Wednesday, June 24th, 2020

now browsing by day

 
Posted by: | Posted on: June 24, 2020

រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​អ្នក​ក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ​ដែល​មាន​ទាំង​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ

Comment: ការសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដផងនោះគឺជាលទ្ធផលមួយនៃការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យជាពិសេសសកម្មជន យុវជននិងគណបក្សសង្គ្រោះជាតិ។ លទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមានទាំងត្រេកអរផងនិងអាក់អន់ចិត្តផងពីព្រោះច្បាស់ជាមានការបែងចែកមិនត្រូវត្រូវនិងប្រាក់ជួយតិចតួចពេក មិនអាចដោះស្រាយជីវភាពអោយប្រសើរបានឬសងបំណុលបាន ព្រមទាំងមានការរើសអើងដល់អ្នកមាននិន្នាការនយោបាយផ្សេងគ្នានៅក្នុងសហគមតាមរយៈមេឃុំ-ចៅសង្កាត់-មេភូមិដែលត្រូវបានតែងតាំងតំណែងដោយគណបក្សប្រជាជនកម្ពុជា។ កត្តារើសអើងនេះគឺជាបរាជ័យរបស់ភាពជាមេដឹកនាំរបស់លោកហ៊ុនសែនពីរទសវត្សកន្លងមកនេះ ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅពេលឃើញថាបក្សនេះមានប្រជាប្រីយភាពជាងបក្សខ្លួន។ បន្ទាប់ពីកំចាត់សម្លេងជិតកន្លះនគរនេះមក លោកហ៊ុនសែនកាន់តែរន្ថើនបង្កើនកំឡាំងគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងស្ថាប័នជាតិដែលការណ៍នេះគឺពិតជានាំគ្រោះកាចដល់ជាតិនេះខ្លាំងណាស់។ សព្វថ្ងៃមន្ត្រីរាជការមួយភាគដែលស៊ីប្រាក់ខែរាស្ត្របានកំពុងត្រូវគេអូសទាញផង បង្ខិតបង្ខំផង និងសន្យាតំណែងផងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសតាមរយៈបណ្តាញសហព័ន្ធសហភាពយុវជនកម្ពុជាជាដើម។

24 មិថុនា 2020


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)

 បោះពុម្ពភ្នំពេញ — 

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អះអាង​ថា​ ជំនួយ​សង្គម​ជា​ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​នៅ​ពេល​នេះ​ គឺ​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ ហើយ​ក៏​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩។​

លោក ហ៊ុន សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ និង​មាន​ការ​ចូលរួម​ពី​អង្គ​ទូត​នានា។​

បើ​តាម​លោក ហ៊ុន សែន​ អ្នក​ក្រីក្រ​ទាំង​នោះ​មាន​ជាង ​៥៦​ម៉ឺន​គ្រួសារ។ ​លោក​បន្ត​ថា​ ជំងឺ​កូវីដ១៩​នេះ​«បន្ត​អូស​បន្លាយ​និង​មិន​មាន​ភាព​ច្បាស់លាស់» ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ជួយ​អ្នក​ក្រីក្រ​នៅ​ពេល​នេះ។​

លោក ​ហ៊ុន សែន បន្ត​ថា​ រដ្ឋាភិបាល​របស់​លោក ​មិន​បណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ។ ​ លោក​បញ្ជាក់​ថា​ ថវិកា​ទាំង​នេះ ជា​ថវិកា​ដែល​រដ្ឋាភិបាល​សន្សំ​ទុក តាំង​ពីដើម​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ ​ក្នុង​ពេល​នេះ​គូស​រំលេច​ឲ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​ថា ​រាជ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ផ្ទាល់ ​នឹង​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​មួយ​ត្រូវ​ស្លាប់​ដោយ​អត់​បាយ​ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ»។​

កម្មវិធី​ជំនួយ​សង្គម​ពិសេស​នេះ​នឹង​ជួយ​ប្រជាជន​ក្រីក្រ ​ដែល​មាន​បណ្ណ​ក្រីក្រ១​និង​២ ​ដែល​រដ្ឋាភិបាល​បាន​ចុះ​ស្រង់​ទិន្នន័យ​ក្នុង​ពេល​ថ្មីៗ​នេះ​បន្ថែម​ទៀត។​ ចំនួន​នេះ​មាន​រហូត​ទៅ​ដល់​ ៥៦​ម៉ឺន​គ្រួសារ។​លោក ហ៊ុន សែន​ ថា​ ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត ​ដោយសារ​ប្រជាជន​កម្ពុជា​នឹង​បន្ត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ ដោយសារ​មិន​មាន​ការងារ​ធ្វើ​ ហើយ​បាត់​បង់​ចំណូល។​

តារាង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ ​ឲ្យ​ដឹង​ថា​ ​គ្រួសារ​ក្រីក្រ​នៅ​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ និង​នៅ​ទី​ប្រជុំ​ជន​តាម​ខេត្ត​នានា ​នឹង​ទទួល​បាន ​១២ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ។ ​បន្ថែម​ពី​នេះ​ទៀត​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​៤​ម៉ឺន​រៀល​ ហើយ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ​ នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល ​ក្នុង​មួយ​នាក់។ ​ចំណែក​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​តាម​ជន​បទ​ក្នុង​បណ្តា​ខេត្ត​នានា ​មួយ​គ្រួសារ​នឹង​ទទួល​បាន​ចំនួន​ ៨​ម៉ឺន​រៀល។​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​២៤.០០០​រៀល​ និង​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ ​ទទួល​បាន ​២៤.០០០​រៀល។​

លោក​ ហ៊ុន សែន​ បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្រ្តៃយ៍​នោះ​ទេ ​ហើយ​រដ្ឋាភិបាល​នឹង​បន្ត​តាម​ដាន ​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្តែង ​រៀង​រាល់​ពីរ​ខែ​ម្តង។​

លោក​ ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក​ការងារ​ធ្វើ​ឲ្យ​បាន​ឆាប់ ​និង​ត្រូវ​ចៀសវាង​បង្កើត​ទម្លាប់​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ។​

នៅ​ថ្ងៃ​ពុធ​នេះ ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​និង​ស្ថានទូត​អូស្រ្តាលី ​ដែល​បាន​និង​កំពុង​ជួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​គាំទ្រ​គម្រោង​ផ្តល់​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា។ ស្ថានទូត​ទាំង​នេះ​លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាង​ ៥៦​ម៉ឺន​គ្រួសារ​នេះ​គឺ​ស្មើ​នឹង​ប្រជាជន​ប្រមាណ ​២,៣​លាន​នាក់ ​ដែល​ទទួល​បាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​ថ្មី​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ។​

លោក ​Günter Riethmacher ​នាយក​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ)​ ប្រចាំ​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា ​ក្រុម​ការងារ​បាន​បន្ថែម​អ្នក​ក្រីក្រ​ថ្មី​ជាង ​៥​ម៉ឺន​គ្រួសារ ​ទៅ​ក្នុង​ប្រព័ន្ធ​ភាព​ក្រីក្រ ​(IDPoor) ​នៅ​ក្នុង​ខែ​នេះ។​

លោក ​Christian Berger ​ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ដែល​បាន​គ្រោង​ទុក​នេះ​ គឺ​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ។​កម្មវិធី​នេះ​សំដៅ​ជួយ​គ្រួសារ​ណា​ដែល​កំពុង​មាន​តម្រូវ​ការ​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​វា​ជួយ​បង្កើន​ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ទាំង​មូល»។​

Read More …