ការបោះឆ្នោតនៅកម្ពុជានិងនៅប្រទេសកាណាដា

Posted by: | Posted on: December 21, 2015

ខែឧសភានិងខែតុលាឆ្នាំ២០១៥នេះ ខ្ញុំមានឳកាសបានចូលរួមជាមន្រ្តីរៀបចំការបោះឆ្នោតថ្នាក់ខេត្ត នៃខេត្តអាល់បើរតា (Alberta)និងថ្នាក់ប្រទេសនៃ ប្រទេសកាណាដា។

DRO

ការបោះឆ្នោតនៅប្រទេសកាណាដាគឺមានបទពិសោធន៍យូរយារណាស់មកហើយ ហើយមានការទទួលស្គាល់ថាសុក្រឹតយុត្តិធម៌(free and fair) មានស្តង់ដារ (standard) និងមានមុខវិជ្ជាជីវៈ (professionalism) ខ្ពស់បំផុតសំរាប់កំរិតការបោះឆ្នោតទាំងបីគឺ៖

១. កំរិតរដ្ឋសហព័ន្ធ (Federal)

២. កំរិតខេត្ត (Provincial)

៣. កំរិតក្រុង (Municipal)

វគ្គជ្រើសរើសមន្រ្តីរៀបចំបោះឆ្នោតធ្វើឡើងយ៉ាងសាមញ្ញបំផុត។ មន្ត្រីថ្នាក់ក្រោមទាំងអស់គឺជាបុគ្គលិកបណ្តែតបែបកុងត្រារយះពេលខ្លី គឺមានន័យថាពួកគេទទួលកំរៃរយះពេលពីរបីថ្ងៃសម្រាប់ថ្ងៃបោះឆ្នោតធំចុងក្រោយ។ អ្វីដែលគួរអោយកត់សម្គាល់គឺវិធានការជ្រើសរើសនិងការស្បថសច្ចាបណិធានមិនអោយមានការលំអៀងនិងការឆ្គាំឆ្គងបាត់បង់វិជ្ជាជីវៈក្នុងពេលកំពុងបំពេញមុខនាទី។

អ្វីដែលជាការកត់សម្គាល់ចម្បងបំផុតគឺមន្ត្រីជំនួយការចាស់ (Deputy Return Officer or DRO)ត្រូវធ្វើការយ៉ាងជិតស្និតជាមួយស្មៀនរបស់ខ្លួនដើម្បីរៀបចំតុបោះឆ្នោតរបស់ខ្លួន ហិបឆ្នោត សន្លឹកឆ្នោត រាប់សន្លឹកឆ្នោត និងផ្ទៀងផ្ទាត់លទ្ធផលចុងក្រោយក្នុងដែនសីមារបស់ខ្លួនអោយត្រឹមត្រូវ ហើយរាយការណ៌លទ្ធផលទៅកាន់ប្រធានការិយាល័យបោះឆ្នោតដែលឈរជើងផ្ទាល់នៅទីនោះ ដើម្បីអោយគេអាចទូរស័ព្ទលទ្ធផលឆ្នោតភ្លាមៗទៅការិយាល័យធំ។

ដូច្នេះ ជាធម្មតា លទ្ធផលឆ្នោតគឺត្រូវបានគេប្រកាសភ្លាមៗក្រោយពីការបិទហិបឆ្នោតមិនបានដល់១ម៉ោងផង។