ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ

Posted by: | Posted on: June 27, 2020

Comment: រឿងរ៉ាវព្រះតេជគុណលួនសាវ៉ាត់គឺដូចគ្នានឹងរឿងអាសីហាបញ្ចេញហ្វេសប៊ុកឃ្លីបតាមផេកក្លែងក្លាយ។ តែពេលនេះគឺបរាជ័យទាំងស្រុងពីព្រោះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រមេរៀនដ៏អយុត្តិធម៍នេះរួចហើយ។ នៅពេលដែលប្រជាការពារក្លែងខ្លួនជាតំរួតស្នងការខេត្តសៀមរាបទៅឆែកឆេរ-ដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ទូរស័ព្ទដៃរបស់មនុស្សជាច្រើននាក់រួមទាំងខាងព្រះសង្ឈនិងស្ត្រីជនរងគ្រោះ ព្រមទាំងវាយខ្នោះក្មួយលោកពីរនាក់ទៀត និងគំរាមកំហែងគ្រប់បែបយ៉ាងដោយគ្មានដីកាតុលាការនោះ(បញ្ជាក់៖លោកជួន សុបញ្ញាបញ្ជាក់ប្រាប់វីអូអេពីដំបូងថាខាងតុលាការអត់ដឹងរឿងអីទេ) មេគណខេត្តសៀមរាបចេញសេចក្តីសម្រេចផ្សឹកព្រះអង្គលួនសុវ់ាត់ទាំងកំបាំងមុខ ដោយអាងតែទៅលើចំលើយដែលទទួលបានពីប៉ូលីសឆែកឆេរទាំងនោះប៉ុណ្ណោះ។ ពេលនេះអ្នកស្រីដួង សុថាវរី ស្នងការរងទទួលបន្ទុកខាងជួញដូរមនុស្សនិងអនីតិជនបានប្រាប់ថាមានពាក្យបណ្តឹងប្អូនស្រីម្នាក់ប្តឹងក្នុងពេលឆែកឆេរសួរចំលើយនោះដែរ។ ដូច្នេះ សំណួរសួរថាតើប៉ូលីសមានបុព្វសិទ្ធិក្នុងមាត្រាណាឬក្រមសីលធម៍ពិតរបស់ប៉ូលីសនៅកន្លែងណាដែលទៅឆែកឆេរ សួរចំលើយ រឹបអូសសម្បត្តិទ្រព្យឯកជន ព្រមទាំងវាយខ្នោះដៃមនុស្សគ្មានទោសកំហុសទាំងគ្មានដីការតុលាការនោះដោយសំអាងតែទៅលើសំលេងឃ្លីបក្នុងហ្វេសប៊ុននោះដែលមិនបង្កអោយមានអស្ថេរភាពក្នុងសហគមតែប៉ុនសសៃសក់ក៏គ្មានផងនោះ? តើបទចោទល្មើសវិន័យសង្ឃអាបត្តិបរាជិកដោយគ្រាន់តែជនអនាមិកបង្កើតផេកនិងបង្ហោះសំលេងក្លែងក្លាយតាមហ្វេសប៊ុកអាចជាភស្តុតាងគ្រប់គ្រាន់ព្រះវិន័យបានមែនទេ? តើបទចោទរឿងសេពសន្ទវៈមានកំរិតទោសធ្ងន់តាមក្រមព្រហ្មទណ្ឌនោះមានធាតុផ្សំគ្រប់គ្រាន់របៀបណា៖ រំលោភពេលណា នៅទីណា មានរូបថតបញ្ជាក់ស្នាមរើបំរាស់រលាត់រលាកនិងសាក្សីយ៉ាងណា? តើអ្នកស្រីដួង សុថាវរី មានបុព្វសិទ្ធិនិងតួនាទីយ៉ាងណាមកកាន់កាប់សំណុំរឿងនេះព្រោះតាមតួនាទីអ្នកស្រីគ្រាន់តែទទួលខុសត្រូវការចាប់រំលោភមនុស្សស្រីអនីតិជនឬក្រោមអាយុប៉ុណ្ណោះ? ឬអ្នកស្រីធ្វើការនេះលើសក្រមសីធម៌និងវិជ្ជាជីវៈរបស់ខ្លួនពីព្រោះខ្លួនជាសមាជិកពង្រឹងគណបក្សប្រចាំឃុំជីក្រែងជាមួយបក្សពួកមួយដំបរស្វានោះ? ឯណាទៅការអនុវត្តន៍យន្តការជាក់ស្តែងបើរកឃើញថាអ្នកស្រីរំលោភបំពានសហលក្ខន្តិកៈប៉ូលីសទាហានដែលត្រូវអព្យាក្រិតពិតប្រាកដនៅរាល់ការអនុវត្តន៍ការងាររបស់ខ្លួននោះ? រឿងការបង្ហោះសារក្លែងក្លាយនេះ មិនមែនគ្រាន់តែបំផ្លាញសេចក្តីសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេ ជាការមាក់ងាយនិងបំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះបទចោទរឿងព្រះសង្ឃរំលោភស្ត្រីភេទពេលនះគឺកាន់តែបំផ្លាញព្រះពុទ្ធសាសនាទ្វេរដងថែមទៀត។ យើងធ្លាប់តែលឺមនុស្សញៀនថ្នាំឬមនុស្សវិកលចរិកចាប់រំលោភក្មេង តែអ្នកស្រីហ៊ានអៈអាងថាស្ត្រីវ័យ២៧ឆ្នាំត្រូវបានគេរំលោភ ហើយអ្នករំលោភគឺព្រះសង្ឃថែមទៀតនោះ រឿងនេះគឺពិតជាអស្ចារ្យ ហើយមានតែទមិឡអត់សាសនាទេដែលជឿរឿងនេះនោះ!

23 មិថុនា 2020


រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

 បោះពុម្ពភ្នំពេញ — 

ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត ​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ ​បាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ថា​ នាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​នោះ​ទេ​ហើយ​ថា​ ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បង្កើត​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ហៅ​ក្រៅ​របស់​កញ្ញា។​

ស្រ្តី​ម្នាក់​នោះ​មាន​ឈ្មោះ ​ទឹម រដ្ឋា ​ហៅ​ក្រៅ​ថា​ ស្រីដា​ អាយុ​៣០​ឆ្នាំ ​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​អន្លង់​ត្នោត​ ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ​ដែល​មាន​ផ្ទះ​នៅ​ទល់​មុខ​វត្ត​ស្លែង ​ដែល​ព្រះ​អង្គ​ លួន សុវ៉ាត​ធ្លាប់​គង់​នៅ។​

ក្នុង​ពាក្យ​បណ្តឹង ​ចុះ​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ​ដែល​ VOA ​ទទួល​បាន ​កញ្ញា​ ទឹម រដ្ឋា ​ដែល​មាន​បង​ប្អូន​ស្រី​៣​នាក់​ទៀត​លើក​ឡើង​ថា​ ជន​អនាមិក​បង្កើត​ទំព័រ​ហ្វេសប៊ុក​ក្លែង​ក្លាយ​ឈ្មោះ ​Srey Da Chi-Kraeng ​ដែល​បង្ហោះ​វីដេអូ​៤​ឃ្លីប ​ដែល​ក្នុង​នោះ​មាន​រូប​កញ្ញា ​បងប្អូន​ស្រី​និង​ម្តាយ។​ ក្នុង​វីដេអូ​នោះ​បងប្អូន​ស្រី ​និង​ម្តាយ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ សន្ទនា​ស្នេហា​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត​ ដែល​ព្រះ​អង្គ​បាន​បដិសេធ​ដូច​គ្នា។​

ពាក្យ​បណ្តឹង​ដែល​បង្ហោះ​ទៅ​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ ឲ្យ​ដឹង​ថា៖ ​

«ទាំង​បង​ប្អូន​ខ្ញុំ​៤​នាក់ ​និង​ម្តាយ​ត្រូវ​បាន​គេ​លួច​យក​រូប​ថត​ទៅ​ដាក់​ក្នុង​ផេក​ រួម​ទាំង​កាត់​ត​សំឡេង​ធ្វើ​ជា​វីដេអូ​ឃ្លីប​និយាយ​សាសង​ជាមួយ​ព្រះ​សង្ឃ​បែប​លេប​ខាយ​ស្នេហា។ ​កត្តា​នេះ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ធ្ងន់ធ្ងរ​ដល់​នាង​ខ្ញុំ​និង​សមាជិក​គ្រួសារ​ទាំង​អស់ ​ព្រម​ទាំង​មាន​ការ​រើស​អើង​នៅ​ក្នុង​ភូមិ​ និង​ទី​កន្លែង​ធ្វើ​ការ»។​

កញ្ញា ​ទឹម រដ្ឋា ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​មាន​រូប​កញ្ញា​បងប្អូន​និង​ម្តាយ​បង្កើត។ ​កញ្ញា​បន្ត​ថា ​នេះ​ជា​ការ​កាត់​ត​សំឡេង​បញ្ចូល​គ្នា ​បង្កើត​ជា​សាច់​រឿង ​ដែល​កញ្ញា​ថា ​មិន​បាន​ដឹង​រឿង​នេះ​ទាល់​តែ​សោះ។​

កញ្ញា​បញ្ជាក់​ថា៖ ​«ខ្ញុំ​អត់​បាន​ប្រព្រឹត្ត។ ​ចង់​និយាយ​ថា​ បួន​ប្រាំ​នាក់​(គ្រួសារ) ​គេ​ចង​ទៅ​ទាំង​៥​អ៊ីចឹង។​អ៊ីចឹង​អា​គ្នា​មិន​បាន​ធ្វើ​វា​ជាប់​ទៅ​អ៊ីចឹង​ដែរ។ ​ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស។ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​យើង​ទៀត»។​

កញ្ញា​បាន​បដិសេធ​ថា​ កញ្ញា​មិន​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​ជា​មួយ​ព្រះ​អង្គ​ លួន សុវ៉ាត​ នោះ​ទេ​បើ​ទោះ​ជា​ផ្ទះ​នៅ​ជិត​វត្ត​ព្រះ​អង្គ​គង់​នៅ ​និង​ធ្លាប់​ស្គាល់​ព្រះ​អង្គ​ក៏​ដោយ។ ​កញ្ញា​បន្ថែម​ថា​ មាន​គេ​ចង់​ធ្វើ​បាប​ព្រះ​អង្គ។​

កញ្ញា​បន្ត​ថា៖ ​«ខ្ញុំ​អត់​មាន​ទំនាក់​ទំនង​(ស្នេហា)​ជាមួយ​គាត់​ផង ​គ្រាន់​តែ​ស្គាល់ ​ដោយសារ​លោក​(គង់​នៅ)​វត្ត​នៅ​ទល់​មុខ​ផ្ទះ​របស់​ខ្ញុំ»។​

កញ្ញា​បដិសេធ​មិន​បកស្រាយ​បន្ត ​ដោយ​ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​និង​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​ស្វែង​រក​អ្នក​បង្កើត​ទំព័រ​ហ្វេសប៊ុក​នេះ។​

វីដេអូ​យ៉ាង​តិច​ចំនួន​៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច​ Likes ​ទៅ​ដល់​ជាង ​១​ពាន់​នាក់។​

វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ ដែល​មាន​រយៈ​ពេល​ជាង​៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ហៅ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់​ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​មក ​ទំព័រ​ហ្វេសប៊ុក ​Srey Da Chi-Kraeng ​មិន​មាន​បង្ហោះ​សារ​អ្វី​ទៀត​នោះ​ទេ។​

ចំពេល​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា ​រហូត​ដល់​មានការ​ផ្សឹក​ ព្រះ​អង្គព្រះ​អង្គ ​លួន សុវ៉ាត​ នោះ​ សកម្មជន​សង្ឃ​ល្បី​ឈ្មោះនេះ​ កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ»។​

លោក​ ជួន សុបញ្ញា ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​សៀមរាប ​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ ទាក់ទង​នឹង​ការ​សង្ស័យ​ «បទ​ល្មើស​រំលោភ​សេព​សន្ថវៈ»។​ លោក​បន្ត​ថា​ តុលាការ​កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​នេះ ​បន្ទាប់​ពី​ការ​ចុះ​ឆែកឆេរ​ផ្ទះ​របស់​ព្រះ​អង្គ។​

ប៉ុន្តែ ​អ្នក​នាំ​ពាក្យ​តុលាការ​រូប​នោះ​មិន​អាច​បញ្ជាក់​ថា​ តើ​ជា​បណ្តឹង​របស់​អ្នក​ណា?​ មាន​ប៉ុន្មាន​នាក់?​និង​ពាក់ព័ន្ធ​នឹង​វីដេអូ​ ដែល​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត​ ឬ​យ៉ាង​ណា​ទេ។​

នៅ​ពេល​សួរ​ទាក់ទង​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​របស់​ស្រ្តី​ម្នាក់​ ដែល​បាន​បដិសេធ​ថា​ មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត​ លោក ​ជួន សុបញ្ញា ​មាន​ប្រសាសន៍​ថា៖ ​

«លោក​ថា ​ស្រ្តី​ហ្នឹង​ជា​អ្នក​ប្តឹង​មិន​ប្តឹង​យ៉ាង​ម៉េច​ ខ្ញុំ​អត់​បាន​ដឹង​អំពី​បញ្ហា​ហ្នឹង​ទេ។ ​ខ្ញុំ​អាច​ឆ្លើយ​ជាមួយ​លោក​បញ្ហា​មួយ​ចំនួន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​សម្ងាត់​ក្នុង​ការ​ស៊ើប​អង្កេត»។​

លោកស្រី ​ដួង ថាវរី ​ស្នង​ការរង​នគរបាល​ខេត្ត​សៀមរាប​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ​មាន​ប្រសាសន៍​ថា​ ប្អូនស្រី​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ទាំង​៤​នាក់​របស់​ស្រ្តី​ខាង​លើ ​បាន​ប្តឹង​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ​រំលោភ​សេព​សន្ថវៈ ​ក្រោយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​តាម​ដាន​រឿង​ចោទ​ប្រកាន់​ព្រះ​អង្គ​ពី​បទ​សន្ទនា​ស្នេហា។ ​

នៅ​ពេល​សួរ​ថា​ តើ​មូលហេតុ​អ្វី​បាន​ជា​ស្រ្តី​ម្នាក់​នោះ​ទើប​ប្តឹង​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវ​ជ្រាវ​លោកស្រី​បញ្ជាក់​ថា​ ដោយ​សារ​តែ​គាត់​ចង់​រក្សា​ការ​សម្ងាត់​ពី​មុន​មក។​

លោកស្រី​បញ្ជាក់​ថា៖ ​«គាត់​ចង់​ប្តឹង​ បាន​គាត់​ដាក់​បណ្តឹង។ ​មិន​មែន​យើង​បង្ខំ​គាត់​ឯណា។ ​ដល់​ពេល​យើង​សាកសួរ​ទៅ​ គាត់​ថា​គាត់​ចង់​ប្តឹង។​កាល​លើក​មុន ​គាត់​ថា​ គាត់​អត់​ចង់​ប្តឹង។​ គាត់​ថា​ ជា​រឿង​សម្ងាត់។ ​គាត់​លាក់​អ៊ីចឹង​ទៅ។ ​អ៊ីចឹង​ដល់​ទៅ​បែក​ធ្លាយ​ចេញ​ឃ្លីប​វីដេអូ ​មក​បរិហារកេរ្តិ៍​គាត់​ អ៊ីចឹង​ គាត់​ដាក់​បណ្តឹង​តែ​ម្តង»។​

លោក​ស្រី​ ដួង ថាវរី​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​អំពី​ហេតុផល​នៃ​ការចោទ​ប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ​នោះទេ។ ​ អ្នកស្រី​បកស្រាយ​ថា ​នេះ​ជា​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ ហើយ​ថា​ មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​នៃ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ​ទើប​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​បង្ហាញ​ការ​សង្ស័យ​ព្រោះ​ថា ​ដំបូង​ឡើយ ​ជា​ការ​ចោទ​ប្រកាន់​រឿង​ទំនាក់​ទំនង​ស្នេហា​ដែល​ខុស​នឹង​វិន័យ​ព្រះ​ពុទ្ធ​សាសនា ​ប៉ុន្តែ​បន្ទាប់​មក​បែរ​ជា​មាន​ការ​ចោទ​ប្រកាន់​ពីបទ​សេព​សន្ថវៈ​ទៅ​វិញ។​ លោក​បន្ត​ថា​ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់ ​ដោយ​ភាគី​ទាំង​សង​ខាង​បាន​បដិសេធ​សារ​វីដេអូ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុកនោះ។ ​លោក​បន្ត​ថា​ ការ​ចោទ​ប្រកាន់​អំពើ ​«សេព​សន្ថវៈ»​ ជា​រឿង​មួយ​ដែល​ «អាច​ងាយ​នឹង​កើត​ឡើង»។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ហើយ​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​រំលោភ​សេព​សន្ថវៈ ​វា​ជា​រឿង​ងាយ​មួយ ហើយ​បទ​រំលោភ​សេព​សន្ថវៈ​ វា​ជា​បទ​ឧក្រិដ្ឋ​ទៅ​ទៀត!»​

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​មាត្រា​ ២៣៩ ​ចែង​ថា​ បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ជា​ការ​រួមភេទ​ដោយ​ការ​ប្រើ​ហិង្សា​ ការ​បង្ខិត​បង្ខំ ​ការ​គំរាម​កំហែង​ជា​ដើម។​ បទ​រំលោភ​សេព​សន្ថវៈ​នេះ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។​

ព្រះ​អង្គ​ លួន សុវ៉ាត​ ធ្លាប់​មាន​សង្ឃដីកា​ប្រាប់​ VOA ​កាល​ពី​កន្លង​ទៅ​ថា​ ​នេះ​ជា​ការ​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ ​ហើយ​ជា​ការ​យក​សំឡេង​មក​កាត់​ត​បញ្ចូល​គ្នា។ ​ព្រះ​អង្គ​បន្ត​ថា​ ព្រះ​អង្គ​មិន​បាន​សរសេរ ​ឬ​ក៏​មិន​បាន​ហៅ​ទៅ​អ្នក​ណា​ទេ ​តាម​ហ្វេសប៊ុក​ពិត​របស់​ព្រះ​អង្គ។​

កាល​ពី​ឆ្នាំ​២០១២ ​ព្រះ​តេជគុណ​ លួន សុវ៉ាត ​បាន​ទទួល​រង្វាន់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ឈ្មោះ​ Martin Ennels Award​ ដ៏​ល្បី​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស។ ​

ព្រះ​អង្គ​ធ្លាប់​ចេញ​ព្រះ​ភក្ត្រ​នៅ​កន្លែង​តវ៉ា​នានា ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ផ្សេងៗ។​ ព្រះ​អង្គ​តែង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដើម្បី​ថត​និង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ ដែល​មាន​អ្នក​ចុច​ Likes​ រហូត​ទៅ​ដល់​ជាង​១០​ម៉ឺន​នាក់៕





Comments are Closed