សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

សមាជិកព្រឹទ្ធសភាអាមេរិក ស្នើច្បាប់ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

Op-Ed: RFA

លោក មួង ណារ៉េត
2019-05-21

រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)

រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)គេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក

សមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ។ សេចក្តីស្នើច្បាប់នេះ ត្រូវដាក់ស្នើ កាលពីថ្ងៃទី ១៤ ខែ ឧសភា តែទើបតែត្រូវបានលេចចេញជាសាធារណ: នៅថ្ងៃនេះ។

សមាជិកព្រឹទ្ធសភាទាំងបីរូបនោះ មួយរូបមកពីខាងគណបក្សសាធារណរដ្ឋលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជាអ្នកផ្តួចផ្តើមស្នើច្បាប់នេះ និង គាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាងគណបក្សប្រជាធិបតេយ្យ និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ។

ច្បាប់ថ្មីនេះ មានឈ្មោះថា S.1468 ដែលទាមទារឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការ ឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខក្នុងតំបន់ ការពារអធិបតេយ្យភាពរបស់កម្ពុជា កុំឲ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនីស្ត និងធ្វើយ៉ាងណាឲ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការទទួលខុសត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ច្បាប់នេះ តម្រូវឲ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ ដោះលែងអ្នកទោសនយោបាយ និង សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើ​ពួកគាត់។ ទម្លាក់ចោលរាល់ការចោទប្រកាន់ ដោយហេតុផលនយោបាយ លើមេដឹកនាំផ្សេងទៀត របស់បក្សប្រឆាំង ដូចជាលោក សម រង្ស៊ី និង ទម្លាក់ចោលបទចោទលើ​អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបផង គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ​។

ម្យ៉ាងទៀត របបលោក ហ៊ុន សែន ត្រូវតែលុបចោលច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងបើកដំណើរការឡើងវិញ និង ផ្តល់នីតិសម្បទា ដល់មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំងអស់ ដែលរងបម្រាមសិទ្ធិនយោបាយ ពីសំណាក់របបនេះ។

ក្នុងករណីរបបនេះ មិនអនុវត្តតាម រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មលើមន្រ្តីរបបនេះ រួមមាន ទីមួយគឺបង្កកទ្រព្យសម្បត្តិមន្រ្តីទាំងនោះ ទីពីរគឺព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP និង ទីបីគឺមិនបន្ធូរបន្ថយចំពោះការជំពាក់បំណុលអាមេរិក។

សូមលោកអ្នកនាង រង់ចាំស្តាប់ព័ត៌មានលម្អិត ស្តីពីចំណាត់ការរបស់អាមេរិក ចំពោះការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជានេះបន្ថែមទៀត នៅក្នុងការផ្សាយរបស់វិទ្យុ និង ទូរទស្សន៍អាស៊ីសេរី នៅយប់ថ្ងៃទី ២២ ខែ ឧសភានេះ៕

Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •