ពិភពលោកកំពុងកើនមហាសេដ្ឋីក្នុងខណៈធនធានកាន់តែថយចុះ

Posted by: | Posted on: March 5, 2015

អានអត្ថបទខាងក្រោមធ្វើអោយយើងភ្ញាក់ព្រើតពេលអ្នកមានកាន់តែមានដោយសារពួកគេអាចចំរាញ់យកកំរៃពីប្រជាជនដែលចំនួនកាន់តែច្រើនឡើង។ ធនធានធម្មជាតិនឹងត្រូវចំរាញ់យកគ្មានត្រាប្រណីដោយបចេ្ចកទេសទំនើប ធ្វើអោយអ្នកមានទ្រព្យ កាន់តែជិះសេះលែងដៃ បើយើងគ្មានបទប្បញ្ញត្តិក្នុងការទប់ស្កាត់ទេ។ កម្ពុជាមិនអាចទ្រាំមើលអ្នកមាននិងនាយទុនជិះសេះ លែងដៃក្នុងការកេញចំណេញនិងលក់សម្បត្តិធម្មជាតិដើម្បីប្រយោជន៍និងបក្សពួកតាមតែអំពើចិត្តបានឡើយ។

ប្រធាន​ក្រុមហ៊ុន CP នៅ​តែ​ជា​មហា​សេដ្ឋី​លេខ ១

Thai millionairesThu, 5 March 2015

ក្រុង​បាងកកៈ យោង​តាម​ទស្សនាវដ្តី Forbes ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ថៃ​នៅ​តែ​កើន​ឡើង​ដដែល ទោះ​ជា​សេដ្ឋកិច្ច​មិន​សូវ​ល្អ​ក៏​ដោយ។

លោក Dhanin Chearavanont ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Charoen Pokphand Group នៅ​តែ​បន្ត​ភាព​នាំ​មុខ​របស់​លោក​ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ចំនួន ១៦ នាក់​នៅ​ប្រទេស​ថៃ នៅ​ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​ប្រចាំ ឆ្នាំ​២០១៥ របស់​ទស្សនាវដ្តី​មួយ​នេះ។ ចំនួន​មហា​សេដ្ឋី​របស់​ប្រទេស​នេះ​កើន​ឡើង​ធៀប​នឹង​ចំនួន​មហាសេដ្ឋី​ត្រឹម​តែ ១១ នាក់​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន។

លោក Dhanin ជាប់​ចំណាត់​ថ្នាក់ ទី៨១ នៅ​ក្នុង​ចំណាត់​ថ្នាក់​ពិភពលោក ធៀប​នឹង​ចំណាត់​ថ្នាក់ ទី៩៧ កាល​ពី​ឆ្នាំមុន ដោយ​លោក​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​លោក​បន្ថែម​ចំនួន ២,២ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១៣,៦ ពាន់​លាន​ដុល្លារ ធៀប​នឹង​ចំនួន ១១,៤ ពាន់​លាន​ដុល្លារ​កាល​ពី ឆ្នាំ​២០១៤។

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ច្រើន​ជាង​គេ​របស់​លោក​គឺ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​របស់​ចិន​ឈ្មោះ​ថា Ping An ដែល​លោក​បាន​ទិញ​នៅ ឆ្នាំ​២០១៣ បាន​កើន​ឡើង ៤០ ភាគរយ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ត្រី​មាស​ជិត​ពីរ​ដង​ដោយ​សារ​លទ្ធផល​ការងារ​ល្អ​នៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ធនាគារ​របស់​ក្រុម​ហ៊ុន​នេះ។ ភាគ​ហ៊ុន​ក្រុម​ហ៊ុន True Corporation របស់​លោក​បាន​កើន​ឡើង​ជាង​ពីរ​ដង​គិត​ចាប់​តាំង​ពី​ក្រុម​ហ៊ុន China Mobile បាន​ទិញ​យក​ភាគ​ហ៊ុន​ចំនួន ១៨ ភាគរយ​ក្នុង​តម្លៃ ៨៨០ លាន​ដុល្លារ​កាល​ពី ខែ​មិថុនា ឆ្នាំ​មុន។ នៅ ឆ្នាំ​២០១៥ នេះ លោក​បាន​ចាប់​ផ្តើម​ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជប៉ុន​មួយ​ឈ្មោះ​ថា Itochu ដើម្បី​ទិញ​យក​ភាគហ៊ុន​ចំនួន ២០ ភាគ​រយ​ក្នុង​ក្រុម​ហ៊ុន China International Trust and Investment Corporation ក្នុង​តម្លៃ ១០,២ ពាន់​លាន​ដុល្លារ។

ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក​រាប់​បញ្ចូល​ទាំង​ភាគ​ហ៊ុន​ដែល​លោក​កាន់​កាប់​រួម​គ្នា​ជាមួយ​នឹង​បង​ប្អូន​ប្រុស​ទាំង​បី​របស់​លោក គឺ​លោក Jaran Chiaravanont លោក Montri Jiaravanont និង​លោក Sumet Jiaravanont ។ បង​ប្អូន​ជីដូន​មួយ​របស់​លោក​គឺ​លោក Kiat Chiaravanont ក៏​ជា​មហា​សេដ្ឋី​ផង​ដែរ។

បន្ទាប់​មក​អ្នក​ដែល​ដេញ​តាម​យ៉ាង​ប្រកៀក​ប្រកិត​នោះ គឺ​មហា​សេដ្ឋី​ផ្នែក​ឧស្សាហ​កម្ម​ស្រា​លោក Charoen Sirivadhanabhakdi ដោយ​ទ្រព្យ​សម្បត្តិ​បាន​កើន​ឡើង​ចំនួន ៤,២ ពាន់​លាន​ដុល្លារ​ថែម​ទៀត​ដោយ​កើន​ដល់ ១៣,២ ពាន់​លាន​ដុល្លារ។ លោក Krit Ratanarak ដែល​មហា​សេដ្ឋី​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អចលន​ទ្រព្យ បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ទីបី បន្ទាប់​ពី​ភាគ​ហ៊ុន​របស់​លោក​ក្នុង​ធនាគារ Bank of Ayudhya ដែល​លោក​កាន់​កាប់​ភាគ​ហ៊ុន​ភាគ​តិច​ក្នុង​ធនាគារ​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​កាល​ពី​ឆ្នាំ​មុន។

លោក Krit បាន​វ៉ា​ដាច់​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ទីបី​របស់​ថៃ​កាល​ពី​ឆ្នាំ​មុន គឺ​លោក Vanich Chaiyawan ប្រធាន​ក្រុម​ហ៊ុន Thai Life ដែល​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក​បាន​កើន​ឡើង​តិច​តួច​ដល់ ៣,៧ ពាន់​លាន​ដុល្លារ។

ដោយ​បាន​ចូល​រួម​ជាមួយ​នឹង​បង​ប្រុស​របស់​លោក​ស្រី​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​ជា​លើក​ដំបូង​ដែរ​នោះ លោក​ស្រី Sudthida Ratanarak ប្អូន​ស្រី​មិន​សូវ​មាន​ឈ្មោះ​ល្បី​របស់​លោក Krit គឺ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ ទី១០ នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ១,៧ ពាន់​លាន​ដុល្លារ។

បើ​ទោះ​ជា​ចំណាត់​ថ្នាក់​របស់​លោក​បាន​ធ្លាក់​ចុះ​ក៏​ដោយ ក៏​លោក Thaksin Shinawatra នាយក​រដ្ឋ​មន្ត្រី​ថៃ​បណ្តេញ​ចេញ​ពី​តំណែង នៅ​តែ​បន្ត​សកម្មភាព​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​លោក​ដដែល។ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក Thaksin បាន​កើន​ឡើង​ដល់​ចំនួន ១,៧ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

សេដ្ឋកិច្ច​របស់​ពិភពលោក​មិន​សូវ​មាន​ស្ថិរភាព​នោះ​ទេ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​ក្រុម​មហា​សេដ្ឋី​បាន​បង្ហាញ​ពី​និន្នាការ​កើន​ឡើង​ដោយ​មាន​មហា​សេដ្ឋី​សរុប​ចំនួន ១៨២៦ នាក់​ដែល​ត្រូវ​បាន​គេ​ស្រង់​ចូល​ក្នុង​បញ្ជី​របស់​ទស្សនាវដ្តី​មួយ​នេះ ពោល​គឺ​កើន​ឡើង​ធៀប​នឹង​ចំនួន​មហា​សេដ្ឋី ១៦៤៥ នាក់​កាល​ពី​ឆ្នាំ​មុន៕





Comments are Closed