ប្រសិទ្ធភាពមេដឹកនាំនយោបាយ ភាគ១

Posted by: | Posted on: February 5, 2023

                   

ប្រសិទ្ធភាពមេដឹកនាំនយោបាយ

មគ្គវិធីសំរាប់មេដឹកនាំខ្មែរ

                                        ដោយ ​​សេង​​ ភ. សុភ័ណ

សេចក្តីប្រារព្ធ

មនុស្សកើតមកប្រកបដោយសិទ្ធិសេរីភាពខាងគំនិត​   និងការបដិបត្តិជាច្រើន  ជាពិសេសសម្រាប់មេដឹកនាំដែលជាបុគ្គលសំខាន់  គំរូគេ នាំមុខគេ  ក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិទូទៅ   ដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើសរើសយកផ្លូវមួយណា?។​  ជាការចាំបាច់ណាស់   បើមេដឹកនាំខ្មែរទាំងអស់   ពិសេសយុវជនខ្មែរជំនាន់ក្រោយដែលនឹងក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយនិងសិក្សាយកគំរូល្អៗតាមមេដឹកនាំរបស់ខ្មែរយើងពីអតីតកាល   ព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយើងនេះ។ សៀវភៅតូចនេះគ្រាន់តែជាអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយដើម្បីរៀនសូត្រសំរាប់ខ្លួនឯងតែប៉ុណ្ណោះ។

ភាពចាំបាច់សម្រាប់ភាវៈជាមេដឹកនាំ

មេដឹកនាំ   ឬអ្នកដឹកនាំជាគោលគំនិតមួយដែលមនុស្សម្នាក់ៗត្រូវតែព្យាយាមស្វែងរកមកទុកក្នុងក្រអៅបេះដូងរៀងៗខ្លួន។ បើមនុស្សម្នាក់ៗខ្វះភាវៈជាមេដឹកនាំនៅក្នុងចិត្តហើយគេពិបាកនឹងធ្វើជីវិតឲ្យចំរើនរុងរឿងខ្លាំងណាស់។ ខ្មែរយើងភាគច្រើនតែងតែយល់ថា​​ ភាវៈមេដឹកនាំគឺមានសំរាប់តែប្រមុខរដ្ឋឬអ្នកនយោបាយមួយក្រុមតូចប៉ុណ្ណោះ។  ជាការជាក់ស្ដែង​       ប្រទេសដែលប្រកាន់យកលទ្ធិផ្ដាច់ការ        ប្រទេសជាតិទាំងមូលនិងគ្រប់គ្រងទាំងស្រុងដោយមនុស្សមួយក្រុមតូច។         តែសំរាប់យុគ្គបច្ចុប្បន្ន​       ជាយុគ្គត្រាស់ដឹង(Enlightenment Era)    បុគ្គលម្នាក់ៗនៅក្នុងប្រទេសមួយៗ    គឺជាមេដឹកនាំ។    រាប់ចាប់តាំងពីសមាជិកម្នាក់ៗក្នុងសង្គមគ្រួសារ   ភូមិ   ស្រុក ខេត្ត  ក្រុង  និងប្រទេស       ត្រូវតែអភិវឌ្ឍន៍ភាវ:ដឹកនាំឲ្យមាននៅក្នុងខ្លួនដើម្បីជាភ្នែកច្រមុះក្នុងការអភិវឌ្ឍន៍សង្គមរួមគ្នានៅគ្រប់វិស័យ។   តែទោះជាយ៉ាងណាក៏ដោយ  ឋានៈជាអ្នកដឹកនាំក្នុងគ្រួសារនិងអ្នកដឹកនាំសង្គមជាតិទាំងមូលមានភាពខុសគ្នាឆ្ងាយណាស់ព្រោះផលប៉ះទង្គិចពីការដឹកនាំខុស​  ដឹកនាំជ្រុល  មានទំហំខុសគ្នាឆ្ងាយណាស់។

នៅក្នុងសៀវភៅសាកលចិន្តារបស់ព្រះភិក្ខុធម្មបាលខៀវ  ជុំ ភាគ២  ត្រង់ទំព័រ៤៣៣    បានបញ្ជាក់ថា          ​“សង្គ្រាមជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គម          ប៉ុន្តែបើមានដឹកនាំគ្មានសមត្ថភាព      គ្មានគំនិតសង្គម        គ្មានស្មារតីយុត្តិធម៌។ល។      ចាត់ការគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព      ប្រជាពលរដ្ឋស្ដាប់មិនបានមើលមិនយល់          មិនដឹងជាអ្នកដឹកនាំដឹកដៃខ្លួនចង់ដើរផ្លូវណា?។ ព្រឹត្តិការណ៍ស្រុកទេសមានសភាពដូចនេះកំរនឹងគេចផុតពីអានាធិបតេយ្យគឺភាពវឹកវរចលាចល។         ជាពិសេសសភាពអារ៉ាត់អារាយស្ដាប់គ្នាលេងកើតរវាងអ្នកដឹកនាំនិងអ្នកដើរតាម     នេះជាកត្តាមួយទៀតដែលធ្វើឲ្យការអភិវឌ្ឍន៍ចេញមិនរួច។     បុព្វហេតុនៃការគ្មានសណ្ដាប់ធ្នាប់ដែលជាធាតុជាន់ពន្លិចការអភិវឌ្ឍន៍      គ្មានមកពីអ្នកណាដ៏ទៃទេ    គឺមកពីអ្នកគ្រប់គ្រងគ្មានសមត្ថភាព      ធ្វើចំណាត់ការសេដ្ឋកិច្ច         នយោបាយ       សង្គមកិច្ច      វប្បធម៌       គ្មានប្រសិទ្ធភាពហ្នឹងឯង​”។

Comments are Closed