ហេតុអ្វីបានជាខ្ញុំសម្រេចវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ?
០៧ កញ្ញា ២០១៩ / 07 September 2019 ទីក្រុងប៉ារីស ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៩ ហេតុអ្វីបានជាខ្ញុំសម្រេចវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ? ខ្ញុំបានស្គាល់ការនិរទេសខ្លួន យូរអង្វែងមកហើយ។ វាជាការឈឺចាប់មួយក្នុងជីវិតរបស់ខ្ញុំ តែវាគ្រាន់បើជាងការត្រូវគេលួចសម្លាប់ ឬការត្រូវគេចាប់ដាក់គុក ដែលជាវាសនាជៀសមិនផុត របស់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា មកដល់ពេលនេះ។ ខ្ញុំបានសម្រេចវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្ញុំវិញ ក្នុងឆ្នាំ ២០១៩ នេះ ទោះជាត្រូវប្រឈមដីកាផ្តន្ទាទោសយ៉ាងទម្ងន់ និងដីកាចាប់ខ្លួនជាច្រើន យ៉ាងណាក៏ដោយ។ ការតស៊ូរបស់ខ្ញុំរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្ត្រខ្មែរ ដោយប្រឆាំងរបបផ្តាច់ការមួយ ដឹកនាំដោយអតីតកម្មាភិបាលនិងទ័ពខ្មែរក្រហម បានធ្វើឲ្យខ្ញុំរងគ្រោះគ្រប់បែបយ៉ាង ដូចជាការប៉ុនប៉ងសម្លាប់រូបខ្ញុំច្រើនដងហើយ និងការធ្វើទុក្ខបុកម្នេញឥតល្ហែពីសំណាក់របបផ្តាច់ការនេះ ដែលប្រើតុលាការជាឧបករណ៍នយោបាយរបស់ខ្លួន។ តែខ្ញុំត្រូវវិលត្រឡប់ទៅប្រទេសខ្ញុំវិញ ដើម្បីថែរក្សា និងពង្រឹងអ្វីដែលខ្ញុំបានកសាងរួចមកហើយ ក្នុងនោះមានការបង្កើតសារព័ត៌មានប្រឆាំងមុនគេបង្អស់ ការបំផុសឲ្យមានបាតុកម្មមហាជនមុនគេបង្អស់ដើម្បីទាមទារសេរីភាពនិងយុត្តិធម៌សង្គម ការរៀបចំឲ្យមានកូដកម្មកម្មករមុនគេបង្អស់នៅតាមរោងចក្រនានា ការបង្កើតសហជីពសេរីមុនគេបង្អស់សម្រាប់កម្មករខ្មែរ និងការបង្កើតគណបក្សប្រឆាំងមុនគេបង្អស់ ដែលមានតំណាងរាស្ត្រ ក្នុងរដ្ឋសភា។ ថ្មីៗនេះ គណបក្សប្រឆាំងនេះ បានទទួលសម្លេងគាំទ្រ តំណាងឲ្យប្រជារាស្ត្រពាក់កណ្តាលនគរ ក្នុងការបោះឆ្នោតចុងក្រោយ