សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភាចោទសួរប្រតិភូកម្ពុជា

Posted by: | Posted on: October 20, 2017

សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភាចោទសួរប្រតិភូកម្ពុជា។ (បកប្រែក្រៅផ្លូវការដោយលោកម៉ែន គឹមសេង)

ប្រធានសភា៖ សំណួរទីមួយតើមានការធ្វើវិសោធនកម្មច្បាប់ស្តីពីនយោបាយក្នុងប្រទេសរបស់លោកឬទេ? ហើយជាលទ្ធផលពីការធ្វើវិសោធនកម្មនេះគឺគណបក្សនយោបាយប្រឆាំងតែមួយគត់នៅប្រទេសកម្ពុជានឹងត្រូវរំលាយ? សូមឆ្លើយថាមានឬមិនមាន?

ប្រតិភូកម្ពុជា៖ រហូតមកទល់នឹងពេលនេះក្រុមយើងខ្ញុំដែលកំពុងស្ថិតនៅទីនេះមិនទាន់ទទួលបាន លទ្ធផលណាមួយពីការធ្វើវិសោធនកម្មនៅក្នុងប្រទេសកម្ពុជាទេ។ នេះគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។

ប្រធានសភា៖ ចុះបើមានការធ្វើវិសោធនកម្មដូចហ្នឹងមែនតើលោកគាំទ្រទេ?

ប្រតិភូកម្ពុជា៖ ខ្ញុំសូមមិនប៉ាន់ស្មានទេពីព្រោះខ្ញុំមិនទាន់បានឃើញវិសោធនកម្មនោះនៅឡើយទេ។

ប្រធានសភា៖ បាទយល់ព្រមប៉ុន្តែសូមចាំឱ្យច្បាស់ណាប្រទេសកម្ពុជាគឺយើងចង់គាំទ្រអស់លោក។ យើងចង់គាំទ្រសភាដែលមានមូលដ្ឋានគ្រឹះប៉ុន្តែប្រសិនបើកម្ពុជានឹងបង្កើតច្បាប់ដែលនឹងរំលាយគណបក្សប្រឆាំងតែមួយគត់ហើយមិនត្រឹមតែប៉ុណ្ណេះទេគឺឥឡូវនេះមានអាសនៈចំនួន៥៥ដែលជារបស់គណបក្សប្រឆាំងនៅកម្ពុជាហើយកម្ពុជាស្នើឱ្យមានច្បាប់នេះដើម្បីបែងចែកអាសនៈទាំង៥៥ទៅឱ្យគណបក្សដែលមិនមានវត្តមាន(នៅក្នុងសភាផង)។ ហើយមុននឹងបន្តិចអស់លោកដែលមកពីប្រទេសកម្ពុជាបាននិយាយថារដ្ឋធម្មនុញ្ញកម្ពុជានិយាយពីប្រជាធិបតេយ្យសេរីនិយមនិងពហុបក្ស។ តើអស់លោកគិតថាទង្វើដូចនេះបើកើតមានឡើងមែនតើវាជាប្រជាធិបតេយ្យសេរីនិយមនិងពហុបក្សទេ?

ប្រតិភូកម្ពុជា៖ ដូចដែលយើងបាននិយាយហើយលោកប្រធានគឺថាពួកយើងខ្ញុំនៅមិនទាន់ឃើញវិសោធនកម្មនោះនៅឡើយទេ។ ហើយដោយសារតែយើងខ្ញុំនៅក្នុងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិសម្រាប់សមាជិកសភាយើងនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកពីព្រោះលោកស្នើសុំទៅទស្សនកិច្ចប្រទេសកម្ពុជា។ ហើយយើងខ្ញុំនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក។ ដូចសហការីរបស់ខ្ញុំបាននិយាយហើយថាយើងមិនបានដេញអ្នកទាំងនោះចេញពីប្រទេសទេ។ ពួកគេចាកចេញដោយខ្លួនឯងហើយពួកគេអាចត្រឡប់មកវិញនៅពេលណាក៏បានដែរតាមតែពួកគេចង់។ នេះគឺជាការធានាជូន។

ប្រធានសភា៖ ខ្ញុំនឹងកត់ត្រាទុកសំណួរទាំងពីរដែលខ្ញុំបានសួរអស់លោកពីព្រោះខ្ញុំគិតថាវានឹងមានសារៈសំខាន់ដើម្បីសម្រេចអនាគតប្រទេសកម្ពុជាពីព្រោះបើសិនជាប្រទេសកម្ពុជាមានប្រព័ន្ធគ្រប់គ្រងដោយបក្សតែមួយហើយអស់លោកបំបាត់គណបក្សប្រឆាំងមែននោះសម្រាប់ខ្ញុំគឺមិនស្របគ្នានឹងស្មារតីនៃរដ្ឋធម្មនុញ្ញដែលអស់លោកទើបបាននិយាយទេ។ ដូច្នេះយើងនឹងកត់ត្រាទុកបញ្ហាទាំងនេះហើយក្នុងអំឡុងពេលប្រជុំនៃគណៈកម្មាធិការស្តីពីសិទ្ធិរបស់សមាជិកសភាយើងនឹងផ្តោតលើបញ្ហានេះក៏ដូចជាបញ្ហាដទៃទៀតដែលរង់ចាំការសម្រេច។ យើងក៏កត់ត្រាទុកនូវសម្តីដែលអស់លោកបាននិយាយ ៕

Courtesy: http://hrkhnews.com/?p=6855

Courtesy: http://hrkhnews.com/?p=6855

Comments are Closed