អ្នកគួរគិតដល់ពាក្យពេជ្ររបស់លោកម៉ាទិន នឹមម៉ូឡើដែលនិយាយថា៖ដំបូងពួកគេមករកអ្នកសង្គមនិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ-ពីព្រោះខ្ញុំមិនមែនជាអ្នកសង្គមនិយម។បន្ទាប់មកគេមករកសហជីបកម្មករ ហើយខ្ញុំមិននិយាយស្តីអ្វីទេ-ពីព្រោះខ្ញុំមិនមែនជាអ្នកសហជីបកម្មករ។បន្ទាប់មក គេមករកពួកយិវ ហើយខ្ញុំមិននិយាយស្តីអ្វីទេ-ពីព្រោះខ្ញុំមិនមែនជាយិវ។បន្ទាប់មកទៀត ពួកគេមករកខ្ញុំ – ហើយមិនមាននរណានៅសេសសល់និយាយស្តីអំពីខ្ញុំទេ។បើយកមកប្រើសំរាប់បរិបទកម្ពុជា៖ដំបូង ពួកគេមករកអ្នករាជានិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ –ពីព្រោះខ្ញុំមិនមែនជាអ្នករាជានិយម។បន្ទាប់មក ពួកគេមករកអ្នកការពារសិទ្ធិមនុស្ស ហើយខ្ញុំមិននិយាយស្តីអ្វីទេ-ពីព្រោះខ្ញុំមិនមែនជាអ្នកការពារសិទ្ធិមនុស្ស។បន្ទាប់មក ពួកគេមករកអ្នកសារពត៍មាន ហើយខ្ញុំមិននិយាយស្តីអ្វីទេ-ពីព្រោះខ្ញុំមិនមែនជាអ្នកសារពត៍មាន។បន្ទាប់មកទៀត ពួកគេបានមករកខ្ញុំ – ហើយមិនមាននរណាម្នាក់និយាយស្តីអំពីខ្ញុំទេ។
ក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកំពុងប្រើប្រាស់កណ្តាប់ដៃដែកឬភាពជាបុរសខ្លាំងរបស់លោករុញច្រានគូរប្រកួតនយោបាយអោយដួលរលំមុនថ្ងៃបោះឆ្នោតជាក់ស្តែងមកដល់នាពេលបច្ចុប្បន្នទោះប្រើប្រាស់យុទ្ធសាស្រ្តក្រៅច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ គឺអាចបណ្តាលមកពីលំហរនយោបាយដែលដៃគូររបស់គាត់ឬបុគ្គលពាក់ព័ន្ធបានបន្សល់ទុកអោយគាត់ធ្វើបាន។ យើងទាំងអស់គ្នាដឹងហើយថាពាក្យថាបុរសខ្លាំង strongman មានន័យថាអ្នកដែលអាចជំនៈគ្រប់បែបយ៉ាងអោយតែខ្លួនមានអារម្មណ៌កក់ក្តៅឬមានទំនុកចិត្តខ្លួនឯង ដែលអាកប្បកិរិយានយោបាយរបស់បុរសខ្លាំងគឺជាអាកប្បកិរិយាបែបផ្តាច់មុខនិងដាច់ខាតក្រៃលែង។ យើងទាំងអស់គ្នាយល់ដូចគ្នាហើយថាចាប់តាំងពីរដ្ឋប្រហារបង្ហូរឈាមឆ្នាំ២០០៧មក បុរសខ្លាំងមិនដែលធ្លាប់បានផ្លាស់ប្តុរអាកប្បកិរិយានយោបាយបែបបុរសខ្លាំងរបស់ខ្លួនម្តងណាឡើយ។
អង្គការសហប្រជាជាតិបានចំណាយធនធានរាប់កោដិដុល្លាដើម្បីកសាងប្រទេសកម្ពុជាអោយទៅជារដ្ឋទំនើបnation-stateមួយ ហើយរដ្ឋទំនើបនេះទោះបីមិនល្អប្រកបដោយចិរភាពក៏ដោយក៏បុរសខ្លាំងនៅតែរក្សាវាបានព្រោះខ្លួននៅជាក្បាលម៉ាសុីនដឹកនាំដដែល តែពេលនេះកំណើននៃយុវជនជំនាន់ក្រោយ ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ និងការបង្កើនល្បឿនប្រជាប្រីយ៍ភាពរបស់គណបក្សសង្គ្រោះជាតិ លោកបុរសខ្លាំងនឹងកំទេចចោលទំរង់រដ្ឋទំនើបនេះមួយចោលដើម្បីធ្វើអោយប្រាកដថាខ្លួនអាចរក្សាបាននូវភាពជាក្បាលម៉ាសុីនដឹកនាំដដែល។ សូមបញ្ជាក់ថារដ្ឋទំនើបមានលក្ខណៈជារដ្ឋាភិបាលមួយដែលយកច្បាប់រដ្ឋធម្មនុញ្ញជាកំពូល មានសង្គមសុីវិលដែលខ្លាំង មានគណបក្សជំទាស់ដែលវៃឆ្លាត និងសារពត៌មានឯករាជ្យដើម្បីជាកញ្ចក់ឆ្លុះអោយនីតិប្រតិបត្តិឬរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានជោគជ័យ។ ទិដ្ឋភាពដឹកនាំរបស់បុរសខ្លាំងបច្ចុប្បន្នក្នុងការគំរាមកំហែងដល់សង្គមសុីវិលនិងបិទវិទ្យុឯករាជ្យ ព្រមទាំងប្រើប្រាស់តុលាការកូនជីងនិងវិសោធនកម្មច្បាប់ផ្ទួលគណបក្សជំទាស់គឺមិនខុសពីការផ្លាស់ប្តុររដ្ឋទំនើបអោយទៅជារដ្ឋបុរាណតាមលក្ខណៈដឹកនាំជាស្តេចត្រាញ់នោះទេ។
ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន មានសេណារីយោមួយចំនួនគួរពិចារណាដូចតទៅ៖
១. គណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់ធំបំផុត ហើយមានប្រវត្តិតស៊ូអហឹង្សាមិនយកខ្មែរណាជាសត្រូវ ត្រូវពិចារណាថាការតស៊ូអហឹង្សាមិនមែនមានន័យថាយើងត្រូវទទួលយកការបៀតបៀនដោយអយុត្តិធម៍គ្រប់បែបយ៉ាងដោយមិនបានធ្វើអ្វីនោះទេ។ តើយើងគួរជ្រើសរើសអហឹង្សាបែបមហាត្មះគន្ធី បែបអង់សានស៊ូជី ឬបែបនេលសាន់ម៉ាន់ដេឡា? តើយើងគួរមានយុទ្ធសាស្ត្រតស៊ូមតិដោយរបៀបណា? ពេលនេះជាពេលដែលតំណាងរាស្ត្រទាំង៥៥រូប ព្រឹទ្ធសភាទាំង១១រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥០០០នាក់ ដែលអ្នកទាំងអស់នេះមានសំលេងគាំទ្រពីប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេស គួរវេញគ្នាជាធ្លុងមួយតស៊ូមតិទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិ។
២. ប្រជាពលរដ្ឋខ្មែរទូទាំងសកលលោក ដែលអ្នកទាំងអស់គ្នាគឺជាសង្គមសុីវិលត្រូវរួមគ្នាចុះហត្ថលេខាអោយបានមួយលាននាក់មុនថ្ងៃ២៣ ខែតុលា ឈានចូលមកដល់ ដើម្បីដាក់ជាញត្តិទៅកាន់អង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីទាំង១៨អោយពិនិត្យឡើងវិញនូវការអនុវត្តន៍ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះជាពិសេសការប្រើប្រាស់ច្បាប់និងតុលាការក្នុងការគំរាមកំហែងស្ថាប័នឯករាជ្យផ្សេងៗ និងកំចាត់គណបក្សជំទាស់ដែលខ្លាំងជាងគេ ព្រមទាំងអន្តរាគមន៍ថាតើរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬបុរសខ្លាំង បានអនុវត្តន៍តាមរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិបានត្រឹមត្រូវជាក់ស្តែងប៉ុណ្ណា?
៣. ក្នុងកាលៈទេសៈបច្ចុប្បន្នគឺសំខាន់ណាស់ព្រោះស្ថិតក្នុងរដូវកាលចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទាំងអសកលគឺព្រឹទ្ធសភា និងសកលគឺតំណាងរាស្ត្រ ជាពេលវេលាល្អមួយសំរាប់ប្រជាជាតិខ្មែរក្នុងការទាក់ទាញពិភពលោកជាពិសេសអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីទាំងអស់ អោយមកយកចិត្តទុកដាក់រឿងរបស់យើង។
សូមតាមដានអានបន្ត ថាតើយើងត្រូវធ្វើអ្វីខ្លះដែលមានប្រសិទ្ធិខ្ពស់បំផុត ដើម្បីបន្ថយកំដៅនយោបាយបច្ចុប្បន្ន?….




An opinion piece published by government mouthpiece Fresh News suggests, among other things, dissolving the Cambodia National Rescue Party and allocating its National Assembly seats to five minor parties, including Funcinpec, which plans to sue for the dissolution of CNRP.
