លិខិតចំហរ
លិខិតចំហរ ខ្ញុំព្រះករុណាអាត្មាភាព-យើងខ្ញុំក្នុងនាមសមាជិកស្ថាបនាក៏ដូចជាសមាជិកប្រតិបត្តិនិងសមាជិកទូទៅទាំងអតីតនិងបច្ចុប្បន្ននៃសមាគមខេមរនិស្សិតនៃសកលវិទ្យាល័យមហាចុឡាឡុងកនរាជាវិទ្យាល័យមានការសោកស្តាយដោយភាពមិនច្បាស់លាស់នៃការចាត់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខរបស់សមាគមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នៅវត្តស្រីសុដារាមក្នុងទីក្រុងបាងកក។ តាមលិខិតរបស់សមាគមខេមរនិស្សិតគឺសមាគមជាអ្នករៀបចំបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែទៅជារាជទូតកម្ពុជាប្រចាំទីក្រុងបាងកកចេញសំបុត្រថាខ្លួនជាអ្នករៀបចំឬម្ចាស់បុណ្យទៅវិញ។ នៅក្នុងវារៈលំអិតនៃវិធីបុណ្យ ក៏សង្កេតឃើញរដ្ឋមន្ត្រីក្រសួងការងារនិងមុខវិជ្ជាជីវៈរបស់កម្ពុជានឹងមកចូលរួមផងដែរ។ (សូមពិនិត្យមើលលិខិតភ្ជាប់មកជាមួយនេះស្រាប់) សូមបញ្ជាក់ថាសមាគមខេមរៈនិស្សិតនេះជាសមាគមក្រៅរដ្ឋាភិបាលចំណុះអោយសាកលវិទ្យាល័យ។ ស្ថាប័ននេះជាស្ថាប័នសមណៈនិស្សិតខ្មែរដែលជាបណ្ឌិតបញ្ញវន្តដែលបានបញ្ចប់ការសិក្សា កំពុងសិក្សា និងមានមកបន្តការសិក្សាខាងមុខ។ លក្ខន្តិកៈរបស់សមាគមគឺឈររឹងមាំលើការបំពេញតាមគោលបំណងរបស់ខ្លួនដើម្បីជំរុញភាពជោគជ័យនៃការសិក្សារៀនសូត្រ មានក្រមសីលធម៍ មានវិជ្ជាជីវៈ និងជាក្រុមបច្ចេកទេសសុទ្ធសាធ ហើយមិនពាក់ព័ន្ធក្នុងការបំរើបក្សនយោបាយណាមួយឡើយ។ ដើម្បីតំរង់ទិសរបស់យើងប្រកបដោយសតិសម្បជ្ជញ្ញៈនិងនិរន្តរភាពស្ថាប័ន ខ្ញុំព្រះករុណាអាត្មាភាព-យើងខ្ញុំ សូមថ្កោលទោសបុគ្គលឬក្រុមណាដែលយកសមាគមទៅពាក់ព័ន្ធបំរើបក្សនយោបាយ និងបក្សនយោបាយដែលឆ្លៀតយកអត្ថប្រយោជន៍ពីសមាគមទៅបំរើមហិច្ឆតានយោបាយរបស់ខ្លួនតាមទំនើងចិត្ត។ សូមបញ្ជាក់ថាក្រុមបច្ចេកទេស ពិតជាមានទំងន់និងតំលៃខ្ពស់ជាងក្រុមអ្នកនយោបាយនៅគ្រប់សម័យកាលទាំងអស់ក្នុងការអភិវឌ្ឍន៍សង្គម។ ថ្ងៃ១១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦១ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ Open Letter We are founding members as well as leadership members and general members, in the past and present, of the