ប្រជាជនខ្មែរគឺមានជំងឺបាក់ស្បាតផ្លូវចិត្តទាំងអស់ដូចគ្នា

Posted by: | Posted on: April 15, 2013

ខ្ញុំគិតថាខ្លួនខ្ញុំព្រមទាំងមិត្តកសិករទាំងអស់ពិតជាមានជំងឺបាក់ស្បាតផ្លូវចិត្ត (Trauma) ហើយ។ ជំងឺនេះទាមទារពេលវេលានិងថវិការជាច្រើនដើម្បីព្យាបាល។ តើខ្ញុំមានសមត្ថភាពណាទៅគិត ដល់រោគសញ្ញានៃជំងឺនេះ បើរោគឃ្លាន ខ្លៅ ខ្លាច ស៊ីរូងផៃ្ទក្នុងនិងចាក់ស្អិតជាប់ក្នុងបេះដូងរួច ទៅហើយនោះ។

កាលពីថ្ងៃមុន ខ្មុំបានសរសេរពីទេពកោសល្យប្រជាភិថុតរបស់អ្នកនយោបាយជាភាសាអង់ គ្លេស ដែលទេពកោសល្យនេះមានភាពខុសគ្នារវាងអ្នកនយោបាយនិន្នាការប្រជាធិបតេយ្យ និងអ្នកនយោបាយនិន្នាការកុម្មុយនីស។ អ្នកវិទ្យាសាស្រ្តនយោបាយមានគំនិតតែមួយដូចគ្នា គឺអ្នកនយោបាយដែលឈរជួរមុខគេគឺជាអ្នកដែលពូកែខាងប្រើល្បិចកលប្រជាភិថុត(manipulations).

ខ្ញុំប្រាថ្នាចង់ឃើញអ្នកដឹកនាំខ្មែរអនុវត្តប្រសិទ្ធិភាព​ជាមេដឹកនាំដោយការយកតំរាប់តាមលោក ប្រធាធិបតីសហរដ្ឋអាមេរិក George Washington។ បន្ទាប់ពីលោកមានអំណាចគ្រប់យ៉ាងក្នុង ដៃ រៀបចំប្រទេសប្រកបដោយនីតិរដ្ឋហើយ លោកបានកំណត់អណត្តិរបស់លោកតាមច្បាប់ ហើយគាំទ្ររៀបចំអោយមានការបោះឆ្នោតជ្រើសរើសប្រធាធិបតីថ្មីដោយសុចរិតយុត្តិធម៌។

លោកបានក្លាយជាបីតាជាតិដ៏អស្ខារ្យម្នាក់ចាប់តាំងពីថ្ងៃទី៤ មីនា ១៧៩៧តរៀងមក។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ បញ្ខស័ក ព.ស.២៥៥៧ នេះ អ្នកនយោបាយខ្មែរខិតខំ បញេ្ចញទេពកោសល្យរបស់ខ្លួនដើម្បីទាក់ទាញអ្នកគាំទ្រ។ អ្នកដែលមានលុយជួលប្រព័ន្ធផ្សព្វ ផ្សាយបានច្រើនឫអ្នកដែលប្រើអំណាចគ្រប់គ្រងផ្តាច់មុខនូវប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងរឹតតែ អាចបញ្ជ្រាបល្បិចកលប្រជាភិថុតរបស់ខ្លួនបានកាន់តែច្រើន។

Manipulationចំរៀងថ្មីរបស់ផលិតកម្មថោន ចំណងជើងថា សម្លក្តាម ច្រៀងដោយលោកពែកមីពិតជាទាញ ចំណាប់អារម្មណ៍របស់ខ្ញុំជាខ្លាំង។ ខ្ញុំមិនអាចដឹងពីគោលបំណងនៅពីក្រោយឆាកនៃបទចំរៀង នេះទេ Manipulation1តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ៖
– ផលិតកម្មថោនបានឃោសនាស្រាបៀរកម្ពុជាទាំងស្បត ទាំងសេចរឿង និងដបគឺជាបន្ទាត់ព្រំ ដែនខ្មែរ
– អត្ថន័យចំរៀងគឺពិតជាចូលជ្រៅទៅក្នុងបេះដូងកសិករខ្មែរដែលមានដល់ទៅ៩០ភាគរយ នៃប្រជាពលរដ្ឋទាំងអស់
– ទំនុកត្រង់ថា ពីដើមមានស្រូវម៉ែឳភ្ជួរនឹងសត្វគោ សម័យតេជោភ្ជួរនឹងអាគោយន្ត ពិតជា បង្ហាញនូវទេពកោសល្យយ៉ាងពិតប្រាកដមែន

សំរាប់ប្រជាកសិករនិងយុវជនខ្មែរពិតជាមិនអាចប្រកែកបាននូវទំនុកបទមួយនេះ។ បើសិនជាខ្ញុំ នៅជាក្មេងឃ្វាលគោ ខ្ញុំនឹងច្រៀងបទថ្មីយ៉ាងពេញនិយមនេះនៅលើដើមទ្រយឹងជារៀងរាល់ថ្ងៃ ប្រណាំងជាមួយវាយោយោលយោកជាក់ជាមិនខាន។

ហើយខ្ញុំក៏នឹងមិនបានគិតប្រៀបធៀបថា៖
– ផលិតផលស្រូវរបស់ខ្ញុំនៅលើទីផ្សារគឺមានតំលៃនៅតែទ្រឹងដដែល ដើរមិនទាន់អតិផរណា ទំនិញទីផ្សារដូចជាស្បែកជើងខោអាវដែលខ្ញុំកំពុងស្លៀកពាក់ និងសាំងគោយន្តជាដើម
– នេះមិនគិតដល់គោយន្តដែលខ្ញុំជំពាក់ធនាគារមានកំរិតផ្កាប្រាក់ដល់ទៅ១០ភាគរយ ហើយឆ្នាំ ក្រោយធនាគារនឹងយកគោយន្តវិញព្រមទាំងប្លង់ដីភូមិរបស់ខ្ញុំទៅជាមួយដែរ។
– ខ្ញុំក៏មិននឹកគិតដល់ផ្លូវថ្នល់មានសភាពល្អជាងមុនយ៉ាងច្រើន ទោះបីមានការជួសជុលជារៀង រាល់ឆ្នាំក៏ដោយ ថាខ្លួនខ្ញុំត្រូវជំពាក់យ៉ាងតិច១៥០០ដុល្លា ដើម្បីសងទៅម្ខាស់បំណុលវិញ។

ជីវិតខ្ញុំក៏ប្រហែលជាមិនខុសពីជីវិតកសិករខ្មែរដ៏ទៃផ្សេងទៀតទេ ដែលអត្ថន័យជីវិតគឺការសុំតែ រស់តែប៉ុណ្ណោះ៖
– សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយរបបវាលពិឃាដ
– សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយសង្រ្គាមឈ្លានពានពីបរទេស
– សុំតែរស់ ពីព្រោះជីវិតជិតនឹងស្លាប់ដោយសារតែសង្គ្រាមស៊ីវិលច្បាំគ្នាឯង
– សុំតែរស់ ពីព្រោះខ្ញុំមិនហ៊ានតទល់នឹងតុលាការនិងអាជ្ញាធរឡើយ

ខ្ញុំគិតថាខ្លួនខ្ញុំព្រមទាំងមិត្តកសិករទាំងអស់ពិតជាមានជំងឺបាក់ស្បាតផ្លូវចិត្ត (Trauma) ហើយ។ ជំងឺនេះទាមទារពេលវេលានិងថវិការជាច្រើនដើម្បីព្យាបាល។ តើខ្ញុំមានសមត្ថភាពណាទៅគិត ដល់រោគសញ្ញានៃជំងឺនេះ បើរោគឃ្លាន ខ្លៅ ខ្លាច ស៊ីរូងផៃ្ទក្នុងនិងចាក់ស្អិតជាប់ក្នុងបេះដូងរួច ទៅហើយនោះ។

ខ្ញុំគិតថា មិនមែនតែរូបខ្ញុំនិងមិត្តកសិករទេដែលមានជំងឺទាំងបួននេះ មិត្តរួមប្រទេសទាំងអស់ ទាំងស្តេចផែនដី នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការស៊ីវិល កងប្រដាប់អាវុធ និយោជិក-និយោជក កម្មករជាដើម សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតពីអតីតកាលដូចៗ គ្នា ហើយអ្នកទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងភូមិសាស្រ្តតែមួយជាមួយគ្នា អញ្ខឹងមេរោគជំងឺ បាក់ស្បាតផ្លូវចិត្តនេះឆ្លងគ្នាទៅវិញទៅមកគ្មានថ្នាំបង្ការឡើយ។ កំសួលនៃជំងឺនេះបានរើមក ក្រៅស្បែកអោយយើងឃើញដូចជា៖
– សម្តេចតេជោប្រាថ្នាធ្វើនាយករដ្ឋមន្រ្តីអស់មួយជីវិត
– មន្រ្តីរាជការស៊ីវិលបែងចែកតួនាទីខ្លួនឯងមិនដាច់ស្រឡះទេរវាងបំរើជាតិនិងបំរើគណបក្ស នយោបាយ
– ម្នាក់ៗជឿទៅលើការសូកប៉ាន់ យកចិត្តចៅហ្វាយនាយ ការពារក្រុមបក្សពួកខ្លួន ជាជាងគិត នាំគ្នាយកច្បាប់ជាធំ
– នៅពេលដែលមានក្តីបារម្មណ៍ពីការស្លាប់ដោយគ្រោះថ្នាក់ចរាចរ ហើយស្បតហាមផឹកស្រា ពេលបើកបរមានអក្សរតូចមិនច្បាស់ដូចយីហោស្រាទាំងឡាយឡើយ ដែលផ្សព្វផ្សាយនៅលើ ប្រពន្ធ័ទូរទស្សន៍គ្រប់ប៉ុស្តិ៍ វិទ្យុគ្រប់រលកធាតុអាកាស កាសែត ទីធ្លាវត្ត តាមផ្លូវ តាមផ្សារ តាមរោងក្រសាល វីឌីអូឌីស-ថាសស៊ីឌី ប្រព័ន្ធអិនតើនិត និងបរិវេណប្រាសាទអង្គរវត្ត
– កិច្ចការពារទឹកដីគឺធានាដោយច្បាប់ មិនមែនដោយសំលេងប្រជាជនទេ។ បើនរណាហ៊ាន និយាយពីរឿងព្រំដែន ជននោះអាចនឹងត្រូវជាប់គុកឫផ្តន្ទាទោសបទឧក្រិដ្ឋជាដើម។
– សេដ្ឋកិច្ចគឺទីផ្សារសេរី មានន័យថា អាតូចស៊ីតូច អាធំស៊ីធំ រកស៊ីតាមជើងភ្នំ ផឹកទឹកតាមដង អូរ។
– បញ្ហាសង្គមគឺការបន្តរស់តទៅទៀតបន្ទាប់ពីរបបខ្មៅងងឹតត្រូវបានរលាយខ្លួនបាត់ទៅ។

សូមទស្សនាបទចំរៀង ច្រៀងដោយលោកពែក មី របស់ផលិតកម្មថោននូវអត្ថន័យទាំងស្រុង ដូចតទៅ ហើយខ្ញុំនឹងត្រូវឡើងដើមទ្រយឹងឥឡូវនេះផងដែរ។