រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​អ្នក​ក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ​ដែល​មាន​ទាំង​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ

Posted by: | Posted on: June 24, 2020

Comment: ការសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដផងនោះគឺជាលទ្ធផលមួយនៃការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យជាពិសេសសកម្មជន យុវជននិងគណបក្សសង្គ្រោះជាតិ។ លទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមានទាំងត្រេកអរផងនិងអាក់អន់ចិត្តផងពីព្រោះច្បាស់ជាមានការបែងចែកមិនត្រូវត្រូវនិងប្រាក់ជួយតិចតួចពេក មិនអាចដោះស្រាយជីវភាពអោយប្រសើរបានឬសងបំណុលបាន ព្រមទាំងមានការរើសអើងដល់អ្នកមាននិន្នាការនយោបាយផ្សេងគ្នានៅក្នុងសហគមតាមរយៈមេឃុំ-ចៅសង្កាត់-មេភូមិដែលត្រូវបានតែងតាំងតំណែងដោយគណបក្សប្រជាជនកម្ពុជា។ កត្តារើសអើងនេះគឺជាបរាជ័យរបស់ភាពជាមេដឹកនាំរបស់លោកហ៊ុនសែនពីរទសវត្សកន្លងមកនេះ ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅពេលឃើញថាបក្សនេះមានប្រជាប្រីយភាពជាងបក្សខ្លួន។ បន្ទាប់ពីកំចាត់សម្លេងជិតកន្លះនគរនេះមក លោកហ៊ុនសែនកាន់តែរន្ថើនបង្កើនកំឡាំងគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងស្ថាប័នជាតិដែលការណ៍នេះគឺពិតជានាំគ្រោះកាចដល់ជាតិនេះខ្លាំងណាស់។ សព្វថ្ងៃមន្ត្រីរាជការមួយភាគដែលស៊ីប្រាក់ខែរាស្ត្របានកំពុងត្រូវគេអូសទាញផង បង្ខិតបង្ខំផង និងសន្យាតំណែងផងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសតាមរយៈបណ្តាញសហព័ន្ធសហភាពយុវជនកម្ពុជាជាដើម។

24 មិថុនា 2020


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)

 បោះពុម្ពភ្នំពេញ — 

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អះអាង​ថា​ ជំនួយ​សង្គម​ជា​ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​នៅ​ពេល​នេះ​ គឺ​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ ហើយ​ក៏​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩។​

លោក ហ៊ុន សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ និង​មាន​ការ​ចូលរួម​ពី​អង្គ​ទូត​នានា។​

បើ​តាម​លោក ហ៊ុន សែន​ អ្នក​ក្រីក្រ​ទាំង​នោះ​មាន​ជាង ​៥៦​ម៉ឺន​គ្រួសារ។ ​លោក​បន្ត​ថា​ ជំងឺ​កូវីដ១៩​នេះ​«បន្ត​អូស​បន្លាយ​និង​មិន​មាន​ភាព​ច្បាស់លាស់» ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ជួយ​អ្នក​ក្រីក្រ​នៅ​ពេល​នេះ។​

លោក ​ហ៊ុន សែន បន្ត​ថា​ រដ្ឋាភិបាល​របស់​លោក ​មិន​បណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ។ ​ លោក​បញ្ជាក់​ថា​ ថវិកា​ទាំង​នេះ ជា​ថវិកា​ដែល​រដ្ឋាភិបាល​សន្សំ​ទុក តាំង​ពីដើម​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ ​ក្នុង​ពេល​នេះ​គូស​រំលេច​ឲ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​ថា ​រាជ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ផ្ទាល់ ​នឹង​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​មួយ​ត្រូវ​ស្លាប់​ដោយ​អត់​បាយ​ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ»។​

កម្មវិធី​ជំនួយ​សង្គម​ពិសេស​នេះ​នឹង​ជួយ​ប្រជាជន​ក្រីក្រ ​ដែល​មាន​បណ្ណ​ក្រីក្រ១​និង​២ ​ដែល​រដ្ឋាភិបាល​បាន​ចុះ​ស្រង់​ទិន្នន័យ​ក្នុង​ពេល​ថ្មីៗ​នេះ​បន្ថែម​ទៀត។​ ចំនួន​នេះ​មាន​រហូត​ទៅ​ដល់​ ៥៦​ម៉ឺន​គ្រួសារ។​លោក ហ៊ុន សែន​ ថា​ ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត ​ដោយសារ​ប្រជាជន​កម្ពុជា​នឹង​បន្ត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ ដោយសារ​មិន​មាន​ការងារ​ធ្វើ​ ហើយ​បាត់​បង់​ចំណូល។​

តារាង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ ​ឲ្យ​ដឹង​ថា​ ​គ្រួសារ​ក្រីក្រ​នៅ​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ និង​នៅ​ទី​ប្រជុំ​ជន​តាម​ខេត្ត​នានា ​នឹង​ទទួល​បាន ​១២ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ។ ​បន្ថែម​ពី​នេះ​ទៀត​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​៤​ម៉ឺន​រៀល​ ហើយ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ​ នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល ​ក្នុង​មួយ​នាក់។ ​ចំណែក​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​តាម​ជន​បទ​ក្នុង​បណ្តា​ខេត្ត​នានា ​មួយ​គ្រួសារ​នឹង​ទទួល​បាន​ចំនួន​ ៨​ម៉ឺន​រៀល។​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​២៤.០០០​រៀល​ និង​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ ​ទទួល​បាន ​២៤.០០០​រៀល។​

លោក​ ហ៊ុន សែន​ បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្រ្តៃយ៍​នោះ​ទេ ​ហើយ​រដ្ឋាភិបាល​នឹង​បន្ត​តាម​ដាន ​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្តែង ​រៀង​រាល់​ពីរ​ខែ​ម្តង។​

លោក​ ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក​ការងារ​ធ្វើ​ឲ្យ​បាន​ឆាប់ ​និង​ត្រូវ​ចៀសវាង​បង្កើត​ទម្លាប់​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ។​

នៅ​ថ្ងៃ​ពុធ​នេះ ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​និង​ស្ថានទូត​អូស្រ្តាលី ​ដែល​បាន​និង​កំពុង​ជួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​គាំទ្រ​គម្រោង​ផ្តល់​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា។ ស្ថានទូត​ទាំង​នេះ​លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាង​ ៥៦​ម៉ឺន​គ្រួសារ​នេះ​គឺ​ស្មើ​នឹង​ប្រជាជន​ប្រមាណ ​២,៣​លាន​នាក់ ​ដែល​ទទួល​បាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​ថ្មី​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ។​

លោក ​Günter Riethmacher ​នាយក​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ)​ ប្រចាំ​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា ​ក្រុម​ការងារ​បាន​បន្ថែម​អ្នក​ក្រីក្រ​ថ្មី​ជាង ​៥​ម៉ឺន​គ្រួសារ ​ទៅ​ក្នុង​ប្រព័ន្ធ​ភាព​ក្រីក្រ ​(IDPoor) ​នៅ​ក្នុង​ខែ​នេះ។​

លោក ​Christian Berger ​ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ដែល​បាន​គ្រោង​ទុក​នេះ​ គឺ​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ។​កម្មវិធី​នេះ​សំដៅ​ជួយ​គ្រួសារ​ណា​ដែល​កំពុង​មាន​តម្រូវ​ការ​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​វា​ជួយ​បង្កើន​ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ទាំង​មូល»។​

លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម្ព័ន្ធ​ភាព​គណនេយ្យ​សង្គម ​(ANSA)​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​ ដោយសារ​ជំងឺ​កូវីដ១៩ ​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។​

លោក​មាន​ប្រសាសន៍​ថា៖ ​«គួរ​តែ​មាន​ការ​ពិនិត្យ​មើល​បន្ថែម​ទៀត​ ដើម្បី​រក​ឲ្យ​ឃើញ​ថាអ្នក​ដែល​ងាយ​រង​គ្រោះ​ប្រហាក់​ប្រហែល ​ឬ​ក៏​រង​គ្រោះ​ដែរ ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​បណ្ណ​សមធម៌​នេះ ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​បាន​ផល​ប្រយោជន៍​ស្មើៗ​គ្នា​ពី​រាជ​រដ្ឋាភិបាល»។​

លោក​ជុំ សាវ៉ន ​មេឃុំ​សំបូរ​ ក្នុង​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ ​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ អាជ្ញាធរ​ឃុំ​បាន​ស្នើ​បញ្ចូល​ប្រជា​ពលរដ្ឋ​ ៥៧​គ្រួសារ ​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ស្រាប់​ដែល​មាន​ចំនួន​ ៥០៧​គ្រួសារ ​ក្នុង​ឃុំ​របស់​លោក។ ​លោក​បន្ត​ថា​ ​ពួក​គេ​មិន​មែន​ជា​អ្នក​រង​គ្រោះ​ពី​ជំងឺ​កូវីដ១៩​ ទាំង​អស់​នោះ​ទេ ​គ្រាន់​តែ​ពួកគេ​ក្រីក្រ​ក្នុង​ពេល​នេះ។​

បើ​តាម​លោក​មេឃុំ ​ មាន​តែ​២​គ្រួសារ​តែ​ប៉ុណ្ណោះ ​ដែល​មក​ពី​ប្រទេស​ថៃ ​ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ប្រភេទ​គ្រូសារ​ក្រីក្រ។ ​លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​ដែល​ក្រីក្រ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ​ក្រីក្រ​នេះ​បាន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រសួង​លោក​មិន​ទាន់​ហាម​ឃាត់​ទេ​នៅ​តែ​យើង​ឲ្យ​បង​ប្អូន ​ដាក់​ស្នើ​ជា​បន្ត​បន្ទាប់​ទៀត។​សព្វ​ថ្ងៃ​ហ្នឹង​ យើង​កំពុង​តែ​មាន​ជួន​កាល​ម៉្ងៃ​មួយ​ពីរៗ។ ​សំខាន់​ឲ្យ​គាត់​ដាក់​ពាក្យ​ស្នើ​សុំ ហើយ​យើង​ចុះ​ទៅ​សម្ភាស​គាត់ ​ ជាប់​មិន​ជាប់ ​ជាក់​ស្តែង​ប្រព័ន្ធ​បច្ចេក​វិទ្យា​គេ​អ្នក​ឆ្លើយ»។​

អ្នកស្រី​ ទ្រៀប សារ៉ប​ អាយុ​៥៦​ឆ្នាំ ​ជាអ្នក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ១​ ដែល​ទទួល​បាន​បណ្ណ​ក្រីក្រ​ជាង​១​ឆ្នាំ​មក​ហើយ។ ​អ្នកស្រី​ដែល​មាន​កូន​ ១០​នាក់ ​មាន​ប្រសាសន៍​ថា​ គ្រួសារ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ ដោយសារ​កូន​ ៣​នាក់ ​បាត់​បង់​ចំណូល​ក្នុង​នោះ ​២​នាក់​ មិន​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​និង​ម្នាក់​បាត់​បង់​ការងារ​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ខេត្ត​សៀមរាប។​

អ្នកស្រី ​ទ្រៀប សារ៉ប ​បន្ត​ថា ​អ្នកស្រី​ក៏​កំពុង​ជាប់​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថាកសិករ​ ដែល​តម្រូវ​ឲ្យ​បង់​ប្រមាណ​ ២៥០​ដុល្លារ ​ក្នុង​មួយ​ខែ​ រយៈ​ពេល​ជិត​៣​ឆ្នាំ​ទៀត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ឲ្យ​តែ​បាន​ខ្លះ ​ក៏​អរគុណ!​ ឲ្យ​តែ​បាន​ជួយ!​ កំពុង​តែ​ដាច់!​ ធ្លាប់​ពឹង​កូន។​ដល់​អត់​ពី​កូន​ទៅ ​ក៏​មាន​អី!​ ស្រាល​ខ្លួន​[អត់​លុយ]»។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​ឧសភា ​ឲ្យ​ដឹង​ថា​ ដោយ​សារ​ជំងឺ​កូវីដ១៩​ ​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ ​២០២០ ​អាច​នឹង​កើន​ឡើង​ពី​៣​ទៅ ​១១​ភាគ​រយ ​ ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បាត់​បង់​ចំណូល​អស់​៥០​ភាគ​រយ​ក្នុង​រយៈ​ពេល ​៦​ខែ ​ជាប់​គ្នា។ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ជាង ​១០​ភាគ​រយ។​

បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ ជំងឺ​កូវីដ​នេះ​ធ្វើ​ឲ្យ​ការងារ​របស់​ប្រជា​ពលរដុ្ឋ​កម្ពុជា​យ៉ាង​តិច​ ១,៧៦​លាន​នាក់ ​ស្ថិត​ក្នុង​ហានិភ័យ៕

Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  




Comments are Closed