សំណួរ-ចំលើយ ប្រឡងវិទ្យាសាស្រ្តនយោបាយ

Posted by: | Posted on: November 13, 2022

សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ

សំណួរ-ចំលើយ ប្រឡងវិទ្យាសាស្រ្តនយោបាយ រៀបរៀងដោយលោកសេង សុភ័ណ

១-ចួរពន្យល់ពីទស្សនៈទូទៅជុំវិញអត្ថន័យនយោបាយ?

-នយោបាយគឺជាឧបាយក្នុងការកែច្នៃធនធានជាតិ(nation wealth) និងការអនុវត្តន៍ប្រព័ន្ធច្បាប់(national legal system)ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ ឧត្តមគតិអ្នកនយោបាយគឺជាឧត្តមគតិកសាងគំរូល្អសម្រាប់អនុជនជំនាន់ក្រោយនៅពេលខ្លួនកំពុងមានអំណាចគ្រប់គ្រង។

នយោបាយមិនមែនជាគំនិតរវើរវាយថាជារឿងរបស់វណ្ណៈអ្នកគ្រប់គ្រងដែលត្រូវតែប្រើអំណាចដើម្បីគ្រប់គ្រងប្រទេស ដើម្បីរៀបចំសណ្តាប់​ធ្នាប់ក្នុងប្រទេស ដើម្បីប្រមូលធនធានក្នុងការអភិវឌ្ឍប្រទេស ហើយក៏ជា​តួនាទីរបស់អ្នកនៅក្រោមការគ្រប់គ្រងដែលត្រូវតែស្តាប់បង្គាប់​ និងប្រតិបត្តិ​តាមដោយ​ម៉ឺងម៉ាត់នូវវិន័យ និង​ច្បាប់ នោះទេ ពីព្រោះទាំងអ្នកអភិរក្សនិយម(conservatives) ទាំងអ្នកសេរីនិយម(liberals) និងអ្នកទំនើបកម្មនិយម(modernists) សុទ្ធសឹងតែសំឡឹងឃើញនយោបាយជាវិធីសាស្ត្រឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម(positive changes in a society)។ ហើយនយោបាយមិនមែនជារឿងស្វែងរកអំណាចដើម្បីប្រើអំណាចទាំងនោះដោយខ្វះទំនួលខុសត្រូវនោះទេ ហើយក៏មិនមែនជាការស្វែងរកផលប្រយោជន៍សម្រាប់​ខ្លួនឯងតាមការយល់ឃើញរបស់មហាជនមួយចំនួននោះដែរ ព្រោះការយល់ឃើញបែបនេះអាស្រ័យដោយអ្នកទាំងនោះធ្លាប់​បានទទួលរងសម្ពាធពី​នយោបាយ​បុគ្គលដែលមានជំនឿបែបនេះ មានអារម្មណ៍ស្អប់ខ្ពើមនយោបាយ ហើយមិនចង់​​ចូល​រួមពាក់ព័ន្ធតែប៉ុណ្ណោះ។

តាមទស្សនៈប្រជាជនសាមញ្ញដែលឆ្លងកាត់ប្រវត្តិនយោបាយខុសនិងនយោបាយអមនុស្សធម៌ យល់ឃើញថា នយោបាយគឺជាការបោកប្រាស់ និងជាការងារ​ខ្មៅកខ្វក់។ តែតាមពិតប្រជាជនសាមញ្ញទាំងអស់នោះគឺជាផ្នែកមួយនៃទំនួលខុសត្រូវនយោបាយខុសនិងនយោបាយអមនុស្សធម៍ទៅតាមច្បាប់កិច្ចសន្យាសង្គមនយោបាយ។

 • អ្នកប្រាជ្ញដ៏ល្បីឈ្មោះផ្នែកនយោបាយគឺលោកហ្សង់ហ្សាក់ រ៉ូសូ(Jean-Jacques Rousseau) បានអោយនិយមន័យនយោបាយថានយោបាយគឺជាកិច្ចសន្យាសង្គម(social contract)ដែលអ្នកមានអំណាចនិងប្រជាជនមិនអាចផ្តាច់ចេញពីគ្នាបានទេ ពួកគេគឺជាចលករនយោបាយមួយបង្កើតអោយមានវប្បធម៌នយោបាយនៃការធានាដល់សិទ្ធិសេរីភាព(rights and freedom) សមភាព(equality) យុត្តិធម៌(justice) និងប្រយោជន៍សុខដល់សាធារណៈ(public goods) ដោយមិនរើសមុខ។
 • ២-តើវិទ្យាសាស្រ្តនយោបាយមានប្រភពសំខាន់ៗអ្វីខ្លះ?
  • ១- ទស្សនៈនយោបាយ
   • ក- ប្រវត្តិនៃគំនិតនយោបាយ
   • ខ- ទស្សនៈនយោបាយ
  • ២- ស្ថាប័ននយោបាយ
   • ក- រដ្ឋធម្មនុញ្ញ
   • ខ- រដ្ឋាភិបាលកណ្តាល
   • គ- រដ្ឋាភិបាលក្នុងតំបន់ និង​មូលដ្ឋាន
   • ឃ- រដ្ឋបាលសាធារណៈ និង គោលនយោបាយសាធារណៈ
   • ង- មុខងារនៃសេដ្ឋកិច្ច និង សមាសភាពនៃរដ្ឋាភិបាល
   • ច- ការប្រៀបធៀប និង ការវិភាគនៃស្ថាប័ននយោបាយ
  • ៣- ក្រុមគណបក្ស និង មតិយោបល់សង្គម
   • ក- គណបក្សនយោបាយ
   • ខ- ក្រុមមនុស្ស និង​ សមាគម
   • គ- ការចូលរួមរបស់ប្រជាជនក្នុងរដ្ឋាភិបាល និង រដ្ឋបាល
   • ឃ- មតិយោបល់របស់សង្គម
  • ៤- ទំនាក់ទំនងអន្តរជាតិ
   • ក- ទស្សនៈនៃទំនាក់ទំនងអន្តរជាតិ
   • ខ- នយោបាយអន្តរជាតិ
   • គ- ច្បាប់អន្តរជាតិ
   • ឃ- នយោបាយ និង អង្គការអន្តរជាតិ
 • ៣-ចូរពន្យល់ពីពុទ្ធិនយោបាយមានប្រភពសំខាន់អ្វីខ្លះ?
  • -ពុទ្ធិនយោបាយមានសារៈសំខាន់២គឺ សម្រាប់បុគ្គល និង សម្រាប់សង្គមទាំងមូល​ :          
   • សម្រាប់បុគ្គល
    • -ដើម្បីចូលរួមនិងស្វែងយល់អ្នកនយោបាយចេះអោយតំលៃមនុស្ស គោរពសិទ្ធិមនុស្ស និងអ្នកនយោបាយដែលយកប្រជាពលរដ្ឋគ្រាន់តែជាឈ្នាន់ដើម្បីអំណាចនិងលាភសក្ការៈខ្លួន
    • -ដើម្បីចេះវិភាគ និង កំណត់ច្បាស់លាស់ថា អ្នកណាជានយោបាយបោកបញ្ឆោត
    • -ដើម្បីឱ្យមានគតិយុត្តចូលរួមក្នុងការបោះឆ្នោត ការស្ទង់ប្រជាមតិដើម្បីផ្តល់ការរិៈស្ថាបនាចំពោះ​ការងាររដ្ឋអំណាច និង នីតិវិធីប្រជាធិបតេយ្យ
    • -ដើម្បីឱ្យយល់ដឹងនូវដំណើរការនយោបាយកំពុងតែឋិតលើផ្លូវត្រូវ ឬ ផ្លូវខុស
    • -ដើម្បីឱ្យចេះជ្រើសរើសយករបបគ្រប់គ្រង​ណាមួយសម្រាប់ខ្លួនឯង កូនចៅខ្លួន និង ប្រទេសជាតិ។
   • សម្រាប់សង្គមទាំងមូល : នៅពេលប្រជាជនមានចំណេះដឹងផ្នែកនយោបាយ ពួកគេ​នឹង​មានភាពស្មោះត្រង់ចំពោះជាតិ និង កិច្ចការរួមរបស់សង្គម ស្ថិតក្នុងមនសិការស្នេហាជាតិ ជាពលរដ្ឋ​មានសេរីភាព​ និង មានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ហើយដែលមិនបណ្តោយ​ខ្លួន​ឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ជនអត្តទត្ថបុគ្គល និង អ្នកនយោបាយអសមត្ថភាព ។
 • ៤-ចូរពន្យល់នយោបាយជាសិល្បៈនៃការរស់នៅជាមួយគ្នាក្នុងសង្គម?
  • -សិល្បៈនៃការរស់នៅជាមួយគ្នាក្នុងសង្គម គឺជាទស្សនៈរបស់លោក ផ្លាតុង ដែលគាត់មាន​ទស្សនៈថា នយោបាយគឺជា កិច្ចការស្តីអំពីការរៀបចំធ្វើឱ្យ​ជីវិតរស់នៅរបស់មនុស្សក្នុងសង្គម​មានភាពរលូនក្នុងការរស់នៅជាមួយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សទាំងឡាយមានលក្ខណៈខុសៗគ្នាទាំងអស់ ខ្លះពេញលក្ខណៈ ខ្លះមិនពេញលក្ខណៈ ខ្លះទៀតអត្តទត្ថបុគ្គល ពួកគេទាំងអស់នោះពិបាក​នឹងរស់នៅជាមួយគ្នាណាស់។ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះ គេត្រូវការគ្នាទៅវិញទោមក និង​ជាក្រិតក្រម ពួកគេមិនអាចរស់នៅឯកោបានឡើយ គឺពួកគេត្រូវរស់នៅជាមួយគ្នាក្នុងសង្គម។ នយោបាយជួយឱ្យពួកគេធ្វើអ្វីៗប្រកបដោយសុភវិនិច្ឆ័យ មនុស្សធម៌ គោរពច្បាប់ ក្រមសីលធម៌ និង បែបជឿនលឿន។
 • ៥-ចូរពន្យល់ពីការចូលរួមក្នុងសកម្មភាពនយោបាយ?
  • -ការចូលរួមក្នុងសកម្មភាពនយោបាយគឺជា​កាតព្វកិច្ចរបស់ប្រជាជន សមាគម អង្គការ គណបក្ស​នយោបាយ ដើម្បីទាមទារឱ្យបាននូវគោលបំណងរបស់ខ្លួន ដោយឈរលើមូលដ្ឋានច្បាប់ សិទ្ធិ សេរីភាព​ ចំណេះដឹង លទ្ធភាព និង សមត្ថភាព។ ការចូលរួមក្នុងសកម្មភាពនយោបាយពីសំណាក់ ប្រជាជន​ និង អង្គការនានា មានសារៈសំខាន់ណាស់ ដែលជាលទ្ធផលបានបង្ហាញឱ្យឃើញ​​នូវ​សមិទ្ធិផល និង ការផ្លាស់ប្តូរជាច្រើនក្នុង​ប្រទេសរបស់ពួកគេ។ ការចូលរួមក្នុងសកម្មភាព​នយោបាយនេះបណ្តាលមកពី ប្រជាជនចង់បានមេដឹកនាំល្អ មានការឈឺចាប់ ការមិនពេញចិត្ត​ពីសំណាក់អំណាចនយោបាយណាមួយ និង ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ប៉ុន្តែក៏មាន​ប្រជាជនមួយចំនួនស្អប់ខ្ពើម មិនចង់ចូលរួមក្នុងសកម្មភាពនយោបាយផងដែរ ដោយសារពួក គេ គ្មានចំណេះដឹង គ្មានសេចក្តីក្លាហាន គ្មានពុទ្ធិនយោបាយ គ្មានមូលដ្ឋានគាំទ្រច្បាស់លាស់ និង ជាពិសេសធ្លាប់ជាជនរងគ្រោះនយោបាយ។ ជាឧទាហរណ៍ ពួកគេអាចឆ្លងកាត់សង្គ្រាមនិងវាលពិឃាតដែលនាំអោយបាក់ស្មារតីឬមានជំងឺបាក់ស្បាតភីធីអេសឌី(PTSD)ជាដើម។
 • ៦-តើប្រព័ន្ធនយោបាយសម្រាប់គ្រប់គ្រងសង្គមសំខាន់ៗមានអ្វីខ្លះ?
  • -ប្រព័ន្ធនយោបាយសម្រាប់គ្រប់គ្រងសង្គមសំខាន់ៗមាន ៤ :
   • -ប្រព័ន្ធសេដ្ឋកិច្ច : ផ្នែកផ្គត់ផ្គង់វត្ថុប្រើប្រាស់ដែលជាតម្រូវការរបស់ប្រជាជន ពោលគឺដឹកនាំនយោបាយសេដ្ឋកិច្ច។
   • -ប្រព័ន្ធនយោបាយ : ការផ្តល់ឯករាជ្យភាពដល់មន្ត្រីជំនាញជាតិ ដែលខុសពីមន្ត្រីជ្រើសរើសដោយគណបក្សនយោបាយ។ ការគោរពខ្ជាប់ខ្ជួនដល់ការបំពេញការងារដោយឯករាជ្យរបស់មន្ត្រីរាជការស៊ីវិលនិងកងកំលាំងប្រដាប់អាវុធ។ ការដាក់ចេញនូវគោលនយោបាយមួយ ឬ ក៏សំណូមពរដែល​មានហេតុផលពិតប្រាកដ និង ជំរុញឱ្យការដឹកនាំមានភាពរលូន ជំរុញឱ្យពលរដ្ឋគោរព​នូវ​កាតព្វកិច្ច ដើម្បីសម្រេចទិសដៅនយោបាយរបស់រដ្ឋ។
   • -ប្រព័ន្ធសង្គម : គ្រប់គ្រងសង្គមតាមក្រិតច្បាប់ ទ្រឹស្តី វិន័យ វត្ថុមានតម្លៃជាច្រើន​ដែលជាកត្តាជំរុញយ៉ាងសំខាន់ ធ្វើឱ្យសង្គមមានភាពធ្លុងមួយ មានសណ្តាប់ធ្នាប់ និង ដោះស្រាយនូវផលវិបាកផ្សេងៗរបស់សង្គម។
   • -ប្រព័ន្ធសាសនា : ការប្រមូលផ្តុំមនុស្សក្នុងសង្គមភ្ជាប់ទំនាក់ទំនង និង រក្សា​នូវ​ចំណងសាមគ្គីភាពរវាងគ្នាខាងសាខាទាំងអស់ ក្នុងគោលបំណងអប់រំ​ទាំងចរិយាធម៍ សីលធម៌ និងទំនួលខុសត្រូវ ដល់សង្គមទាំងមូល។
 • ៧-តើមុខងារសំខាន់ៗរបស់មេដឹកនាំនយោបាយមានអ្វីខ្លះ?
  • -មុខងារសំខាន់ៗរបស់មេដឹកនាំនយោបាយមានដូចជា :          
   • មុខងារលើកស្ទួយសិទ្ធិមនុស្ស ផ្តល់ភាពថ្លៃថ្នូដល់មនុស្សមិនរើសមុខ មិនប្រកាន់បក្សពួក និងពង្រឹងនីតិរដ្ឋ ប្រព័ន្ធយុត្តិធម៍ សមភាពសង្គម តម្លាភាព សច្ចភាព សុចរិតភាព អោយខាងតែបានដោយយកខ្លួនឯងជាតួឧបមា។
   • -មុខងារបង្រួបបង្រួម : ក្នុងតួនាទីជាមេដឹកនាំ ត្រូវតែយល់ព្រមក្នុងការ​បង្រួបបង្រួមរវាងក្រុមមនុស្ស ដែលមានតម្រូវការផ្សេងៗគ្នា ឲ្យស្ថិតទៅលើឧត្ដម​គតិ និង តម្រូវការតែមួយ។
   • -មុខងារវិភាគនយោបាយ : ជួយធ្វើវិភាគ និង វាយតម្លៃទៅលើ​ស្ថានភាពនយោបាយទុកជាមុន។ ជួយប្រមើលមើលឲ្យឃើញពីមូលហេតុដែល​នាំ​ឲ្យ​កើតមាននូវវិបត្តិនយោបាយ និង ជំងឺសង្គម។
   • -មុខងារជួយតម្រង់ទិសដៅ : ជ្រើសរើស និង កំណត់ទិសដៅនយោបាយមួយ​ច្បាស់លាស់ ឈានទៅសម្រេចគោលដៅ ដែលជាអត្ថប្រយោជន៍រួមរបស់មហា​ជន។ មុខងារនេះទទួលខុសត្រូវ ដោះស្រាយរាល់បញ្ហាសង្គមទាំងអស់។
   • -មុខងារប្រមូលផ្តុំឆន្ទៈស្មារតីប្រជាជន : ធ្វើឲ្យពលរដ្ឋមានការត្រេក​ត្រអាលមានការ ចូលចិត្តចំពោះមេដឹកនាំ ចំពោះទេពកោសល្យរបស់គាត់ដែលខំ​ប្រឹងប្រែងធ្វើឲ្យវិស័យសេដ្ឋកិច្ចមាន សន្ទុះទៅមុខ និង នយោបាយមានស្ថិរភាព។
   • -មុខងារអភិបាលកិច្ច :​ ធានារ៉ាប់រងនូវសំណើយុត្តិធម៌អំពើស្របច្បាប់ និង សណ្ដាប់ធ្នាប់ ហើយការពារ​ពលរដ្ឋពីរបៀបគ្រប់គ្រងការិយាល័យនិយម អំពើមិនស្របច្បាប់ ល្មើសច្បាប់ និង​សេរីភាព របស់ពលរដ្ឋ។
   • មុខងារនិរន្តរកម្ម និង បង្កើតយន្តការរវាងអ្នកដឹកនាំ និង មហាជន : ធ្វើឱ្យ​ប្រជាជន​មានទំនុក​ចិត្តលើរដ្ឋាភិបាល ការពារយុត្តិធម៌ មិនឱ្យកើតមានអំពើពុករលួយ និង មិនឱ្យ​ប្រជាជន​​ស្អប់ខ្ពើមរដ្ឋអំណាច។
   • មុខងារផ្តើមគំនិតលើកស្ទួយស្មារតី : ត្រូវការពារប្រពៃ​ណីរបស់ប្រជាជន ផ្គត់ផ្គង់នូវការ​វិវឌ្ឍន៍​របស់សង្គម ឱ្យមហា​ជនមានជំនឿទៅលើតម្លៃសង្គម និង ធ្វើឱ្យ​មហាជនមានជំនឿជាក់​លើការ​ដឹកនាំរបស់ខ្លួន។
 • ៨-តើធម្មជាតិនៃអំណាចមានន័យដូចម្តេចខ្លះ?
  • -​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធម្មជាតិនៃអំណាចមានឥទ្ធិពលទូទៅលើសង្គមមនុស្ស ពិសេសគឺការធ្វើឱ្យនយោបាយមាន​ភាពសុក្រិត។ បើគ្មានអំណាចទេនោះ ក្នុងសង្គមពោរពេញទៅដោយភាពអនាធិបតេយ្យ​គ្មានសណ្តាប់ធ្នាប់ តែការប្រើអំណាចមិនត្រឹមត្រូវគឺជាការរំលោភអំណាច(abuse of power)។ គោលបំណងសំខាន់របស់អំណាច ជាពិសេសអំណាចនយោបាយ គឺការ​សម្របសម្រួលមុខងារដឹកនាំសង្គម និង​ មុខងារដឹកនាំប្រទេសទាំងមូល។
 • ៩-តើអំណាចស្របច្បាប់(legitimacy)មានន័យដូចម្តេច?
  • -អំណាចស្របច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានន័យថា ជាការបង្កើតអំណាចឡើងដោយមានការទទួលស្គាល់ពី​ប្រជាពលរដ្ឋទូទៅនិងសហគមអន្តរជាតិតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ។
 • ១០-ចូរពន្យល់អំពីទំនាក់ទំនងរវាងនយោបាយ និង សាសនា?
  • -សាសនា គឺជាផ្នែកមួយនៃវប្បធម៌និងជំនឿរបស់មនុស្ស ដែលរស់នៅលើពិភពលោក ហេតុដូច្នេះហើយ​ការប្រឹងប្រែងដើម្បីប្រឆាំងនឹងសាសនា ទីបំផុងតែងតែជួបប្រទះនឹងការរំលំរលាយ។ នៅ​ក្នុង​អតីតកាល នៅក្នុងប្រទេសសង្គមនិយម​មានគំនិតមួយ​គ្របសង្កត់​ពីលើសាសនា ហើយយល់ថា​សាសនាគឺជាគ្រឿងញៀនសង្គម។ ដូចជាលទ្ធិម៉ាក្សអញ្ចឹង គឺតែងតែ​ប្រឆាំង​នឹងសាសនា។ នៅក្នុងទំនាក់ទំនងនេះ បានធ្វើឱ្យ​ទំនាក់ទំនងរវាងសាសនា និង នយោបាយ​មិនស្ថិតស្ថេរទេ។ សាសនាជាមូលដ្ឋានបង្កើតឱ្យមានជំនឿផ្លូវចិត្តឬចិត្តវិញ្ញាណមនុស្សនៅក្នុងសង្គម បើគ្មានសីលធម៌​នេះ​ រដ្ឋមិនអាចស្ថិតស្ថេរ និង បំពេញនាទីរបស់ខ្លួន ត្រង់នេះហើយដែលបង្ខំឱ្យរដ្ឋវាយតម្លៃខ្ពស់​ចំពោះ​តួនាទីសាសនា។
 • ១១-តើស្ថេរភាពនយោបាយមានន័យដូចម្តេច?
  • -ស្ថេរភាពនយោបាយមានន័យថា រដ្ឋដែលមាននីតិប្រតិបត្តិមានមូលដ្ឋានរឹងមាន មានប្រសិទ្ធិ​ភាពក្នុងការងារ និង យកច្បាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រង មិនយកច្បាប់ជាលេសដើម្បីគាបសង្កត់អ្នកជំទាស់ខ្លួន ហើយមិនចាត់ទុកជនរួមជាតិខ្លួនឯងជាសត្រូវដាច់ខាត។ នយោបាយស្ថេរភាព គឺនៅពេលគ្រប់មែកធាង​ទាំងអស់​របស់រដ្ឋអំណាច​ធ្វើការធម្មតា និង ផ្តល់ឱ្យសង្គមនូវច្បាប់ប្រជាធិបតេយ្យ សណ្តាប់​ធ្នាប់​និង​ សេចក្តីយល់ព្រមក៏ដូចជាចូលរួមពេញលេញពីពលរដ្ឋ។
 • ១២-ចូរពន្យល់ស្ថាប័ន​នយោបាយជាឧបករណ៌នៃស្ថេរភាពនយោបាយ?
  • -ស្ថាប័ននយោបាយជាឧបករណ៌នៃស្ថេរភាពនយោបាយ នេះបានន័យថា ស្ថាប័ននយោបាយ​ទាំងអស់ត្រូវតែបង្រួបបង្រួមគ្នាដោយឈរលើប្រព័ន្ធតុលការមានសុឆន្ទៈ ឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។ កាលណាស្ថាប័នជាតិនិងរចនាសម្ព័ន្ធនៃការគ្រប់គ្រងមានប្រសិទ្ធិភាព និងមានភាពរលូន ការគ្រប់គ្រងមានភាពហ្មត់ចត់​ កត្តាទាំងនេះញុំាងឱ្យប្រព័ន្ធនយោបាយ​កាន់តែ​មានស្ថេរភាព។ ទន្ទឹមនឹងនេះដែរ ប្រសិនបើ​ការ​គ្រប់គ្រង​ប្រកបទៅ​ដោយលក្ខណៈស្មុគស្មាញ ​ហើយអវត្តមាននូវធាតុពីរក្នុងចំណោមធាតុ ប្រសិទ្ធិភាព និង ភាពស្របច្បាប់(legitimacy)នោះ ពេលនោះហើយ​ប្រព័ន្ធនយោបាយ​គ្មានស្ថេរភាពដែរ។
 • ១៤-តើគោលការណ៌សំខាន់ៗនៃនីតិរដ្ឋមានអ្វីខ្លះ?
  • -គោលការណ៌សំខាន់ៗនៃនីតិរដ្ឋមាន ៦ :
   • -​ឧត្តមភាពនៃច្បាប់ក្នុងសង្គម
   • -សមភាពចំពោះមុខច្បាប់
   • -សិទ្ធិ និង សេរីភាព គឺជាអត្ថិភាព
   • -រដ្ឋ និងពលរដ្ឋមនីមួយៗត្រូវមានការទទួលខុសត្រូវទៅវិញទៅមក
   • -ឯករាជ្យនៃអំណាចតុលាការ(independence of justice system)
   • -អំណាចស្របច្បាប់(legitimacy)
   • -ការបែងចែងអំណាច(check and balance)
   • -ភាពត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃរាល់ទង្វើរបស់រដ្ឋ​ និង អង្គការរដ្ឋ។
 • ១៥-តើប្រភេទនៃសង្គមស៊ីវិលមានអ្វីខ្លះ?
  • ប្រភេទនៃសង្គមស៊ីវិលមាន ៣ប្រភេទធំៗ គឺ អង្គការ សមាគម និង ក្រុម។ បើទោះបីជា​ប្រភេទ​នៃសង្គមស៊ីវិលត្រូវបានបែកចេញជា ៣ប្រភេទក៏ដោយ​ ប៉ុន្តែវាដើរតួដូចៗគ្នាទាំងអស់ក្នុងការ​ការការពារសុវត្ថិភាព ការតស៊ូមតិ ការការពារសិទ្ថិមនុស្ស ការការពារជនទន់ខ្សោយ ការការពារបរិដ្ឋាន ការពារប្រយោជន៌ជាតិដល់ជីវិតសាមញ្ញ ឬដល់កិច្ចការទាំងឡាយ​របស់ពលរដ្ឋដោយមិនមែនជាកិច្ចការរបស់កងទ័ព ឬ បុព្វជិតសាសនា។
 • ១៦-ចូរនិយាយពីមុខងារសង្គមស៊ីវិលនៅកម្ពុជាមានលក្ខណៈដូចម្តេច?
  • មុខងារសង្គមស៊ីវិលនៅកម្ពុជាមានលក្ខណៈដូចតទៅ :​
   • តួនាទីអប់រំ : ការអប់រំដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនា កែប្រែបេះដូងមនុស្សជាតិឱ្យ​ក្លាយពីភាពឃោរឃៅព្រៃផ្សៃដូចសត្វធាតុមកជាបេះដូងដ៏មានតម្លៃ ដែលមានសមានចិត្ត មេត្តាធម៍ មិនរើសអើង គោរពគ្នាទៅវិញទៅមក ស្អប់ខ្ពើមការប្រើហឹង្សាគ្រប់បែបយ៉ាង និង ការចូលរួមសកម្មក្នុងកិច្ចការសង្គម។​
   • តួនាទីជាដៃគូរបស់រដ្ឋាភិបាល : ទោះបីជាកិច្ចការដឹកនាំជាកិច្ចការរបស់រដ្ឋមែន ប៉ុន្តែ​​ការងារនេះទាមទារឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋផងដែរ។ សង្គមស៊ីវិលក្លាយជាដៃគូ​របស់រដ្ឋាភិបាលតាមរយៈបំពេញមុខងារឃ្លាំមើល និង​ មុខងារអភិវឌ្ឍន៌។ សង្គមស៊ីវិលជាអ្នក​ពិនិត្យតាមដាន​ និង ឃ្លាំមើលរាល់ទង្វើរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៌គោលនយោបាយ​របស់​ខ្លួន តាមការធ្វើដូច្នេះ អាចធ្វើឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការបំពេញមុខងារ​របស់​ខ្លួន​មិនបក្សពួកនិយម និង​ ការរំលោភអំណាច។
   • តួនាទីពង្រឹងនិងពង្រីកកំលាំងប្រជាជនតាមគោលការណ៍កិច្ចសន្យាសង្គមដែលរដ្ឋត្រូវទទួលស្គាល់អំណាចរាស្ត្រតាមរយៈសង្គមស៊ីវិល។
 • ១៧-ចូរពន្យល់ពីលក្ខណៈប្រជាធិបតេយ្យ​មានអ្វីខ្លះ?
  • -ដើម្បីយល់ឲ្យច្បាស់នូវអ្វី​ទៅហៅថា ប្រជាធិបតេយ្យ គប្បីចាំបាច់ញែកពាក្យប្រជាធិបតេយ្យ ជាពីរផ្នែក គឺ​ប្រជា និង អធិបតេយ្យ។ ប្រជា គឺប្រជាជន ចំណែកឯអធិបតេយ្យ គឺភាពជាធំ ឬអំណាច។ ប្រជាធិបតេយ្យមានន័យថា ប្រជាជនមានភាពជាធំ ឬ អំណាចប្រជា​ជន។ រីឯការ​រៀបចំអំណាចគ្រប់គ្រងតាមលក្ខណៈប្រជាធិបតេយ្យវិញនោះគឺថា គេត្រូវទទួលស្គាល់​មតិភាគ​តិច​តាមលក្ខណៈច្បាប់ និង ស្ថាប័នប្រជាធិបតេយ្យ​ការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។ ​ក្នុង​ការរៀបចំអំណាចគ្រប់គ្រងនេះ មិនប្រាកដថាមតិភាគតិចចាញ់មតិភាគច្រើននោះទេ ប៉ុន្តែ​រដ្ឋ​ត្រូវថ្លឹងថ្លែងមតិទាំងសងខាងនេះតាមលក្ខណៈច្បាប់ឱ្យបានត្រឹមត្រូវ។ ចំពោះសង្គម​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ គេឱ្យតម្លៃទៅលើប្រជាពលរដ្ឋ។ សកម្មភាពជាច្រើននៃសង្គម​ប្រជាធិបតេយ្យនេះ ពលរដ្ឋភាគច្រើនស្វែងរកលទ្ធភាពនៃសេរីភាព និង ​​ស្វ័យ​គ្រប់គ្រងតាមបែបវិមជ្ឈការ ដោយគ្មានការគាបសង្កត់ពីរដ្ឋ។
 • ១៨-ចូរពន្យល់ពីប្រព័ន្ធ​បោះឆ្នោតសំខាន់ៗមានអ្វីខ្លះ?
  • ប្រព័ន្ធឯកត្តនាម : ជាប្រព័ន្ធដែលអ្នកឈ្នះនៅក្នុងការបោះឆ្នោត គឺជាបេក្ខជន​ដែល​ទទួលសម្លេងបានច្រើនជាងគេ។
  • ប្រព័ន្ធសមាមាត្រ :ប្រព័ន្ធនេះច្រើនប្រើនៅក្នុងការបោះឆ្នោតក្នុងតំបន់ ដែលមានចំនួន​ប្រជាជនច្រើន និង ជ័យជំនះត្រូវបានទទួលនោះ មិនមែនបេក្ខជនតែម្នាក់នោះទេ ហើយ​ជាតំណាងមកពីគណបក្សផ្សេងៗគ្នា។
  • ប្រព័ន្ធចំរុះ :​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងប្រព័ន្ធនេះគេបោះឆ្នោតជ្រើសរើសយកកម្មវិធី ដើម្បីកាតព្វកិច្ចរួម​ចំពោះ​មុខប្រជាជន បំពេញនូវកាងារគ្រប់គ្រង មិនត្រឹមតែពីសំណាក់អ្នកចូលរួម​បោះឆ្នោតទេ ប៉ុន្តែពីសំណាក់ស្ថាប័នដឹកនាំផងដែរ។
 • ១៩-ចូរពន្យល់ពីរបបនយោបាយសំខាន់ៗមានអ្វីខ្លះ?
  • -នយោបាយសំខាន់ៗមាន៣ គឺ :
   • -របបកុម្មុយនិស្តផ្តាច់ការ : ជារបបដែលប្រជាជនគ្មានអំណាចអ្វីទាំងអស់ ហើយអ្នក​ដឹកនាំត្រួតពិនិត្យ​ទាំងស្រុងលើប្រជាជន តាំងពីការងាររហូតដល់ការរស់នៅ និង និន្នាការផ្សេង ពោលគឺត្រួតពិនិត្យ​គ្រប់សកម្មភាពបុគ្គលផ្ទាល់។
   • -របបអាជ្ញាព្រឹត្តិ : ជារបបនយោបាយមួយបែប ដែលអំណាចនយោបាយ​ក្តាប់​យ៉ាងណែនក្នុងដៃមេដឹកនាំតែម្នាក់គត់ ហើយពុំមានស្ថាប័នណាមួយមានអំណាចខ្ពស់​ជាងមេដឹកនាំឡើយ។
   • -របបប្រជាធិបតេយ្យ : ជារបបដែលទទួលស្គាល់ថា​ គ្រប់បុគ្គល ទាំងអស់ស្មើគ្នា ដោយមិន​គិតពីសាសនា ជាតិសាសន៌ ភេទ ឬ ស្ថានភាពសង្គមឡើយ និង គ្រប់គ្នា​មាន​សមភាពចំពោះមុខច្បាប់ មានសេរីភាពក្នុងការនិយាយស្តី សារ ព័ត៌មាន និង សេរីភាព​ក្នុងជំនឿសាសនា។
Comments are Closed