Monday, November 21st, 2022

now browsing by day

 
Posted by: | Posted on: November 21, 2022

ទស្សនៈវិជ្ជានយោបាយដ៏ល្បីល្បាញរបស់ John locke (1632-1704)

ទស្សនៈវិជ្ជានយោបាយដ៏ល្បីល្បាញរបស់ John locke (1632-1704)

Op-Ed: Mao Sokha

ទស្សនវិជ្ជានយោបាយដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពលបំផុតរបស់ចន ឡក គឺមានសរសេរនៅក្នុងសៀវភៅ ដែលមានចំណងជើងជាភាសាអង់គ្លេសថា “Two Treatises of Government” ដោយនៅក្នុងនោះ ចន ឡក សរសេរអំពីគោលគំនិតសំខាន់ៗរបស់លោក ទាក់ទងនឹងប្រភពនៃធម្មានុរូបភាពរបស់រដ្ឋ និងអំណាចរបស់មេដឹកនាំ។

ខ្សែសង្វាក់នៃទឡ្ហីករណ៍របស់ ចន ឡក ចំពោះបញ្ហានេះ គឺដូចគ្នាទៅនឹងថូម៉ាស់ ហបស៍ដែរ ពោលគឺ ចន ឡក ចាប់ផ្តើមពីការពិចារណាទៅលើសភាពធម្មជាតិរបស់មនុស្ស មុនពេលការបង្កើតជាសហគមន៍ ឬជារដ្ឋ តាមរយៈកិច្ចព្រមព្រៀងគ្នាមួយ ដែលគេឲ្យឈ្មោះថា “កិច្ចសន្យាសង្គម”។ ក៏ប៉ុន្តែ ថ្វីដ្បិតតែមានខ្សែសង្វាក់នៃទឡ្ហីករណ៍ដូចគ្នា តែគោលគំនិតរបស់ ចន ឡក ទៅលើសភាពធម្មជាតិរបស់មនុស្ស និងកិច្ចសន្យាសង្គម គឺផ្ទុយគ្នាស្រឡះពីគោលគំនិតរបស់ថូម៉ាស់ ហបស៍។

យោងតាមថូម៉ាស់ ហបស៍ ធម្មជាតិរបស់មនុស្ស គឺអាត្មានិយម ចូលចិត្តប្រកួតប្រជែងគ្នា និងប្រើកម្លាំងបាយ ហើយនៅក្នុងសភាពធម្មជាតិដើមរបស់មនុស្ស គឺពោរពេញទៅដោយភាពអនាធិបតេយ្យ និងសង្រ្គាមជាប់ជាប្រចាំ។ ចន ឡកវិញ យល់ឃើញផ្ទុយពីនេះស្រឡះ។

យោងតាម ចន ឡក ធម្មជាតិដើមរបស់មនុស្ស គឺល្អ ហើយនៅក្នុងសភាពធម្មជាតិ មនុស្សមានសិទ្ធិសេរីភាពពេញលេញ ហើយជាសិទ្ធិសេរីភាពស្មើៗគ្នា ដោយគ្មានឋានានុក្រម។ សម្រាប់ចន ឡក សភាពធម្មជាតិរបស់មនុស្ស មិនមែនពោរពេញទៅដោយភាពអនាធិបតេយ្យ និងសង្រ្គាមជាប់ជាប្រចាំនោះទេ ពីព្រោះថា នៅក្នុងសភាពធម្មជាតិនេះក៏មានច្បាប់របស់វាដែរ គឺ “ច្បាប់ធម្មជាតិ” ហើយមនុស្សគ្រប់រូបសុទ្ធតែដឹងថាអ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ ហើយទង្វើណាមួយ វាស្រប ឬផ្ទុយនឹងច្បាប់ធម្មជាតិ។ អ្វីដែលចោទជាបញ្ហា នៅក្នុងសភាពធម្មជាតិរបស់មនុស្ស គឺការអនុវត្តច្បាប់ធម្មជាតិ។ នៅក្នុងសភាពធម្មជាតិ មនុស្សម្នាក់ៗដឹងថាទង្វើណាមួយជាទង្វើល្មើសនឹងច្បាប់ធម្មជាតិ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម។ ក៏ប៉ុន្តែ សំណួរចោទឡើងថា តើអ្នកណាជាធានានូវការអនុវត្តច្បាប់នេះ? តើអ្នកណាជាអ្នកកំណត់អំពីទណ្ឌកម្ម ហើយអ្នកណាជាអ្នកអនុវត្តទណ្ឌកម្មដែលបានកំណត់?

សរុបមកវិញ តាមគំនិតរបស់ចន ឡក បញ្ហាចោទនៃសភាពធម្មជាតិរបស់មនុស្សមិនមែនសង្រ្គាមនោះទេ គឺបញ្ហាអយុត្តិធម៌។ ដូច្នេះ មនុស្សត្រូវការបង្កើតជារដ្ឋ មិនមែនដើម្បីចេញពីស្ថានភាពសង្រ្គាមនោះទេ តែដើម្បីចេញពីស្ថានភាពអយុត្តិធម៌ ហើយការព្រមព្រៀងដាក់ខ្លួនក្រោមអំណាចរដ្ឋ (តាមរយៈកិច្ចសន្យាសង្គម) ក៏មិនមែនជាការបោះបង់ទាំងស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីជាថ្នូរនឹងការធានាសុវត្ថិភាពផ្ទាល់ខ្លួន ដូចទ្រឹស្តីរបស់ថូមាស់ ហបស៍នោះដែរ តែផ្ទុយទៅវិញ គឺគ្រាន់តែជាការបោះបង់នូវសេរីភាពមួយផ្នែក ដើម្បីជាថ្នូរនឹងការធានានូវការអនុវត្តសិទ្ធិមួយផ្នែកទៀតដែលនៅសេសសល់ ហើយដែលជាសិទ្ធិធម្មជាតិគ្មានអ្នកណាដកហូតបាន រួមមានដូចជា សិទ្ធិរស់រានមានជីវិត និងសិទ្ធិលើកម្មសិទ្ធិឯកជន ជាដើម។

ទស្សនាទានខុសគ្នា រវាង ចន ឡក និងថូម៉ាស់ ហបស៍ ស្តីពីសភាពធម្មជាតិរបស់មនុស្ស បាននាំទៅរកសេចក្តីសន្និដ្ឋានផ្ទុយគ្នា ស្តីពីអំណាចរបស់មេដឹកនាំរដ្ឋ។

តាមទស្សនៈរបស់ថូម៉ាស់ ហបស៍ នៅពេលដែលបុគ្គលម្នាក់ៗព្រមព្រៀងគ្នាផ្ទេរសិទ្ធិអំណាចគ្រប់គ្រងទៅឲ្យមេដឹកនាំរដ្ឋ តាមរយៈ “កិច្ចសន្យាសង្គម” សិទ្ធិអំណាចនោះនឹងត្រូវផ្ទេរជារៀងរហូត ដោយមិនអាចដកហូតមកវិញបាន ហើយបើទោះបីជាមេដឹកនាំរដ្ឋចេញសេចក្តីសម្រេច ឬដាក់ចេញនូវនយោបាយ ឬធ្វើច្បាប់ណាមួយ ដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត ឬគ្មានភាពយុត្តិធម៌ ក៏ប្រជាជននៅតែត្រូវបន្តដាក់ខ្លួនក្រោមអំណាចមេដឹកនាំរដ្ឋនោះដដែល។ គោលគំនិតនេះហើយ ដែលនាំថូម៉ាស់ ហបស៍ឲ្យមានទំនោរទៅរករបៀបដឹកនាំបែបរាជានិយមផ្តាច់ការ ហើយបិទផ្លូវមិនឲ្យប្រជាជនមានលទ្ធភាពរើបម្រះប្រឆាំងនឹងមេដឹកនាំរដ្ឋ។

ចន ឡកវិញ មានទស្សនៈផ្ទុយស្រះពីថូម៉ាស់ ហបស៍។ ចន ឡកយល់ថា នៅក្នុង “កិច្ចសន្យាសង្គម” ប្រជាជនមិនបានផ្ទេរសិទ្ធិអំណាចទៅឲ្យមេដឹកនាំទាំងអស់ និងជាអចិន្រ្តៃយ៍នោះទេ ហើយកិច្ចសន្យានេះ ក៏មិនមែនធ្វើឡើងតែរវាងប្រជាជនគ្នាឯងនោះដែរ ពោលគឺមានមេដឹកនាំរដ្ឋជាភាគីនៃកិច្ចសន្យា។ នៅក្នុង “កិច្ចសន្យាសង្គម” របស់ ចន ឡក បុគ្គល និងបុគ្គល ព្រមព្រៀងគ្នាផ្ទេរសិទ្ធិមួយផ្នែកទៅឲ្យរដ្ឋ ដោយគ្រប់គ្នាសុខចិត្តដាក់ខ្លួនឲ្យស្ថិតក្រោមអំណាចរបស់រដ្ឋ ចំណែករដ្ឋវិញ ដែលទទួលសិទ្ធិអំណាចពីប្រជាជន ត្រូវជាប់កាតព្វកិច្ចធានានូវយុត្តិធម៌ ក្នុងការអនុវត្តសិទ្ធិមួយផ្នែកដែលនៅសេសសល់របស់ប្រជាជន។

ដូច្នេះ តាមទស្សនៈរបស់ចន ឡក ទំនាក់ទំនង រវាងប្រជាជន និងមេដឹកនាំរដ្ឋ គឺជាទំនាក់ទំនងក្នុងឋានៈជាភាគីនៃកិច្ចសន្យា ពោលគឺ ភាគីនីមួយៗ (ប្រជាជនក៏ដូចជាមេដឹកនាំរដ្ឋ)

ត្រូវមានទាំងសិទ្ធិ និងទាំងកាតព្វកិច្ច ហើយការគោរពសិទ្ធិ និងកាតព្វកិច្ចទៅវិញទៅមកនេះ គឺជាមូលដ្ឋានគ្រឹះ ដើម្បីធានានូវសុពលភាពនៃ “កិច្ចសន្យាសង្គម”។

Read More …