទួលរងគ្រោះធ្ងន់ធ្ងរមិនឈប់សោះ​ឡើយ ។  តើគ្រោះថ្នាក់អស់ហ្នឹងអាចបណ្ដាលឲ្យមនុស្សស្លុតចិត្តចាញ់បាក់ស្បាតឬទេ?
កង្វះខាតខាងសុខភាពផ្លូវចិត្តបូករួមនិងកង្វះខាងការសិក្សាអបរំ
បណ្ដាជនខ្មែរភាគច្រើន ប្រហែលជាមានជម្ងឺផ្លូវចិត្តច្រើនយ៉ាង បូករួមនិងកង្វះខាងសិក្សាអប់រំ បរិដ្ឋាន​សង្គមរឹតតែជួយឲ្យមានភាពតានតឹងច្រើនជាន់ថែមទៀត ។ សំពាធនានាក្នុងសង្គមបានបន្ថែមឲ្យអាការរោគចេះ​តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ទោះបីជម្ងឺផ្លូវចិត្តច្រើនយ៉ាងច្រើនបែបហ្នឹង អាចប្រតិកម្មក្លាយជាអំពើ​ហឹង្សាក៏ដោយ ក៏អំពើហឹង្សាហ្នឹងជួនកាលជាអំពើហឹង្សាបំផ្លិចបំផ្លាញខ្លួនឯង និង បំផ្លាញអ្នកដទៃ ហើយកាលណា​អំពើហឹង្សាហ្នឹងជួបប្រទះនឹងអំពើហឹង្សាប្រឈមមុខមកវិញ ក៏អាចតក់ស្លុតធ្លាក់ខ្លួនជាចាញ់បាក់​ស្បាតទៅវិញ ។ មនុស្សកាចដែលគេតែងឈ្នះ ដល់ពេលមួយគេទទួលបរាជ័យ គេក៏ក្លាយជាជនកោតខ្លាចរហូត ។
សុខភាពផ្លូវចិត្តអាចទាក់ទងនិងពន្ធុសណ្ដាន
ជម្ងឺផ្លូវចិត្តក្នុងចំណោមបណ្ដាជនខ្មែរអាចជាប់ទាក់ទងនិងពន្ធុសណ្ដាន Genetic information ដែលមាន​ខ្សែស្រឡាយពីបុព្វជនមានម្ដាយឪពុកពូជផៅសណ្ដានខ្លួន ដែលមានជាប់អាការជម្ងឺឬកង្វះសុខភាពអ្វីមួយ ។ ទោះ​​​​បីជាគេមិនទាន់សិក្សាបញ្ជាក់ច្បាស់ក៏ដោយ មនុស្សចាប់បដិសន្ធិមកមានពាំនាំមកជាមួយនូវ Genetic information  ដែលតំណនូវពូជ ហើយពូជនេះកាលណាមានជម្ងឺណាដែលជាប្រភេទឆ្លងតាមពន្ធុឬ Gene វាក៏​អាច​ឲ្យកូនចៅតំណក្រោយមានបញ្ហាសុខភាពតាមហ្នឹងដែរ ។
ជម្ងឺផ្លូវចិត្តមួយចំនួន (មិនថាទាំងអស់ទេ) ប្រហែលជាឆ្លងតពូជ ។ ដូចបានជម្រាបខាង​លើថាជម្ងឺផ្លូវចិត្ត​ហ្នឹងមានច្រើនបែបច្រើនយ៉ាងណាស់ ។ ជម្ងឺប្រភេទខ្លះចាប់បង្ហាញរោគសញ្ញភ្លាមៗ ខ្លះកសាងរោគសញ្ញា​ដែល​ដំណើរយឺតៗ ខ្លះបង្ហាញរោគសញ្ញាតាម​កាលវេលាប្រក្រតី និង មិនប្រក្រតីរបស់វា ខ្លះទៀតបង្ហាញរោគ​សញ្ញាតាមអាយុកាល តាមរយៈការប៉ះទង្គិចនៃសភាព​ជុំវិញខ្លួនបែបជាបរិដ្ឋាន ។ វាមានច្រើនយ៉ាងច្រើនបែប មិនងាយចងក្រងអស់ទេ ។
សភាពចាញ់បាក់ស្បាតអាចទាក់ទងរោគផ្លូវចិត្ត
សភាពចាញ់បាក់ស្បាតអាចក្លាយជារោគសញ្ញាផ្លូវចិត្ត ឬអាចជាចំណែកនៃរោគផ្លូវចិត្ត ។ ខ្ញុំបាទគ្មាន​ជំនាញសមត្ថភាពរកឃើញថាណាមួយណាកើតមុន ឬកើតតំណាលគ្នា ឬទាក់ទងសង្វាក់ត្រង់ណាច្បាស់ទេ តែ​តាមសេចក្ដីសង្កេត ឃើញថាអាចទាក់ទងគ្នា ។ នេះគឺជាបញ្ហាធ្ងន់ធ្ងរចំពោះបណ្ដាជនខ្មែរ ។
អាការរោគចាញ់បាក់ស្បាតនិងជម្ងឺផ្លូវចិត្តមិនអាចព្យាបាលបានព្រោះកត្ដាសេដ្ឋកិច្ច
សេចក្ដីបរិយាយមកដល់ត្រឹមណេះ ឃើញថាអាចដឹងខ្លះអំពីរឿងរ៉ាវទាក់ទងនិងរោគចាញ់បាក់ស្បាត ។ នៅមានរឿងមួយទៀតដែលកំសត់បំផុត គឺការព្យាបាលដែលមិនអាចធ្វើបាន ចំពោះរាល់មនុស្សឈឺទាំងឡាយ​ក្នុង​បណ្ដាជនខ្មែរ ។ ដែលព្យាបាលមិនបានព្រោះគ្មានធនធានសម្រាប់ព្យាបាល ។
ប្រទេសកម្ពុជាគ្មានធនធានគ្រប់គ្រាន់នឹងព្យាបាលប្រជាជនខ្លួនកំពុងឈឺហ្នឹងទេ ។ អាការនៃជម្ងឺនេះ​គ្មាន​គោលសម្គាល់ច្បាស់លាស់ទេ ទាល់តែពិសោធន៍ស្រាវជ្រាវ ។ កម្ពុជាគ្មានសមត្ថភាពធ្វើកិច្ចការនេះទេ ។ កាល​ណាអាការរោគមិនសម្គាល់ច្បាស់ មិនអាចព្យាបាលបាលប្រកបដោយប្រសិទ្ធភាពឡើយ ។ ដូច្នេះ បញ្ហាក៏ក្លាយ​ជា​នយោបាយ ព្រោះគ្មានលទ្ធភាពខាងសេដ្ឋកិច្ចសម្រាប់ដោះស្រាយ ពោលគឺគេមិនអាចនិយាយថា​បណ្ដាជន​ខ្មែរ​មួយភាគធំកំពុងឈឺផ្លូវចិត្តនោះទេ ។ ដើម្បីបឹតបាំងរឿងនេះ គេគ្រាន់តែបន្ទោសនរណានិយាយរឿងឈឺនេះថា​ជា​មនុស្ស​​មើលងាយមើលថោកខ្មែរទៅវិញ ហើយក៏ចប់សាច់រឿង ។
                                                                                    ជេម សុខ




Comments are Closed